Covid-19 កំពុង​ព​ន្លឿ​ន​ដំណើរ​ការដាក់​ឱ្យប្រើ​ប្រាក់​អេឡិចត្រូនិក​នៅលើ​ពិភពលោក

ធនាគារកណ្ដាល​របស់​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក កាន់តែ​គិតគូរ​ដល់​ការ​ព​ន្លឿ​ន​ការអភិវឌ្ឍ​រូបិយប័ណ្ណ​ទម្រង់​ឌីជីថល ឬ​ហៅថា ប្រាក់​អេឡិចត្រូនិក ដើម្បី​ជំនួស​ក្រដាសប្រាក់​ធម្មតា​នាបច្ចុប្បន្ន។

ក្នុង​រដូវចូលឆ្នាំ​ចិន​កន្លងទៅ Covid-19 បានធ្វើឱ្យ​ជនជាតិ​ចិន ត្រូវ​រស់នៅក្នុង​ស្ថានភាព​តានតឹង ខណៈ​រដ្ឋាភិបាល​​ស្នើ​ឱ្យ​​ពល​រដ្ឋ​​កាត់​បន្ថយ​ការដើរ​ហើរ និង​ជួបជុំ ហើយ​ប្រការនេះ​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​នានា​របស់​ប្រទេស​នេះ។ ក៏ប៉ុន្តែ ពលរដ្ឋ​ចិន​នៅ​ទីក្រុង​ប៉េកាំង ប្រមាណ 50,000 នាក់ បានទទួល​​អាំង​ប៉ាវ​​ជា​ប្រាក់​​​អេឡិច​ត្រូនិក ចំនួន 200 យុន (ប្រហែល 31ដុល្លារ​អាមេរិក) ពី​រដ្ឋាភិបាល ដែល​ពួកគេ​អាច​ចាយវាយ​តាម​អន​ឡាញ ឬ​ចាយ​ផ្ទាល់។

នៅពេល Covid-19 កំពុង​ព​ន្លឿ​ន​ដំណើរការ​នៃ​ការអភិវឌ្ឍ​បច្ចេកវិទ្យា ធនាគារកណ្ដាល​របស់​ប្រទេស​ជាច្រើន​ក្នុង​ពិភពលោក ក៏​កាន់តែ​គិតគូរ​ដល់​កា​រព​ន្លឿ​ន​ការអភិវឌ្ឍ​រូបិយប័ណ្ណ​ទម្រង់​ឌីជីថល ឬ​ហៅថា ប្រាក់​អេឡិចត្រូនិក ដើម្បី​ជំនួស​ក្រដាសប្រាក់​ធម្មតា​នាបច្ចុប្បន្ន។

កាលពី​ខែតុលា ឆ្នាំ 2020 កម្ពុជា គឺជា​ប្រទេស​ដំបូង​គេ​នៅ​អាស៊ី ដែល​បាន​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ទូទាត់​ប្រាក់​ដូចខាងលើ។ ប្រទេស​ជាច្រើន​ផ្សេងទៀត ដូចជា ប្រទេស​ថៃ សិង្ហ​បុរី ឬ ជប៉ុន និង​កូរ៉េខាងត្បូង​ជាដើម ក៏​កំពុងតែ​គិតគូរ​ដល់​ការអភិវឌ្ឍ និង​សាកល្បង​ប្រើប្រាស់​ប្រព័ន្ធ​ប្រាក់​ឌីជីថល​នេះដែរ។

ការដែល​ប្រទេស​ចិន​បង្កើន​ការអភិវឌ្ឍ​ប្រាក់​យុន​អេឡិចត្រូនិក ទំនងជា​ជះឥទ្ធិពល​ខ្លាំងក្លា​ដល់​សេដ្ឋកិច្ចពិភពលោក នេះ​បើ​គិត​អំពី​មហិច្ឆតា​របស់​រដ្ឋាភិបាល​ចិន ក្នុង​ការធ្វើ​អន្តរ​ជាតូបនីយកម្ម​លើ​ប្រាក់​យុន​របស់ខ្លួន។

ការសាកល្បង​ប្រើប្រាស់​ប្រាក់​ទម្រង់​អេឡិចត្រូនិក​របស់​ទីក្រុង​ប៉េកាំង​កាលពី​រដូវចូលឆ្នាំ​ចិន​កន្លងទៅ បានបញ្ចប់​កាលពី​ថ្ងៃទី 17 កុម្ភៈ។ មុន​នោះ ក៏មាន​ការសាកល្បង​ដូចគ្នានេះ នៅ​តំបន់​មួយចំនួន​នៃ​ប្រទេស​ចិន​ផងដែរ។ ជា​សរុប ធនាគារជាតិ​របស់​ប្រទេស​ចិន បាន​ចែកចាយ​ប្រាក់​ជា​ទម្រង់​ឌីជីថល ជាង 100 លាន​យុន។ ក្រៅពីនេះ ក៏មាន​កម្មវិធី​ប្រើ​ប្រាស់​​ប្រាក់​​យុន​​អេឡិច​ត្រូនិក​​ជា​ច្រើន​​ផ្សេងទៀត កំពុង​ត្រូវបាន​គិតដល់ ក្នុងនោះ​មាន​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ទីក្រុង​ប៉េកាំង​ឆ្នាំ 2022 (Beijing Olympics 2022) ទៀតផង។

ប្រទេស​ចិន​គឺជា​ទឹកដី​ដែល​មានការ​ជឿនលឿន​ក្នុងការ​ប្រើប្រាស់​ប្រាក់​ឌីជីថល។ អ្នកប្រើប្រាស់​រាប់រយ​លាន​នាក់ កំពុងតែ​ប្រើ​សេវាកម្ម Alipay និង WeChat ដោយ​ការ​ស្កេ​ន​កូដ QR នៅលើ​អេក្រង់​ទូរស័ព្ទ​ឆ្លាត​វៃ ពោលគឺ​មិន​ប្រើប្រាស់​ក្រដាសប្រាក់ ឬ​កាក់​នោះទេ។ រីឯ​ប្រាក់​យុន​អេឡិចត្រូនិក ក៏​ដំណើរការ​ដូច​យន្តការ​នេះដែរ។

ប៉ុន្តែ ធនាគារ​ទូទាត់​អន្តរជាតិ (BIS/Bank for International Settlements) មិន​បានគិត​ដូច្នេះ​ទេ។ ប្រាក់​អេឡិចត្រូនិក​ដែល​ចេញ​ដោយ​ធនាគារកណ្ដាល ត្រូវបាន​ហៅ​កាត់​ថា CBDC (Central Bank Digital Currency)។ ការស្រាវជ្រាវ​របស់ BIS កាលពី​ខែមករា ឆ្នាំ 2021 បាន​បង្ហាញថា 86% ក្នុងចំណោម 65% នៃ​ធនាគារកណ្ដាល​របស់​ប​ណ្ដា​ប្រទេស​ក្នុង​​ពិភព​លោក​ កំពុង​ប្រើប្រាស់​យន្តការ​ដូច CBDC។ ធនាគារកណ្ដាល​ប្រហែល 60% បានឱ្យដឹងថា ពួកគេ​អាចដាក់​ឱ្យប្រើ​ប្រាស់ CBDC ក្រោយ​រយៈពេល 6 ឆ្នាំ​ទៀត។

ក្រុម​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​កំពុង​រីកចម្រើន និង​មាន​ប្រព័ន្ធ​ធនាគារ​នៅ​ទន់ខ្សោយ​នៅឡើយ ក៏មាន​គោលដៅ​ដោយឡែក​របស់ខ្លួន​ដើម្បី​តាម​ប្រមាញ់ CBDC ក្នុង​បំណង​ជួយ​ឱ្យ​សកម្មភាព​ទូទាត់​ប្រាក់ ដំណើរ​ប្រកបដោយ​ប្រសិទ្ធភាព​ជាង​មុន និង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​គោលនយោបាយ​រូបិយវត្ថុ​របស់​ពួកគេ។

កម្ពុជា គឺជា​ឧទាហរណ៍​ដ៏​សំខាន់​មួយ! កាលពី​ខែតុលា ឆ្នាំ 2020 កម្ពុជា​បានប្រកាស​ដាក់ឱ្យ​ប្រើ​ប្រព័ន្ធ​ទូទាត់​មួយ​ដែលមាន​ឈ្មោះថា «បាគង» (Bakong Payment Service) ដែល​ត្រូវបាន​អភិវឌ្ឍ​រួមជាមួយ​នឹង​ក្រុមហ៊ុន blockchain របស់​ជប៉ុន ដែលមាន​ឈ្មោះថា Soramitsu៕

ប្រភព៖ Nikkei

Advertisement