ក្លាយជា​សេដ្ឋី​ក្នុង​វ័យ 35ឆ្នាំ មិនមែនជា​រឿង​ងាយស្រួល​ឡើង! សេដ្ឋី​នេះ​​បាន​​ចែករំលែក​បទពិសោធ​ន៍​ដែល​រៀន​បាន​ពី​ម្ដាយ

សេដ្ឋី Drock មិន​ត្រូវ​បាន​គេ​បង្ហាញ​រូប​ថត​នោះ​ទេ​

សេដ្ឋី Drock បាន​និយាយថា ជោគជ័យ​របស់លោក ភាគច្រើន​កើតឡើង​ដោយសារ​ចំណេះដឹង​ដែល​គាត់​បាន​រៀនសូត្រ​ពី​ម្ដាយ​របស់គាត់។

សម្រាប់​មនុស្ស​ជាច្រើន​ក្នុង​ពិភពលោក ការដែល​រកបាន​ទ្រព្យ​រាប់លាន​ដុល្លារ​នៅក្នុង​វ័យ 35 ឆ្នាំ គឺ​ហាក់ដូចជា​រឿង​ដែល​មិន​ងាយស្រួល​សោះឡើយ។ ប៉ុន្តែ ប្រការនេះ​បានកើត​ឡើង​ចំពោះ​លោក Drock ដែលមាន​ទីលំនៅ​នៅក្នុង​ទីក្រុង​វ៉ា​ស៊ី​ង​តោន សហរដ្ឋអាមេរិក។ Drock បាន​ក្លាយជា​សេដ្ឋី ក្រោយ​រយៈពេល 12 ឆ្នាំ ដែល​បាន​ខិតខំ​ធ្វើការ និង​ទទួលបាន​ចំណេះដឹង​ច្រើន​ពី​ម្ដាយ។

ចែករំលែក​បទពិសោធ​ន៍​ជាមួយ​សារព័ត៌មាន Business Insider សេដ្ឋី Drock បាន​បង្ហើប​ឱ្យដឹង​អំពី​ប្រការ​ចំនួន 5 ដែល​គាត់​បាន​រៀនសូត្រ​ពី​ម្ដាយ និង​បាន​នាំឱ្យ​គាត់​ជោគជ័យ​ដូច​សព្វថ្ងៃ។

ខា​ក្រោម​នេះ​គឺជា​បទពិសោធន៍​ចំនួន 5 ប្រការ​ដែល Drock បាន​រៀន​ពី​ម្ដាយ​របស់គាត់៖

1-ប្រភព​ចំណូល​ត្រូវមាន​ច្រើន​ប្រភេទ

ពី​បុគ្គលិក​ធម្មតា​ម្នាក់ ម្ដាយ​របស់ Drock បាន​ប្ដូរ​ទៅរក​ស៊ី​ដោយ​ខ្លួនឯង។ អ្នកស្រី​ធ្វើ​កិច្ចការ​ជាច្រើន​ដើម្បី​រកប្រាក់ ហើយ​សូម្បីតែ​ការងារ​ពេលយប់ និង​ការងារ​ចុង​សប្ដាហ៍ ក៏​អ្នកស្រី​ធ្វើ​ដែរ គឺ​ធ្វើ​រហូតដល់​អ្នកស្រី​មាន​វ័យ 50ឆ្នាំ។

Drock និយាយថា ការធ្វើ​ពិពិធ​កម្ម​លើ​ប្រភេទ​នៃ​ប្រភព​ចំណូល​គឺជា​វិធី​ដ៏​សំខាន់​ដើម្បី​ជួយ​ឱ្យ​មនុស្ស​ម្នាក់​ក្លាយជា​អ្នកមាន។ បច្ចុប្បន្ន ការងារ​បន្ទាប់បន្សំរ​បស់ Drock ត្រូវបាន​កំណត់​តម្លៃ​ត្រឹម 40,000 ដុល្លារ។

2-វិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ

លោក Drock និង​ភរិយា ទិញ​បាន​អចលនទ្រព្យ​ចំនួន​ពីរ​សម្រាប់​ដាក់ឱ្យ​ជួល។ នេះ​គឺជា​យុទ្ធសាស្ត្រ​រកប្រាក់​ចំណូល​បែប​អកម្ម​ដែល​គាត់​រៀន​បាន​ពី​ម្ដាយ។

Drock បាន​ទិញ​អចលនទ្រព្យ​សម្រាប់​ដាក់ឱ្យ​ជួល​ដំបូង​កាលពី​ឆ្នាំ 2009។ ពេលនោះ គាត់​នៅតែ​ធ្វើការ​ឱ្យគេ និង​រក​បានតែ 30,000 ដុល្លារ​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ។

ពួកគេ​បាន​ទិញ​អចលនទ្រព្យ​ទី​ពីរ​កាលពី​ឆ្នាំ 2014 ក្នុងតម្លៃ 115,000 ដុល្លារ។ ពួកគេ​ចំណាយ​ប្រាក់ 10,000 ដុល្លារ​ដើម្បី​ជួសជុល រួច​ក៏​ដាក់​ជួល​ឱ្យគេ។ បច្ចុប្បន្ន ផ្ទះ​នេះ​ត្រូវបាន​កំណត់​តម្លៃ​ត្រឹម 170,000 ដុល្លារ​អាមេរិក។

3-រៀន​ជំនាញថ្មីៗ

ក្នុង​ជីវិត ម្ដាយ​របស់ Drock បាន​ផ្លាស់ប្ដូរ​ការងារ​មួយចំនួន។ អ្នកស្រី​តែងតែ​ស្វែងរក​រៀន​ជំនាញថ្មីៗដើម្បី​បម្រើ​ដល់​ការងារ​ថ្មី​របស់គាត់។

Drock ក៏​យកតម្រាប់​តាម​ម្ដាយ​របស់គាត់។ បើ​ទោះ​កំពុង​ជួសជុលផ្ទះ​ដើម្បី​ដាក់ឱ្យ​ជួល រៀប​គម្រោង​សម្រាប់ធ្វើ​អាជីវកម្ម​បន្ទាប់​សន្សំ ឬ​សរសេរ blog ប៉ុន្តែ Drock នៅតែ​ប្រឹងប្រែង​រៀន​ជំនាញ​ថ្មី និង​លើកកម្ពស់​ជំនាញ​បច្ចុប្បន្ន​របស់ខ្លួន។

4-វិនិយោគ​លើ​ទៅក្នុង​ទីផ្សារ​មូល​ប​ត្រ

ម្ដាយ និង​ឪពុក​របស់ Drock បានផ្ដល់​មូល​ប​ត្រ blue-chip មួយចំនួន​តូច​ដល់កូនៗរបស់​ពួកគេ តាំងតែ​ពីកូនៗនៅ​តូច ហើយ​ប្រាប់​ឱ្យកូនៗតាមដាន​តម្លៃ​របស់​វា​ទៅតាម​ពេលវេលា។

ជា​រៀងរាល់ឆ្នាំ ក្រៅពី​ខ្ទង់​ប្រាក់​សន្សំ​សម្រាប់​ពេល​ចូល​និ​វត្សរ៍ និង​ធនា​រ៉ាប់រង ប្ដី​ប្រពន្ធ Drock ក៏មាន​ខ្ទង់ចំណាយ​មួយទៀត​សម្រាប់​វិនិយោគ​ទៅលើ​ទី​ផ្សាយ​មូល​ប​ត្រ។

5- ភាពរឹងមាំ និង​ការតស៊ូ

វិថី​ទៅកាន់​ជោគជ័យ​របស់​ម្ដាយ Drock មិនមែនជា​រឿង​ធម្មតា​ឡើយ។ ម្ដាយ​របស់ Drock ធ្លាប់បាន​ទទួលជោគជ័យ​ក្នុង​មុខ​ជំនួញ ប៉ុន្តែ​ក៏បាន​បាត់បង់​ទាំងស្រុង​មិនតិច​ដងនោះ​ដែរ។

Drock និយាយថា៖ «ពិតណាស់ អ្នកណា​ក៏មាន​ថ្ងៃ​ជោគជ័យ និង​ថ្ងៃ​បរាជ័យ។ រៀង​រាល់ពេល​បរាជ័យ ម្ដាយ​របស់ខ្ញុំ​តែងតែ​ក្រោក​ឡើង ហើយ​បន្ត​ដើរទៅ​មុខ។ ភាពក្លាហាន និង​ភាពរឹងមាំ​របស់​ម្ដាយ​ខ្ញុំ គឺជា​ប្រការ​ដែល​ខ្ញុំ​តែងតែ​គោរព​កោតសរសើរ និង​ប្រឹងប្រែង​រៀនសូត្រ​ពី​គាត់»៕

ប្រភព៖ Business Insider

Advertisement