Top 10 អ្នកមាន​ជាងគេ​លើ​​ពិភព​លោក​​សម្រាប់​​ថ្ងៃ​ទី 19កុម្ភៈ! Elon Musk នាំមុខគេ​ជាថ្មី បន្ទាប់ពី​ត្រូវ Jeff Bezos ដណ្ដើមបាន​កាលពី​ថ្ងៃទី16

កំពូល​មហាសេដ្ឋី Elon Musk បាន​ត្រលប់មក​កាន់កាប់​តំណែង​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ក្រោយពី​ក្រុមហ៊ុន SpaceX បានបញ្ចប់​ការប្រមូល​ទុន​ថ្មី​មួយ ជាមួយនឹង​ការកំណត់​តម្លៃ​ឡើងដល់ 74 ពាន់​លាន​ដុល្លារ។

ដោយមាន​ទ្រព្យ​តម្លៃ 200 ពាន់​លាន​ដុល្លារ CEO របស់ Tesla លោក Elon Musk បាន​ក្លាយជា​អ្នកមាន​ជាងគេ​​បង្អស់​ក្នុង​ពិភពលោក​ជាថ្មី នៅលើ​តារាង​ចំណាត់ថ្នាក់​អ្នកមាន​របស់​សារព័ត៌មាន Bloomberg។

មុននេះ ក្រោយពី​បានបញ្ចប់​ការជួញដូរ​កាលពី​ថ្ងៃទី 16 កុម្ភៈ មូល​ប​ត្រ​របស់​ក្រុមហ៊ុន Tesla បាន​ធ្លាក់​ថ្លៃ បណ្ដាល​ឱ្យ Elon Musk ត្រូវ​បាត់បង់​តំណែង​អ្នកមាន​ជាងគេ​ទៅលើ​ដៃ CEO របស់ Amazon លោក Jeff Bezos។ បច្ចុប្បន្ន ស្ថាបនិក​របស់ Amazon មានទ្រព្យ​សរុប​ចំនួន 194 ពាន់​លាន​ដុល្លារ​អាមេរិក តិចជាង Elon Musk 6 ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន​អវកាស SpaceX របស់លោក Musk ទើបតែ​បានធ្វើ​ការប្រមូល​ទុន​ថ្មី​មួយ​ដែល​រកបាន 850 លាន​ដុល្លារ។ ក្រុមហ៊ុន​នេះ​កំពុងតែ​ត្រូវបាន​កំណត់​តម្លៃ​ត្រឹម 74 ពាន់​លាន​ដុល្លារ កើត 60% បើ​ធៀប​នឹង​ការប្រមូល​ទុន​កាលពី​ខែសីហា ឆ្នាំ 2020។ ដូច្នេះហើយ​ទើប​ទ្រព្យ​របស់លោក Musk កើនឡើង 11 ពាន់​លាន​ដុល្លារ​បន្ថែមទៀត៕

ប្រភព​៖ Bloomberg

Advertisement