ទើបតែ​ទិញ Bitcoin តម្លៃ 1.5ពាន់​លាន​ដុល្លារ ពេលនេះ ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​​​ Tesla ចំណេញ​រាប់ពាន់​លាន​ដុល្លារ​ទៅហើយ ប៉ុន្តែ…

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​របស់​មហាសេដ្ឋី Elon Musk រកបាន​ប្រាក់ចំណេញ 1 ពាន់​លាន​ដុល្លារ ដោយ​សារបាន​វិនិយោគ​ទៅលើ Bitcoin ក្នុង​គ្រា​ដែល​តម្លៃ​របស់​ប្រាក់​អេឡិចត្រូនិក​នេះ​កើនឡើង​ខ្ពស់​យ៉ាង​ឆាប់រហ័ស។

យោងតាម​ទំព័រ Business Insider អ្នកវិភាគ Dan Ives មកពី​ក្រុមហ៊ុន Wedbush Securities បានលើកឡើង​ដូចខាងលើ​នេះ កាលពី​ថ្ងៃទី 21 កុម្ភៈ។ លោក Dan ឱ្យដឹងថា៖ «ការ​គណនា​របស់​យើង​បង្ហាញថា Tesla មកដល់ពេលនេះ​បាន​ចំណេញ​ប្រហែល 1 ពាន់​លាន​ដុល្លារ​ក្នុង​ខែ​កន្លងទៅ ដោយសារ​វិនិយោគ​ទៅលើ Bitcoin ដែលជា​រូបិយវត្ថុ​អេឡិចត្រូនិក​កំពុង​ឡើងថ្លៃ​ខ្ពស់បំផុត និង​មានតម្លៃ​មូលធន​ទីផ្សារ 1 លាន​លាន (1,000,000,000,000)ដុល្លារ​អាមេរិក»

លោក Dan ព្យាករ​ថា នាពេលខាងមុខ Tesla នឹង​រកបាន​ប្រាក់​ពី Bitcoin ច្រើនជាង​ពី​រថយន្ត​អគ្គិសនី​របស់ខ្លួន​ទៅទៀត។

ដើមខែ​នេះ Tesla បានប្រកាសថា បាន​វិនិយោគ 1.5 ពាន់​លាន​ដុល្លារ​ទៅលើ Bitcoin ហើយ​ថា នឹង​អនុញ្ញាតឱ្យ​អតិថិជន​របស់ខ្លួន ប្រើប្រាស់​ប្រាក់ Bitcoin ដើម្បី​ទូទាត់​ទំនិញ​របស់ Tesla ផងដែរ។ ក្រោយ​ការប្រកាស​ខាងលើ Bitcoin បាន​ឡើងថ្លៃ​ជិត 72% ខណៈ​តម្លៃ​មូលធន​ទីផ្សារ​ក៏បាន​កើន​ដល់ 1 លាន​លាន​ដុល្លារ​អាមេរិក។

Tesla បាន​ទិញ Bitcoin តាំងពី​ខែមករា ក្នុង​គ្រា​ដែល​តម្លៃ​របស់​រូបិយវត្ថុ​អេឡិចត្រូនិក​នេះ ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់​ពី 30,000 ដល់ 40,000 ដុល្លារ/bitcoin

ពាណិជ្ជសញ្ញា​នៃ​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ Tesla (ឆ្វេង) និង​ Bitcoin

ក្រុមហ៊ុន Tesla មិនបាន​បង្ហើប​ឱ្យដឹង​ច្បាស់​អំពី​ពេលវេលា និង​តម្លៃ Bitcoin ដែល​ខ្លួន​បាន​ទិញ​កន្លងមកនេះ​ទេ ហើយ​គេ​ក៏​មិនទាន់​ដឹងថា Tesla បាន​លក់ Bitcoin ខ្លះ ឬ​យ៉ាងណា​នៅឡើយ។

អ្នកវិភាគ​ខាងលើ​និយាយថា មាន​ក្រុមហ៊ុន​សាធារណៈ​មិន​ដល់ 5% ដែល​នឹង​ដើរ​តាម​គន្លង​របស់ Tesla ដោយសារតែ​បញ្ហា​ផ្លូវច្បាប់​របស់​រូបិយវត្ថុ​នេះ​មិនទាន់មាន​ភាពច្បាស់លាស់។

លោក Jeffrey Halley អ្នកវិភាគ​ទីផ្សារ​ជាន់ខ្ពស់​ប្រចាំ​ក្រុមហ៊ុន Oanda Asia Pacific Pte យល់ថា ការ​ឡើងថ្លៃ​យ៉ាងគំហុក​របស់​ប្រាក់ Bitcoin គឺ​ដោយសារ​កត្តា​ជំរុញ​ពី​ក្រុម​អ្នកវិនិយោគ​រយៈពេល​ខ្លី​តែមួយគត់។

ចំណែក​ក្រុម​អ្នកជួញដូរ​ក៏មាន​ការព្រួយបារម្ភ​អំពី​លទ្ធភាព​ដែល​រដ្ឋាភិបាល​របស់លោក Biden នឹង​ព្យាយាម​កែ​សម្រួល​​វិស័យ​រូបិយវត្ថុ​អេឡិចត្រូនិក​នេះដែរ ដែល​នេះ​អាច​បង្ក​សម្ពាធ​ដល់​ផ្លូវចិត្ត​របស់​អ្នកវិនិយោគ។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​អាមេរិក Janet Yellen ថ្មីៗនេះ បាន​សម្ដែង​ការព្រួយបារម្ភ​ថា ប្រាក់​ឌីជីថល ឬ​ប្រាក់​អេឡិច​ត្រូនិក អាច​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គាំទ្រ​ដល់​សកម្មភាព​ល្មើសច្បាប់។ ដូច្នេះ រដ្ឋាភិបាល​អាមេរិក ត្រូវការ​ពិនិត្យ​រក​វិធី​ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ប្រាក់​ប្រភេទ​នេះ និង​ត្រូវ​ធានា​ឱ្យបាន​ប្រាកដថា សកម្មភាព​លាង​លុយ​នឹងមិន​កើតមាន​តាមរយៈ​រូបិយវត្ថុ​អេឡិចត្រូនិក៕

ប្រភព៖ Business Insider

Advertisement