«ជ្រុលដៃ» សរសេរថា «តម្លៃ Bitcoin កំពុង​ឡើង​ខ្ពស់​ពេក​ហើយ» លោក Musk ត្រូវ​ធ្លាក់​ពី​តំណែង «​អ្នក​​មាន​​​​ជាង​គេ​​ក្នុង​​ពិភព​លោក»

តម្លៃ​ទ្រព្យ​សរុប​របស់ CEO នៃ​ក្រុមហ៊ុន Tesla លោក Elon Musk បាន​ធ្លាក់​មក​នៅត្រឹម 183.4 ពាន់​លាន​ដុល្លារ ឈរ​លំដាប់​លេខ​ពីរ​ក្នុង​បញ្ជី​ចំណាត់ថ្នាក់​អ្នកមាន​ជាងគេ​ក្នុង​ពិភពលោក បន្ទាប់ពី​កំពូល​មហាសេដ្ឋី Jeff Bezos។

យោងតាម​សារព័ត៌មាន Bloomberg មហាសេដ្ឋី​អាមេរិក​ដើមកំណើត​អាហ្វ្រិក​ខាងត្បូង លោក Elon Musk លែង​នៅ​ជា​អ្នកមាន​ជាងគេ​បង្អស់​ក្នុង​ពិភពលោក​ទៀតហើយ នៅពេល​មូល​ប​ត្រ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla ធ្លាក់​ថ្លៃ 8.6% នៅក្នុង​ការជួញដូរ​កា​លពី​ម្សិលមិញ (22កុម្ភៈ 2021) ស្មើនឹង 15.2 ពាន់​លាន​ដុល្លារ​អាមេរិក។

Advertisement

មូល​ប​ត្រ​របស់ Tesla បាន​ធ្លាក់​ថ្លៃ​ខ្លាំង ក្រោយពី​លោក Musk បាន​បង្ហោះ​សារ​មួយ​នៅលើ Twitter ថា រូបិយវត្ថុ Bitcoin និង Ethereum ហាក់​កំពុង​ឡើងថ្លៃ​ជ្រុល។ ការបញ្ចេញមតិ​ដែល​ប្រកបដោយ «ភាព​រសើប» នេះ ត្រូវបាន​ធ្វើឡើង​ក្រោយពី Tesla បាន​ទិញ Bitcoin រហូតដល់ 1.5 ពាន់​លាន​ដុល្លារ និង​បាន​នាំឱ្យ​ក្រុម​អ្នកវិនិយោគ​មានការ​ព្រួយបារម្ភ។

ក្រោយ​ព្រឹត្តិការណ៍​ខាងលើ តម្លៃ​សរុប​នៃ​ទ្រព្យ​របស់​មហាសេដ្ឋី Elon Musk បាន​ធ្លាក់​ចុះមក​នៅត្រឹម 183.4 ពាន់​លាន​ដុល្លារ​អាមេរិក ឈរ​ពីក្រោយ CEO របស់ Amazon លោក Jeff Bezos ដែល​បច្ចុប្បន្ន​មានទ្រព្យ​សរុប 186.3 ពាន់​លាន​ដុល្លារ។

ការប្រែប្រួលនៃតម្លៃមូលបត្ររបស់ Tesla និងតម្លៃរបស់រូបិយវត្ថុអេឡិចត្រូនិក Bitcoin រាប់ចាប់ពីថ្ងៃទី 4 ខែមករា ឆ្នាំ 2021 (គិតជា %)

ក្នុង​មួយរយៈ​ពេល​ខ្លី​កន្លងទៅនេះ កំពូល​មហាសេដ្ឋី​បច្ចេកវិទ្យា​ទាំង​ពីររូប​ខាងលើ បាន​ប្ដូរ​តំណែង​អ្នកមាន​ជាងគេ​ក្នុង​​ពិភព​​​លោក​​ទៅ​ឱ្យ​​គ្នា​ជា​បន្តបន្ទាប់។ មហាសេដ្ឋី Elon Musk ធ្លាប់​ដណ្ដើមបាន​តំណែង​នេះ​ជា​លើក​ទី​ពីរ​ពី​លោក Jeff Bezos កាលពីដើម​ខែកុម្ភៈ ឆ្នាំ 2021 នៅពេល​គម្រោង SpaceX របស់លោក ប្រមូល​ទុន​បាន 850 លាន​ដុល្លារ ដែលនាំឱ្យ​ក្រុមហ៊ុន​នេះ ត្រូវបាន​កំណត់​តម្លៃ​ឡើងដល់ 74 ពាន់​លាន​ដុល្លារ​អាមេរិក។

អំពី Jeff Bezos វិញ លោក​ធ្លាប់បាន​គ្រង​តំណែង​ជា​អ្នកមាន​ជាងគេ​បំផុត​ក្នុង​ពិភពលោក​អស់​រយៈពេល 3 ឆ្នាំ​បន្តបន្ទាប់ នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​របស់ Bloomberg Billionaires Index មុនពេល​ត្រូវ Elon Musk ដណ្ដើមបាន​លើកដំបូង​កាលពី​ខែមករា 2021។

ទ្រព្យសម្បត្តិ​របស់លោក Elon Musk ឡើង​ចុះ​មិន​ប្រក្រតី ដោយសារតែ​តម្លៃ​របស់​ប្រាក់​អេឡិចត្រូនិក Bitcoin ប្រែប្រួល​មិន​ទៀង ព្រោះតែ​ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត Tesla របស់លោក​បាន​ទិញ​រូបិយវត្ថុ Bitcoin នេះ ចំនួន 1.5 ពាន់​លាន​ដុល្លារ៕

ប្រភព៖ Bloomberg

Advertisement