Bitcoin បង្កើតបាន​សេដ្ឋី​ដុល្លារ​ចំនួន 100,000នាក់ ក្នុង​រយៈពេល 3ខែ

តម្លៃ​របស់ Bitcoin បាន​កើនឡើង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅនេះ នាំឱ្យ​គណនី​ប្រាក់​អេឡិចត្រូនិក​តម្លៃ​ចាប់ពី​លាន​ដុល្លារ​ឡើងទៅ កើនឡើង​ខ្ពស់ជាង​មុន​ទៅដល់ 4 ដង ដោយ​ចំណាយពេល​តែ 3 ខែ​ប៉ុណ្ណោះ។

សារព័ត៌មាន CBS ដកស្រង់​ទិន្នន័យ​ពី​ទីភ្នាក់ងារ​ស្រាវជ្រាវ​ទីផ្សារ BitInfoCharts បានឱ្យដឹងថា ពិភពលោក​នាពេល​បច្ចុប្បន្ន មាន​គណនី Bitcoin ប្រមាណ 100,000 ដែលមាន​តម្លៃ​ចាប់ពី 1 លាន​ដុល្លារ​ឡើងទៅ ក្នុងនោះ​មាន​គណនី​ជាង 8,000 ដែលមាន​តម្លៃ​ចាប់ពី 10 លាន​ដុល្លារ។ តួលេខ​សេដ្ឋី​ជាង 100,000 នាក់​នេះ ច្រើនជាង​ឆ្ងាយ បើ​ធៀប​នឹង 25,000 នាក់ កាលពី 3 ខែ​មុន និង 15,000 នាក់ កាល​ពីមួយ​ឆ្នាំមុន។

តម្លៃ​របស់​រូបិយវត្ថុ​អេឡិចត្រូនិក Bitcoin កាលពីដើម​ខែកុម្ភៈ​នេះ បាន​ហក់​ឡើងដល់ 50,000 ដុល្លារ​ក្នុង 1 Bitcoin។ កាលពី​ចុង​សប្ដាហ៍​មុន តម្លៃ​របស់​វា ពេលខ្លះ​បាន​លោត​ឡើងដល់ 58,000ដុល្លារ​អ​មេ​រិ​ក។ កំណើន​នៃ​តម្លៃ​នេះ បាន​ជួយ​ឱ្យ​ក្រុម​សេដ្ឋី Bitcoin កើន​ឡើងដល់​ខ្ទង់សែន​នាក់​នៅក្នុង​សប្ដាហ៍​កន្លងទៅ នេះ​បើតាម​របាយការណ៍​រប​ស់ BitInfoCharts។

មូលហេតុ​ធំ​បំផុត​ដែលនាំឱ្យ​តម្លៃ​របស់ Bitcoin បន្ត​ឡើងថ្លៃ ហើយ​ជួយ​ឱ្យ​ចំនួន​សេដ្ឋី​ដែល​កំពុង​វិនិយោគ​ទៅលើ Bitcoin កើនឡើង​ខ្ពស់​បែបនេះ ក៏​ព្រោះតែ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាមេរិក Tesla របស់​មហាសេដ្ឋី Elon Musk បានប្រកាសថា បាន​ទិញ Bitcoin ចំនួន 1.5 ពាន់​លាន​ដុល្លារ​អាមេរិក។ ប្រការនេះ​ក៏​បង្ហាញថា ក្រុមហ៊ុនផ្សេងៗក៏​អាច​វិនិយោគ​ទៅលើ​ប្រាក់​ឌីជីថល Bitcoin នេះដែរ។

ក៏ប៉ុន្តែ តួលេខ​ពិតប្រាកដ​នៃ​ចំនួន​សេដ្ឋី Bitcoin ពិតជា​ពិបាក​ស្មាន។ ព្រោះថា អត្តសញ្ញាណ​របស់​អ្នក​នៅ​ពីក្រោយ​គណនី Bitcoin នីមួយៗ មិន​ត្រូវបាន​បញ្ចេញ​ជា​សាធារណៈ ពោលគឺ​មានតែ​ចំនួន​គណនី និង​តម្លៃ​របស់​វា​តែប៉ុណ្ណោះ​ដែល​ត្រូវបាន​ផ្សាយ​ជា​សាធារណៈ។ មនុស្ស​ម្នាក់​អាចមាន​គណនី Bitcoin លើសពី​មួយ ហើយ​គណនី bitcoin មួយ ក៏​អាច​គ្រប់គ្រង​ដោយ​មនុស្ស​ច្រើន​នាក់​ផងដែរ។

យ៉ាងនេះ​ក្ដី គណនី Bitcoin ភាគច្រើន​គឺមាន​តម្លៃ​ទាប​ខ្លាំង។ យោងតាម BitInfoCharts បច្ចុប្បន្ន មាន​គណនី​ជាង 55 លាន កំពុងដំណើរការ​នៅលើ​បណ្ដាញ Bitcoin ប៉ុន្តែ ក្នុងចំណោម​នោះ មាន​គណនី​ជិត 45 លាន មានតម្លៃ​ក្រោម 100 ដុល្លារ។

ឆ្នាំនេះ បើទោះជា​មានពេលខ្លះ​ត្រូវ​ធ្លាក់​ថ្ងៃ ប៉ុន្តែ តម្លៃ Bitcoin នៅតែ​ខ្ពស់ជាង​ជិត 70% បើ​ធៀប​នឹង​តម្លៃ​កាលពីដើមឆ្នាំ។ ចំណែក​មាស ដែលជា​គូប្រជែង​ផ្ទាល់​របស់ Bicoin បែរជា​ធ្លាក់​ថ្លៃ 5% ទៅវិញ ខណៈ​ស​ន្ទ​ស្សន៍ DJIA, S&P 500 និង Nasdaq Composite នៅក្នុង​ផ្សារ​ហ៊ុន​អាមេរិក កើនឡើង 5%៕

ប្រភព៖ Market Watch, CBS
ប្រែ​សម្រួល៖ បុត្រា

Advertisement