សេដ្ឋី 177នាក់​ដែល​មានដោយ​សារ​សមត្ថ​ភាព​ផ្ទាល់​ខ្លួន​ សុទ្ធ​តែមាន​វិធីសាស្ត្រ​​ដូចគ្នា​ដើម្បី​ក្លាយជា​អ្នកមាន! អ្នក​ក៏​អាចធ្វើ​បាន!

អ្នក​ស្រាវ​ជ្រាវ​ និង​ជា​អ្នក​និពន្ធ​ លោក​ Thomas C. Corley

Corley បានសរសេរថា ភាគច្រើន​នៃ​សេដ្ឋី​ដែល​លោក​បាន​សិក្សា​ស្រាវជ្រាវ មិនបាន​ក្លាយជា​អ្នកមាន​នោះទេ រហូតដល់​ក្រោយ​វ័យ 50ឆ្នាំ ប៉ុន្តែ ពួកគេ​សុទ្ធតែ​ចាប់ផ្ដើម​ទៅតាម​វិធីសាស្ត្រ​ដូចគ្នា។

Thomas C. Corley គឺជា​អ្នកជំនាញ​ខាង​ផែនការ​ហិរញ្ញវត្ថុ ជា​វាគ្មិន និង​ជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នកនិពន្ធ​ដែលមាន​សៀវភៅ​លក់ដាច់​បំផុត ព្រមទាំង​ជា​សហការី​របស់ Business Inseder, CNBC និង​ស្ថានីយទូរទស្សន៍​ជាច្រើន​ផ្សេងទៀត។ លោក​បាន​ចំណាយពេល 5 ឆ្នាំ ក្នុងការ​ស្វែងយល់​អំពី​ក្រុម​សេដ្ឋី​ដែលមាន​បាន​ដោយ​ការប្រឹងប្រែង​ផ្ទាល់ខ្លួន។

Advertisement

លទ្ធផល​នៃ​ការស្រាវជ្រាវ​ទៅលើ​ទម្លាប់​ដែលនាំឱ្យ​ក្លាយជា​អ្នកមាន​របស់លោក Corley បាន​ទាក់ទាញ​អ្នកអាន​ជាង 50 លាន​លើក នៅក្នុង​ប្រទេស​ចំនួន 25 ក្នុង​ពិភពលោក។ គោលដៅ​របស់​ការសិក្សា​ស្រាវជ្រាវ​នេះ​គឺ ដើម្បី​ឆ្លើយ​នឹង​សំណួរ​សាមញ្ញ​ចំនួន​ពីរ៖ «ហេតុអ្វី​បានជា​មនុស្ស​ក្លាយជា​អ្នកមាន ឬ​អ្នកក្រ?» និង «តើ​អ្នកមាន និង​អ្នកក្រ​ធ្វើ​អ្វីខ្លះ​ចាប់តាំងពី​ពេល​ក្រោក​ពី​គេង​នៅ​ព្រឹក រហូតដល់​ពេល​ចូល​គេង​នៅពេល​យប់?»។

ចំណុចរួម​របស់​សេដ្ឋី​ដែលមាន​បាន​ដោយ​ខ្លួនឯង

លោក Corley បាន​សម្ភាស​ជាមួយ​មនុស្ស​ចំនួន 233 នាក់ ដែលមាន​ប្រាក់ចំណូល​ប្រចាំឆ្នាំ​យ៉ាងតិច 160,000 ដុល្លារ​អាមេរិក និង​មានទ្រព្យ 3.2 លាន​ដុល្លារ។ ក្នុងចំណោម​នោះ មាន 177 នាក់ គឺជា​សេដ្ឋី​ដែលមាន​បាន​ដោយ​ខ្លួនឯង។ តាមរយៈ​ការសម្ភាស​នេះ លោក​រកឃើញ​ចំណុចរួម​ជាច្រើន​អំពី​អ្នកមាន ក៏ដូចជា​ទម្លាប់​ប្រចាំថ្ងៃ​ដែលនាំឱ្យ​ពួកគេ​ជោគជ័យ។

ចំណុច ឬ​ប្រការ​រួមមួយ​ក្នុងចំណោម​ប្រការ​ទាំងឡាយ​ដែល Corley បាន​រកឃើញ នោះ​គឺ ពួកគេ​សុទ្ធ​តែមាន​គោលដៅ​សន្សំសំច័យ​ជា​ចម្បង។ ក្នុង​សៀវភៅ​មួយ​ក្បាល​របស់ខ្លួន លោក Corley សរសេរថា 80% នៃ​សេដ្ឋី​ដែលមាន​បាន​ដោយ​ការប្រឹងប្រែង​ផ្ទាល់ខ្លួន ដែល​លោក​បាន​ស្រាវជ្រាវ មិនបាន​ក្លាយជា​អ្នកមាន​នោះទេ រហូតដល់​ពួកគេ​មាន​វ័យ​ក្រោយ 50 ឆ្នាំ។ ប៉ុន្តែ សេដ្ឋី​ទាំងអស់នោះ សុទ្ធតែ​ចាប់ផ្ដើម​ដោយ​វិធី​ដូចគ្នា​តែមួយ។

លោក Corley សរសេរថា៖ «បើទោះជា​បានកំណត់​គោលដៅ​រក​ឱ្យបាន 1 លាន​ដុល្លារ, 10 លាន​ដុល្លារ ឬ​ច្រើនជាង​នេះ អ្នក​ត្រូវតែ​ចាប់ផ្ដើម​ពី​ចំណុច​ជាក់លាក់​ណាមួយ។ សេដ្ឋី​ដែល​ក្លាយជា​អ្នកមាន​ដោយ​ការខិតខំ​ផ្ទាល់ខ្លួន ដែល​ខ្ញុំ​បាន​ស្រាវជ្រាវ សុទ្ធតែ​បានកំណត់​គោលដៅ​សន្សំ​ប្រាក់​ចាប់ពី 10% ទៅ 20% នៃ​ប្រាក់ចំណូល​របស់ខ្លួន ក្នុង​រយៈពេល​ច្រើន​ឆ្នាំ មុនពេល​បាន​ក្លាយជា​សេដ្ឋី។ យោងតាម​ធនាគារកណ្ដាល​អាមេរិក (FED) មធ្យមភាគ​នៃ​អត្រា​សន្សំ​ប្រាក់​របស់​ជនជាតិ​អាមេរិកាំង​គឺ 8% នៃ​ប្រាក់ចំណូល។

គោលការណ៍​សន្សំ​ប្រាក់​របស់​ក្រុម​សេដ្ឋី​ដែលមាន​បាន​ដោយ​ខ្លួនឯង

លោក Corley ឱ្យដឹងថា ប្រការ​ដែល​សំខាន់បំផុត នោះ​គឺថា ក្រុមមនុស្ស​ដែលមាន​បំណង​ក្លាយជា​សេដ្ឋី តែងតែមាន​ស្មារតី​ទទួលខុសត្រូវ និង​អនុវត្តតាម​គោលការណ៍ ឬ​វិន័យ​នៃ​ការ​សន្សំ​ប្រាក់​ដ៏​តឹងរ៉ឹង។ ពួកគេ​ប្រើប្រាស់​យុទ្ធសាស្ត្រ​ដែល Corley ហៅថា «ប្រព័ន្ធ​ប៉ោត​ដាក់​ទឹក» ដើម្បី​សន្សំសំច័យ​ប្រាក់។ ពួកគេ​បែងចែក​ខ្ទង់​សន្សំ​របស់ខ្លួន​ទៅជា 4 ប្រភេទធំ៖ ខ្ទង់​សន្សំ​សម្រាប់​ពេល​ចូលនិវត្តន៍ ខ្ទង់​សម្រាប់​ការចំណាយ​ដែលមាន​គម្រោង​ស្រាប់ ខ្ទង់​សម្រាប់​ការចំណាយ​បន្ទាន់ និង​ខ្ទង់​សម្រាប់​ចាយ​ទៅតាម​វដ្ដ។

-ខ្ទង់​សន្សំ​សម្រាប់​ពេល​ចូលនិវត្តន៍៖ ជា​ប្រាក់​ដែល​ត្រូវបាន​វិនិយោគ​ដើម្បី​ការរីកចម្រើន ហើយ​វា​នឹង​ត្រូវបាន​ប្រើប្រាស់​ពេល​ពួកគេ​ឈប់​ធ្វើការ។

-ខ្ទង់​សម្រាប់​ការចំណាយ​ដែលមាន​គម្រោង​ស្រាប់៖ រួមមាន ការចំណាយ​សម្រាប់​ការសិក្សា​ដែល​បានគ្រោង​ទុក​នាពេល​អនាគត ការចំណាយ​លើ​អាពាហ៍ពិពាហ៍​ផ្ទាល់ខ្លួន បង់​រំលស់​ផ្ទះ/ដី ឬ​ការចំណាយ​ដែលមាន​គម្រោងផ្សេងៗទៀត។

-ខ្ទង់​សម្រាប់​ការចំណាយ​បន្ទាន់៖ នេះ​គឺជា​សាច់ប្រាក់​សុទ្ធ​ដែល​បាន​ត្រៀម​នៅក្នុង​ផ្ទះ​ដើម្បី​បង្ការ​ពេល​មាន​អាសន្ន​បន្ទាន់​កើតឡើង ដូចជា​ករណី​បាត់បង់​ការងារ ឬ​ជួប​បញ្ហា​គ្រោះថ្នាក់ និង​ជំងឺភ្លាម។ ខ្ទង់​នេះ​ត្រូវបាន​គេ​កំណត់​យ៉ាងតិចណាស់​ក៏​អាចឱ្យ​មនុស្ស​ម្នាក់​ចិញ្ចឹមជីវិត​បាន 6 ខែ ក្នុង​គ្រា​មិនមាន​ប្រាក់ចំណូល។

-ខ្ទង់​សម្រាប់​ចាយ​ទៅតាម​វដ្ដ៖ ជា​ប្រាក់​សន្សំ​សម្រាប់​ការដើរ​ទេសចរណ៍ ឬ​សម្រាប់​ទិញ​អំណោយ​ចាំបាច់​ប្រចាំឆ្នាំ។

យុទ្ធសាស្ត្រ​សន្សំសំច័យ​ដ៏​សាម​ញ្ញា​នេះ មាន​តួនាទី​យ៉ាងសំខាន់​ចំពោះ​សេដ្ឋី​ចំនួន​ជិត​ពាក់កណ្ដាល​ដែល Corley បាន​ស្រាវជ្រាវ។ ជា​លទ្ធផល ពួកគេ​អាចរ​ស់បាន​ដោយ​ប្រាក់ចំណូល​ប្រចាំខែ​ចំនួន 80% (ឬ​តិចជាង​នេះ)។ ហើយ​នៅពេល​បាន​ក្លាយជា​សេដ្ឋី ពួកគេ​នៅតែ​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ខាងលើ ព្រមទាំង​មិនដែល​បង្ហាញ​អំពី​ភាពមានបាន​របស់​ពួកគេ។

លោក Thomas C. Corley បាន​បន្ថែមថា៖ «ក្រុម​សេដ្ឋី​ដែលមាន​បាន​ដោយ​ខ្លួនឯង សុទ្ធ​តែមាន​ទម្លាប់​សន្សំសំច័យ និង​គោរព​តាម​គោលការណ៍​សន្សំសំច័យ​យ៉ាង​តឹងរឹង។ កាន់តែ​ឆាប់​សន្សំសំច័យ អ្នក​កាន់តែ​ឆាប់​មានទ្រព្យ​ច្រើន និង​ឆាប់​សម្រេចបាន​គោលដៅ​របស់ខ្លួន»៕

ប្រភព៖ Business Insider
ប្រែសម្រួល​៖ បុត្រា

Advertisement