(វីដេអូ)-ន័​រ​វែ​ស​សាងសង់​ផ្លូវ​រូង​ក្រោម​ដី​សម្រាប់​កប៉ាល់​ដំបូង​គេ​បង្អស់​​ក្នុង​ពិភព​លោក

ផ្លូវទឹក​រូង​ក្រោម​ដី​ឈ្មោះ Stad ដែល​គ្រោង​នឹងត្រូវ​ចំណាយ​ប្រាក់​ប្រមាណ 350លាន​ដុល្លារ​អាមេរិក​សម្រាប់​ការសាងសង់​របស់​ប្រទេស​ន័​រ​វែ​ស នឹង​ជួយ​ឱ្យ​កប៉ាល់ធំៗទទួលបាន​សុវត្ថិភាព​នៅពេល​ឆ្លងកាត់​តំបន់​សមុទ្រ​ដែល​គ្រោះថ្នាក់​បំផុត​ប្រចាំ​ប្រទេស​នេះ។

ការសាងសង់​ផ្លូវទឹក​រូង​ក្រោម​ដី​នេះ​នឹងត្រូវ​បានចាប់ផ្ដើម​នាពេល​ដ៏​ខ្លី​ខាងមុខ បន្ទាប់ពី​រដ្ឋាភិបាល​ន័​រ​វែ​ស បានអនុម័ត​លើ​ថវិកា​ជា​ទុន​សម្រាប់​គម្រោង​បច្ចេកទេស​ដ៏​មហិមា​នេះ។

គម្រោង​ដែលមាន​ឈ្មោះថា Stad Ship Tunnel (ផ្លូវ​រូង​ក្រោម​ដី​សម្រាប់​នាវា ស្តា​ដ) នេះ ទទួលបាន​ទុនវិនិយោគ​ប្រមាណ 350លាន​ដុល្លារ​អាមេរិក។ Stad Ship Tunnel អនុញ្ញាតឱ្យ​កប៉ាល់​ទម្ងន់​ដល់ 16,000តោន ផ្លាស់​ទី​ឆ្លងកាត់​ដោយ​សុវត្ថិភាព ត្រង់​សមុទ្រ Stadhavet ដែល​ល្បី​ឈ្មោះថា សម្បូរ​ដោយ​ព្យុះ​កំណាច។

ផ្លូវ​រូង​នេះ​មាន​កម្ពស់ 33ម៉ែត្រ និង​ទទឹង 36ម៉ែត្រ។ Stad Ship Tunnel មាន​ប្រវែង 1.7គីឡូម៉ែត្រ លាតសន្ធឹង​ឆ្លងកាត់​ទីតាំង​ដែលមាន​ទីតាំង​ស្រស់ស្អាត​បំផុត​របស់​ឧបទ្វីប Stad ចាប់ពី​តំបន់ Bergen ដល់​តំបន់ Alesund។ នេះ​បើតាម​អង្គភាព​គ្រប់គ្រង​ឆ្នេរសមុទ្រ​របស់​ន័​រវែង។

ស្ថាប័ន​គ្រប់គ្រង​ឆ្នេរសមុទ្រ​របស់​ន័​រ​វែ​ស ទទួលបាន​លិខិត​ប្រគល់​ភារកិច្ច​ពី​ក្រសួង​គមនាគមន៍ ដែល​អនុញ្ញាតឱ្យ​ចាប់ផ្ដើម​ត្រៀម​សម្រាប់​ការសាងសង់​ផ្លូវ​រូង​នេះ។

បើសិន​គ្រប់យ៉ាង​ដំណើរការ​ដោយ​រលូន​ទៅតាម​ផែនការ ផ្លូវ​រូង​ក្រោម​ដី​សម្រាប់​នាវា​នេះ​នឹងត្រូវ​ស្ថាបនា​រួចរាល់​នៅក្នុង​ឆ្នាំ 2025 ឬ 2026៕

ប្រភព៖ Next Media
ប្រែ​សម្រួល៖ បុត្រា

Advertisement