រដ្ឋបាល​ភ្នំពេញ​ដាក់ឱ្យ​ដំណើរការ​ស្រឡាង ភ្ជាប់​ពី​កោះ​ពេជ្រ​ទៅ​កាន់​ក្បាល​​កោះនរា ចាប់ពី​ព្រឹក​នេះ​តទៅ

ស្រឡាង​ធំ-តូច​ជាច្រើន​គ្រឿង ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​សម្រាប់​ដឹក​យានយន្ត​ឆ្លងកាត់​ទន្លេបាសាក់​ដែល​ភ្ជាប់​ពី​កោះ​ពេជ្រ ទៅ​កោះនរា ចាប់ពី​ម៉ោង 5កន្លះ​ព្រឹក ដល់​ម៉ោង 20យប់ ដើម្បី​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​លើ​ស្ពាន​ព្រះមុនីវង្ស។

ការរៀបចំ​ដាក់ឱ្យ​ប្រើប្រាស់​ស្រឡាង​បណ្ដោះអាសន្ន​ខាងលើនេះ ត្រូវបាន​ធ្វើឡើង​ដោយ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​នៃ​រាជធានី​ភ្នំពេញ និង​អភិបាលខណ្ឌ​ចំការមន ខណ្ឌ​ច្បារអំពៅ និង​តំណាង​ក្រុមហ៊ុន​អភិវឌ្ឍ​ន៏​ទីក្រុង​កោះ​ពេជ្រ បន្ទាប់ពី​មានការ​ចាត់​តាំងពី​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ។

មូលហេតុ​នៃ​ការដាក់ឱ្យ​ដំណើរ​ជា​ស្រឡាង​ឆ្លងកាត់​ទន្លេ​បាសក់​នេះ ត្រូវបាន​មន្ត្រីរដ្ឋបាល​ភ្នំពេញ​លើកឡើងថា គឺ​ដើម្បី​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​ចំណុច​ស្ពាន​ព្រះ​មនី​វង្ស​ចាស់ ស្ថិតក្នុង​ខណ្ឌ​ច្បារអំពៅ ដែល​កំពុង​ត្រូវបាន​បិទ​ចរាចរណ៍​បណ្ដោះអាសន្ន​រយៈពេល 3ថ្ងៃ ចាប់ពី​ថ្ងៃទី 08មេសា ដល់ 10មេសា។ បន្ទាប់ពី​ថ្ងៃទី 10មេសា ស្ពាន​នេះ​នឹងត្រូវ​បើក​ដំណើរការ​ឡើងវិញ។

ទិដ្ឋ​ភាព​មើល​ពី​ស្រឡាង​កោះ​នរា-កោះពេជ្រ
ផ្លូវ​ពី​កោះ​ពេជ្រ​ ចុះ​ទៅ​កាន់​ស្រឡាង​

អាជ្ញាធរ​បានឱ្យដឹងថា អ្នកដំណើរ​ដែលមាន​បំណង​ចូលមក​ភ្នំពេញ​ពី​ផ្លូវជាតិ​លេខ​មួយ អាចធ្វើ​ដំណើរ​តាម​ស្រឡាង​ពី​ក្បាល​កោះនរា មកកាន់​កោះ​ពេ​ជ្យ​បាន ព្រោះថា បច្ចុប្បន្ន មានការ​កកស្ទះ​ចរាចរណ៍​យ៉ាងធ្ងន់ធ្ងរ ត្រង់ចំណុច​ចាប់ពី​ម្ដុំ​វត្ត​និរោធ​នៅ​ផ្លូវជាតិ​លេខ​មួយ រហូតដល់​តំបន់​ក្បាលថ្នល់​នៃ​ខណ្ឌមានជ័យ បន្ទាប់ពី​អាជ្ញាធរ​បិទ​ស្ពាន​មនី​វង្ស​ចាស់ ដើម្បី​សម្រួល​ដល់​ការងារ​ជួសជុល​ស្ពាន​នេះ៕

ប្រភព៖ AKP
ដកស្រង់​៖ បុត្រា

Advertisement