ការស្ថាបនា​ផ្លូវជាតិ​លេខ3 ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត គ្រោង​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​នេះ

គម្រោង​កែលម្អ​ផ្លូវជាតិ​លេខ3 ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត សម្រេចបាន​ជាង 98% ហើយ​គ្រោង​នឹង​រួចរាល់​ជា​ស្ថាពរ​នៅ​ចុងឆ្នាំ2021។ នេះ​បើតាម ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ក្រសួង​សាធារណការ បានឱ្យដឹងថា គិត​រហូតមកដល់​ប​ច្ចុ​ប្បន្ន ក្រសួង បាន និង​កំពុង​ព​ន្លឿ​ន​ការងារ​ចុងក្រោយ​មួយចំនួន ដូចជា ការបំពាក់​កាមេរ៉ា​ចាប់​ល្បឿន​យានយន្ត កាមេរ៉ា​សុវត្ថិភាព ជញ្ជីង​ថ្លឹង​ទម្ងន់​ក្រោម​ដី និង​ជញ្ជីង​ថ្លឹង​ទម្ងន់​នៅក្នុង​ស្ថានីយ។ល។ ខណៈដែល​ស្ពាន​អាកាស​ថ្មើរជើង​ដែលមាន​ទីតាំងនៅ​ត្រាំខ្នារ ក៏​នឹង​សាងសង់​រួចរាល់​នៅ​ចុងខែ​មិថុនា​ខាងមុខ។

ជារួម គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​ផ្លូវជាតិ​លេខ3 ពី​ភ្នំពេញ​ទៅ​ក្រុង​កំពត បច្ចុប្បន្ន សម្រេចបាន 98.04% រួចហើយ។ នេះ​បើតាម ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន។

គម្រោង​ស្ថាបនា​ផ្លូវ​ប្រភេទ បេតុង​កៅស៊ូ (AC) ប្រវែង 134គីឡូម៉ែត្រ​នេះ ត្រូវបាន​ចាប់ផ្ដើម​សាងសង់ និង​ស្ដារឡើងវិញ កាលពី​ខែឧសភា ឆ្នាំ2018។ ការចំណាយ​ទៅលើ​ការស្ថាបនា និង​ស្ដារ​ផ្លូវ​នេះ គ្រោង​នឹង​ប្រើប្រាស់​ទឹកប្រាក់​ជាង 200លាន​ដុល្លារ​អាមេរិក ដែល​នេះ​គឺជា​ហិរញ្ញប្បទាន​សម្បទាន ពី​ប្រទេស​ចិន រួម​នឹង​ថវិកាបដិភាគ​មួយចំនួន​របស់ កម្ពុជា៕

ប្រភព៖ ក្រសួង​សាធារណការ
ដកស្រង់៖ បុត្រា

Advertisement