អាមេរិក ត្រូវការ​បុគ្គលិក​ផ្នែក​សំណង់ 1 លាន​នាក់ ៖ ប្រាក់ខែ​ខ្ពស់ តែ​ពិបាក​រក​កម្មករ

ការងារ​រាប់លាន​កន្លែង​កំពុង​រង់ចាំ​បុគ្គលិក ប៉ុន្តែ បែរជា​ខ្វះ​អ្នក​មក​ដាក់ពាក្យ​ធ្វើការ នោះ​គឺជា​សេដ្ឋកិច្ច​ថ្មី​នៅ សហរដ្ឋអាមេរិក នៅពេលដែល​ជីវភាព​បាន​ត្រលប់​មករក​សភាព​ដើម​បន្តិចម្ដងៗ ក្រោយ​ការវាយប្រហារ​របស់​វីរុស COVID-19។

Matthew Messer ជញ្ជូន​ផ្ទាំង​សូ​ឡា​នៅលើ​ដំបូលផ្ទះ​មួយកន្លែង​របស់​អតិថិជន នៅឯ Long Island នៃ​ទីក្រុង New York ក្រោម​កំដៅថ្ងៃ 38 អង្សា ក្នុង​ខែមិថុនា។ Messer គឺជា​ថៅកែ​នៃ​ក្រុមហ៊ុន New York Solar Maintenance (ជំនាញ​ជួសជុល​ផ្ទាំង​សូ​ឡា) ប៉ុន្តែ បច្ចុប្បន្ន គាត់​ត្រូវ​ចេញទៅ​ធ្វើការ​ជាមួយ​ក្រុមបច្ចេកទេសរ​បស់​ខ្លួន​ជា​រៀងរាល់ថ្ងៃ នៅពេល​អាជីវកម្ម​ចាប់ផ្ដើម​ក​ក្រើន​ជាថ្មី។

ក្រោយ​រលក COVID-19 តម្រូវការ​កម្លាំង​ពលកម្ម កើនឡើង​ឆាប់រហ័ស

«នេះ​មិនមែនជា​វិធី​ល្អ​បំផុត​ក្នុងការ​ប្រើប្រាស់​ពេលវេលា​របស់ខ្ញុំ។ ប៉ុន្តែ នោះ​គឺជា​អ្វីដែល​ចាំបាច់​ត្រូវធ្វើ» លោក Messer និយាយ​អំពី​ថ្ងៃ​ដែល​គាត់​ត្រូវ​ធ្វើការ​នៅលើ​ដំបូលផ្ទះ។ នេះ​ក៏​ព្រោះតែ​ម្ចាស់​អាជីវកម្ម​រូបនេះ រក​បុគ្គលិក​មិនបាន។ ក្រុមហ៊ុន​របស់លោក ជួល​បុគ្គលិក​ចំនួន 3 កម្រិត ក្នុងនោះ​ក៏មាន​ផ្នែក​បច្ចេកទេស​ផងដែរ ប៉ុន្តែ ក្រុមហ៊ុន​កំពុង​ប្រឈម​នឹង​បញ្ហា​រួម​នៅក្នុង​វិស័យ​សំណង់ នោះ​គឺ​បញ្ហា​ខ្វះ​បុគ្គលិក ដោយសារតែ​តម្រូវការ​រើស​បុគ្គលិក​ក្នុង​វិស័យនេះ កំពុង​កក្រើក​ឡើងវិញ បន្ទាប់ពី​ការវាយប្រហារ​របស់ COVID-19។

ការងារ​រាប់លាន​កន្លែង​កំពុង​រង់ចាំ​បុគ្គលិក ប៉ុន្តែ បែរជា​ខ្វះ​អ្នក​មក​ដាក់ពាក្យ​ធ្វើការ​ទៅវិញ។ នោះ​គឺជា​សេដ្ឋកិច្ច​ថ្មី​នៅ សហរដ្ឋ​អាមេរិក នៅពេលដែល​ជីវភាព​បាន​ត្រលប់​មករក​សភាព​ដើម​បន្តិចម្ដង។

តម្រូវការ​ផ្នែក​សាងសង់ និង​ជួសជុលផ្ទះ កំពុង​កើនឡើង នៅពេល​ទីផ្សារ​លំនៅឋាន ងើបឡើង​វិញ ចំណែក​មនុស្ស​ជាច្រើន ត្រូវ​ធ្វើការ​នៅផ្ទះ។ យោងតាម​សមាគម​កម្មករ​និង​អ្នកម៉ៅការ​សំណង់ របស់ សហរដ្ឋអាមេរិក «ក្នុង​វិស័យ​មួយ​ដែល​ធ្លាប់តែ​ខ្វះ​កម្លាំង​ពលកម្ម​តាំង​ពីមុន COVID-19 បណ្ដា​ក្រុមហ៊ុន​សំណង់ នឹង​ត្រូវការ​បុគ្គលិក​ចំនួន 430,000 នាក់ ក្នុងឆ្នាំនេះ និង 1 លាន​នាក់​ទៀត​នៅក្នុង​រយៈពេល 2 ឆ្នាំ​ខាងមុខ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារការងារ»។

ដំណោះស្រាយ៖ ផ្ដល់​ប្រាក់ខែ​ច្រើនជាង​មុន ដើម្បី​ទាក់ទាញ​បុគ្គលិក

នៅពេល Matthew Messer ចាប់ផ្ដើម​ដឹងថា មាន​បញ្ហា​ខ្វះ​បុគ្គលិក គាត់​ក៏​យល់ថា ខ្លួន​ត្រូវតែ​ប្រញាប់​ដំឡើង​ឈ្នួល ដើម្បី​រក្សា​កម្លាំង​ប្រកួតប្រជែង។ បុគ្គលិក​ដែល​នៅ​សេះសល់​របស់លោក កំពុង​ត្រូវ​ក្រុមហ៊ុនផ្សេងៗ តាម «ចែចង់»។ ក្នុងអំឡុង 4 ខែ​កន្លង លោក Messer បាន​ដំឡើង​ប្រាក់​ឈ្នួល​រហូតដល់ 40% ធៀប​នឹង​ប្រាក់​ឈ្នួល​មុននេះ។

Messer និយាយថា៖ «ខ្ញុំ​ឱ្យប្រាក់​ឈ្នួល​ចាប់ពី 18 ដល់ 22 ដុល្លារ ក្នុង 1 ម៉ោង ប៉ុន្តែ ពុំមាន​អ្នកណា​មក​ដាក់ពាក្យ​ធ្វើការ​ទាល់តែសោះ។ ខ្ញុំ​ក៏​ដំឡើងថ្លៃ​ឈ្នួល​ដល់ 23 ដុល្លារ តែ នៅតែ​មិនអាច​រកបាន​បុគ្គលិក។ ខ្ញុំ​បន្ត​ដំឡើង​រហូតដល់ 25 ដុល្លារ ទើប​ឃើញ​មាន​អ្នក​មក​ដាក់ពាក្យខ្លះ។ នេះ​គឺជា​ការដំឡើង​ថ្លៃឈ្នួល​ខ្ពស់​គួរសម ប៉ុន្តែ ដើម្បី​អាជីវកម្ម​រីកចម្រើន ខ្ញុំ​ចាំបាច់​ត្រូវការ​ជ្រើសរើស​បុគ្គលិក​ឱ្យបាន»។

យោងតាម​នាយកដ្ឋាន​ស្ថិតិ​កម្លាំង​ពលកម្ម​របស់ សហរដ្ឋអាមេរិក បុគ្គលិក​នៅ​ភោជនីយដ្ឋាន​ម្នាក់ អាច​រកប្រាក់​បាន 18.23 ដុល្លារ/ម៉ោង ខណៈដែល​បុគ្គលិក​សំណង់​ម្នាក់ អាច​រកបាន 32.86 ដុល្លារ/ម៉ោង៕

ប្រភព៖ CNN
ប្រែ​សម្រួល៖ បុត្រា

Advertisement