ក្រុមហ៊ុន​ចិន ដើរ​ទិញ​ដី​​បរទេស​ បាន​ច្រើនជាងគេ​ក្នុង​ពិភពលោក

ដីធ្លី​​ជិត 6.5 លាន​ហិកតា នៅ​ជុំវិញ​ពិភពលោក ត្រូវបាន​ក្រុមហ៊ុន ចិន ទិញ នៅក្នុង​រយៈពេល 10 ឆ្នាំ​កន្លងទៅនេះ។

បណ្ដា​ក្រុមហ៊ុន ចិន កំពុង​ដើរ​ទិញ​ដី​នៅ​ពាសពេញ​ពិភពលោក ក្នុងនោះ ភាគច្រើន​នៅ​តំបន់​អាស៊ី និង​អាហ្វ្រិក។ ទំហំ​ផ្ទៃដី​ដែល​បណ្ដា​ក្រុមហ៊ុន ចិន បាន​ទិញ ឬ​ជួល ក្នុងអំឡុង 1 ទសវត្សរ៍​កន្លង ស្មើនឹង​ផ្ទៃដី​សរុប​របស់​ប្រទេស ស្រីលង្កា ឬ​ប្រទេស លី​ទុយ​អា​នី (Lithuania) និង​ធំ​ជាង​ឆ្ងាយ បើ​ធៀប​នឹង​ផ្ទៃដី​ដែល​ក្រុមហ៊ុន​ប្រទេស​ដទៃ​បាន​ទិញ ឬ​ជួល។

Land Matrix ដែលជា​អង្គការ​តាមដាន​បញ្ហាដីធ្លី​នៅ​អឺរ៉ុប បានឱ្យដឹងថា បណ្ដា​ក្រុមហ៊ុន ចិន ដណ្ដើមបាន​សិទ្ធិ​គ្រប់គ្រង​ដី​ទំហំ 6.48 លាន​ហិកតា សម្រាប់​វិស័យ​កសិកម្ម រុក្ខកម្ម និង​រុករក​រ៉ែ នៅ​ពាសពេញ​ពិភពលោក ចាប់ពី​ឆ្នាំ 2011 ដល់​ឆ្នាំ 2020។ តួលេខ​នេះ ខ្ពស់ជាង​ឆ្ងាយ បើ​ធៀប​នឹង​ផ្ទៃដី​សរុប​ដែល​បណ្ដា​ក្រុមហ៊ុន អង់គ្លេស (1.56 លាន​ហិកតា), អាមេរិក (860,000 ហិកតា) និង ជប៉ុន (420,000 ហិកតា) កំពុង​កាន់កាប់។

ការដែល​ក្រុមហ៊ុន ចិន ដើរ​ទិញ​ដី​នៅ​បរទេស​យ៉ាង​រហ័ស​បែបនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ក្នុងស្រុក​ដែល​ចេះតែ​កាន់តែ​ខ្ពស់ ដោយសារ​សេដ្ឋកិច្ច​រីកចម្រើន​ខ្លាំង​របស់​ប្រទេស​ចិន។ វិធីសាស្ត្រ​នេះ ជួយ​ឱ្យ​ពួកគេ​មាន​ស្ថិរភាព​ជាង​មុន ទាក់ទិន​នឹង​ប្រភពធនធាន​ធម្មជាតិ នៅពេល​ប្រភព​ផ្គត់ផ្គង់​របស់​ពិភពលោក ត្រូវបាន​រឹតបន្តឹង។

ចំការ​ចេញ​របស់​ក្រុម​ហ៊ុន​ ចិន​ នៅ​ប្រទេស​ ភូមា

មកដល់​បច្ចុប្បន្ន គេ​ឃើញ​មាន​វិធានការ​ទប់ទល់​នឹង​ការរកស៊ី​របស់​បណ្ដា​ក្រុមហ៊ុន ចិន ខាងលើ។ កាលពី​ខែមិថុនា ឆ្នាំ 2021 សភា​ជប៉ុន បានអនុម័ត​ច្បាប់​ថ្មី​មួយ ដើម្បី​រឹតបន្តឹង​លើ​ការកំណត់​នានា ចំពោះ​ការប្រមូល និង​ប្រើប្រាស់​ដី​នៅ​តំបន់​ដែល​ត្រូវបាន​ចាត់ទុកថា សំខាន់​ដល់​សន្តិសុខ​ជាតិ។

ច្បាប់​ដែល​សំដៅលើ​ប្រទេស ចិន នេះ ត្រូវបាន​រៀបរៀងឡើង​ដើម្បី​ទប់ស្កាត់​ការជួញដូរ​ដីធ្លី​ដែល​គួរឱ្យ​សង្ស័យ​នានា​របស់​បណ្ដា​ក្រុមហ៊ុន​បរទេស។ ជាក់ស្ដែង មាន​ករណី​កម្លាំង​បរទេស​មួយចំនួន បាន​កាន់កាប់​ដី​នៅក្បែរ​មូលដ្ឋាន​ការពារ​ដែនអាកាស​រប​ស់ ជប៉ុន នៅ​តំបន់ Chitose នៃ​ខេត្ត Hokkaido៕

ប្រភព៖ Nikkei
ប្រែ​សម្រួល៖ បុត្រា

Advertisement