គម្រោង​ផលិត​ទឹកស្អាត​តម្លៃ 500 ពាន់​លាន​ដុល្លារ នៅ អា​រ៉ា​ប៊ី​សា​អូឌីត៖ បច្ចេកវិទ្យា Solar Dome ប្រែក្លាយ​ទឹកសមុទ្រ​ទៅជា​ទឹកសាប (វីដេអូ)

រោងចក្រ​បំប្លែង​ទឹកប្រៃ​ទៅជា​ទឹកសាប ដែល​បំពាក់​បច្ចេកវិទ្យា Solar Dome (ផ្ទះ​កញ្ចក់​ព្រះអាទិត្យ) ប្រើប្រាស់​វិទ្យុសកម្ម​របស់​ពន្លឺព្រះអាទិត្យ​ដើម្បី​បញ្ជូន​កម្ដៅ​ទៅ​ជះ​លើទឹក​សមុទ្រ ធ្វើឱ្យ​ទឹកសាប​ហួត​ទៅលើ និង​ប្រមូលផ្ដុំ​ជា​ទឹក​ដែល​អាច​ផឹក​បាន។

ក្រុមហ៊ុន Solar Water PLC នៅ​ក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត អនុវត្ត​គម្រោង​បច្ចេកវិទ្យា​ទឹកស្អាត NEOM ដែលមាន​តម្លៃ 500 ពាន់​លាន​ដុល្លារ​អាមេរិក។ Solar Water នឹង​សាងសង់​រោងចក្រ​បន្សាប​ទឹកប្រៃ​ដំបូង​ដែល​បំពាក់​បច្ចេកវិទ្យា​ផ្ទះ​កញ្ចក់​ព្រះអាទិត្យ (Solar Dome) នៅ​ភាគ​ពាយព្យ​ប្រទេស​នេះ ដែល​តាម​ផែនការ​នឹង​រួចរាល់​នៅក្នុង​ឆ្នាំ 2021 នេះ។

យោងតាម​នាយក​ប្រតិបត្តិ David Reavley របស់​ក្រុមហ៊ុន Solar Water ជា​មូលដ្ឋាន រោងចក្រ​នេះ​នឹង​ដូច​ទៅនឹង «ឆ្នាំង​ដែក​មាន​រាង​មូល​ដែល​កប់​ក្រោម​ដី និង​មាន​ដំបូល​មូល​គ្របពីលើ»។ ដំបូល​របស់​រោងចក្រ​នេះ មាន​បំពាក់​បច្ចេកវិទ្យា​ប្រមូលផ្ដុំ​ថាមពលព្រះអាទិត្យ (CSP)។ ចំហាយ​ក្ដៅ ត្រូវបាន​បញ្ជូន​ទៅកាន់​ទឹកសមុទ្រ​ដែល​នៅ​ខាងក្នុង​រោងចក្រ ធ្វើឱ្យ​ទឹក​ក្ដៅ​ហួត​ឡើង​ទៅលើ និង​ប្រមូលផ្ដុំ​ជា​ទឹកសាប។ រោងចក្រ​នេះ​មិន​ប្រើប្រាស់​សរសៃ​លោហធាតុ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ដែល​គេ​ប្រើប្រាស់​ក្នុង​បច្ចេកវិទ្យា​បន្សាប​ជាតិ​ប្រៃ​បែប​បុរាណ​នោះទេ។ Reavley ឱ្យដឹងថា រោងចក្រ​របស់លោក ប្រើប្រាស់​ប្រាក់​ចំណាយ​ទាប និង​អាច​សាងសង់​បាន​លឿន ទន្ទឹមនឹងនេះ​វា​ក៏​មិន​បញ្ចេញ​ឧស្ម័ន​ពុល​នោះដែរ។

បើសិនជា Solar Water សម្រេចបាន​គោលដៅ ពួកគេ​អាច​បញ្ជាក់បាន​អំពី​ប្រសិទ្ធភាព​របស់​បច្ចេកវិទ្យា​បន្សាប​ជាតិ​ប្រៃ​បែប​ថ្មី ដោយ​មិនបាច់​ប្រើ​អគ្គិសនី​ច្រើន និង​មិនបាច់​ប្រើ​ធាតុគីមី​ដែល​អាច​នាំឱ្យមាន​បញ្ហា​បរិស្ថាន។

Solar Water ពុំមែន​ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ផ្ដល់​សេវា​បន្សាប​ទឹកសមុទ្រ​ក្នុង​ទ្រង់ទ្រាយ​ធំ​នោះទេ។ ក្រុមហ៊ុន Climate Fund Manager និង Solar Water Solutions ក៏​កំពុង​ដំឡើង​ឧបករណ៍​បន្សាប​ទឹកប្រៃ​ចំនួន 200 ប្រព័ន្ធ នៅក្នុង​ខណ្ឌ Kitui County នៃ​ប្រទេស​កេ​ន​យ៉ា ដោយមាន​ទិសដៅ​ផ្គត់ផ្គង់​ទឹកស្អាត​ដល់​មនុស្ស​ចំនួន 400,000 នាក់ នៅ​ឆ្នាំ 2023។

ដំណោះស្រាយ​ដូចជា Solar Dome របស់​ក្រុមហ៊ុន Solar Water នេះ ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​នៅ​តំបន់​មជ្ឈិមបូព៌ា ជាទី​ដែល​មិនសូវមាន​ទឹកភ្លៀង និង​ខ្វះ​ទឹកសាប​យ៉ាងធ្ងន់ធ្ងរ៕

Advertisement