គម្រោង​សាងសង់​ទីក្រុង​បៃតង តម្លៃ 400 ពាន់​លាន​ដុល្លារ នៅលើ​សមុទ្រ​ខ្សាច់

សហរដ្ឋ​អាម៉េរិក៖ មហាសេដ្ឋី Marc Lore នឹង​សាងសង់​ទីក្រុង​ថ្មី អាចឱ្យ​មនុស្ស 5 លាន​នាក់​រស់នៅ​បាន​ស្រួល ដោយ​ប្រើប្រាស់​ស្ដង់ដា​នៃ​ភាព​ស្អា​តរបស់​ទីក្រុង​តូ​ខ្យូ​នៃ​ប្រទេស​ជប៉ុន ភាពសម្បូរ​បែប​របស់​ទីក្រុង​នី​វ​យ៉​ក នៃ​សហរដ្ឋអាមេរិក និង​សេវាកម្ម​សាធារណៈ​រីកចម្រើន​ដូច​ទីក្រុង​ស្តុក​ខុល នៃ​ប្រទេស​ស៊ុយអែត។

Lore អតីត​នាយ​ប្រតិបត្តិ​របស់ Walmart កាលពី​សប្ដាហ៍​មុន​បានប្រកាស​គម្រោង​សាងសង់ Telosa ជា​កំពូល​ទីក្រុង​នៅលើ​សមុទ្រ​ខ្សាច់​របស់ សហរដ្ឋ​អាម៉េរិក ជាមួយនឹង​ទុនវិនិយោគ 400 ពាន់​លាន​ដុល្លារ។ គម្រោង​ដែល​នឹងមាន​ទំហំ 60,703 ហិកតា​នេះ នឹងមាន​ហេដ្ឋារចនាសម្ព័ន្ធ​សមស្រប​ជាមួយនឹង​បរិស្ថាន ដោយមាន​ការផលិត​ថាមពល​ស្អាត និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​បែប​ថ្មី​សម្រាប់​តំបន់​ក្ដៅ​ហួតហែង​នេះ។ អ្នករស់នៅ​ក្នុង​ទីក្រុង​នេះ​នឹង​អាចធ្វើ​ដំណើរ​ទៅកាន់​កន្លែងធ្វើការ សាលារៀន និង​ទីតាំង​នានា​ដោយ​ចំណាយពេល​តែ 15 នាទី។ បើទោះជា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​កំពុងតែ​រកមើល​ទីតាំង​សាងសង់ ប៉ុន្តែ តំបន់ Nevada, Utah, Idaho, Arizona, Texas និង Appalachian ត្រូវបាន​គេ​ចាប់អារម្មណ៍​ខ្លាំងជាងគេ។

ប្រកាស​ខាងលើ មាន​អម​ជាមួយនឹង​គំនូរ​ឌីជីថល​របស់ Bjarke Ingels Group (BIG) ជា​ក្រុមហ៊ុន​ស្ថាបត្យកម្ម​ដែល Lore ជួល​ដើម្បី​ប្រែក្លាយ​គម្រោង​នេះ​ឱ្យទៅជា​ការពិត។ បណ្ដា​ទិដ្ឋភាព​ដែល​បាន​បង្ហើប​ឱ្យឃើញ បង្ហាញថា អគារ​ស្នាក់នៅ​ពោរពេញ​ដោយ​ពណ៌​បៃតង ហើយ​ប្រជាជនមាន​ទីកន្លែង​សាធារណៈ​ធំ​ទូលាយ​សម្រាប់​លេង​កម្សាន្ត។ មធ្យោបាយ​ធ្វើដំណើរ​ដែល​ប្រើប្រាស់​ឥន្ធនៈ​បំពុលបរិស្ថាន​នឹងត្រូវ​បាន​ហាមឃាត់​នៅក្នុង​ទីក្រុង​នេះ ជំនួស​មកវិញ​គឺ​រថយន្ត​បើកបរ​ស្វ័យប្រវត្ត និង​ម៉ូតូ ឬ​ដើរ​ដោយ​ថ្មើរជើង។

ដំណាក់កាល​សាងសង់​ដំបូង​នឹង​ផ្គត់ផ្គង់​កន្លែង​ស្នាក់នៅ​ដល់​មនុស្ស​ចំនួន 50,000 នាក់ នៅលើ​ផ្ទៃក្រឡា 607 ហិកតា ដោយ​ចំណាយ​ប្រាក់​ខ្ទង់ 25 ពាន់​លាន​ដុល្លារ។ ទីក្រុង​នេះ​អាចមាន​ប្រជាជន​រស់នៅ​រហូតដល់ 5 លាន​នាក់ ក្នុងអំឡុង 40 ឆ្នាំ។ ថវិកា​សាងសង់​នឹង​បានមកពី​ប្រភពផ្សេងៗ រួមមាន អ្នកវិនិយោគ​ឯកជន អង្គការ​មនុស្សធម៌ អាជ្ញាធរ​តំបន់ និង​រដ្ឋ រួម​នឹង​ជំនួយ​អភិវឌ្ឍ​សេដ្ឋកិច្ច។

នៅក្នុង​គម្រោង Telosa នេះ ប្រជាជន​ក្នុង​ទីក្រុង មាន​សិទ្ធិ​ចូលរួម​ធ្វើការ​សម្រេចចិត្ត​នានា រួមទាំង​ការកំណត់​ថវិកា​របស់​ទីក្រុង​ផងដែរ។

Telosa មិនមែនជា​ទីក្រុង​ថ្មី​ដំបូង​ដែល BIG បាន​រចនា និង​រៀបចំ​គម្រោង​នោះទេ។ កាលពី​ខែមករា ឆ្នាំ 2020 ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Toyota ក៏បាន​ប្រគល់ឱ្យ BIG រៀបចំ​គម្រោង​សាងសង់​ទីក្រុង​សម្រាប់​ប្រជាជន 2,000 នាក់ នៅ​ជើងភ្នំ ហ្វូ​ជី (Fuji) ផងដែរ។ បើទោះជា​តូច​ជាង​ឆ្ងាយ ធៀប​នឹង Telosa ប៉ុន្តែ គម្រោង​ដែលមាន​ឈ្មោះថា Woven City របស់ ជប៉ុន មាន​សេវាកម្ម​ធ្វើតេស្ត​រថយន្ត​បើកបរ​ស្វ័យប្រវត្ត បច្ចេកវិទ្យា​ឆ្លាត​វៃ និង​មនុស្ស​យន្ត ឬ​រ៉ូ​បូត សម្រាប់​ជួយ​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន៕

Advertisement