អភិបាលរាជធានីដាក់បញ្ជាឱ្យមន្ដ្រីពាក់ព័ន្ធរកព្រែកធម្មជាតិឱ្យឃើញ

ភ្នំពេញ- ក្រោយពីមានចំណាត់ការរៀបចំសណ្ដាប់ធ្នាប់សាធារណៈយ៉ាងសកម្មរួចហើយនោះកាលពីពេលថ្មីៗនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាឱ្យមន្ដ្រីពាក់ព័ន្ធស្រាវជ្រាវរកតួព្រែកធម្មជាតិនៅសង្កាត់ព្រែកឯងឱ្យឃើញក្រោយពីមានការចាក់ដីលុបបំបាត់យកធ្វើជាកម្មសិទ្ធិឯកជនរួចមក។

ក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវ351ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ឱ្យមន្ដ្រីពាក់ព័ន្ធទាំងអស់ត្រូវតែរកឱ្យឃើញតួព្រែកធម្មជាតិមួយក្រោយពីមានការឃុបឃិតចាក់ដីលុបបំបាត់យកធ្វើជាកម្មសិទ្ធិដែលបណ្ដាលឱ្យបាត់ប្រឡាយដ៏សំខាន់មួយក្នុងការបង្ហូររំដោះទឹកចេញ។ ឯកឧត្ដមបន្ដថា ក្នុងករណីមិនអាចរកឃើញ មន្រ្ដីដែលជាអាជ្ញាធរនៅទីនោះទាំងអស់រល្មមឈប់ពីការងារបានហើយ។

Advertisement

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ព្រែកធម្មជាតិនេះស្ថិតក្នុងសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង និងមានការឃុបឃិតគ្នាចាក់លុបបំបាត់ព្រែកនេះយកធ្វើជាកម្មសិទ្ធិឯកជន។ បើមន្ត្រីពាក់ព័ន្ធ ដូចជា មន្ត្រីសុរិយោដី អាជ្ញាធរមូលដ្ឋាន ឬមន្ដី្រពាក់ព័ន្ធទាំងឡាយរកព្រែកនោះមិនឃើញទេ ល្មមឈប់ពីការងាររបស់ខ្លួនទៅ ព្រោះមិនដឹងជាធ្វើការងារអីកើតទៀតទេ។

គួបញ្ជាក់ថា ព្រែកធម្មជាតិមួយនេះស្ថិតក្នុងសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ត្រូវបានឈ្មួញដីរំលោភយកដោយចាក់ដីបំពេញលុបយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនជាច្រើនឆ្នាំមកហើយ ទើបបានជាអភិបាលរាជធានីចេញបញ្ជាឱ្យប្រធានភូមិបាលខណ្ឌសហការជាមួយ អាជ្ញាធរខណ្ឌរកព្រែកបាត់នោះឱ្យឃើញ ។ ព្រែកនេះពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកចេញពីសង្កាត់ព្រែកថ្មី និងសង្កាត់ព្រែកឯង ដោយហូរទម្លាក់ចូលទៅក្នុងទន្លេបាសាក់ តែក្រោយពីការចាក់លុបបំបាត់ព្រែកនោះមក បានធ្វើឲ្យសង្កាត់ព្រែកឯង ទទួលរងការលិចលង់យ៉ាងធ្ងន់ធ្ងរ ទើបមានប្រជាពលរដ្ឋទទូចស្នើសុំនៅក្នុងវេទិកាសាធារណៈ ដើម្បីឱ្យអជ្ញាធរជួយរិះរកវិធីយ៉ាងណា រំដោះទឹកចេញពីតំបន់នោះផង៕

Advertisement