(វីដេអូ)-ម៉ាស៊ីន​ដំឡើង​ធ្នឹម​ខ្នាត​យក្ស 1,000 តោន សាងសង់​ស្ពាន​ឆ្លងកាត់​សមុទ្រ​នៅ​ប្រទេស​ចិន

ប្រទេស​ចិន កាលពី​ថ្ងៃទី 13 វិច្ឆិកា សម្រេចបាន​ដំណាក់កាល​ត​ភ្ជាប់​ផ្នែក​ចុងក្រោយ​នៃ​ស្ពាន​ផ្លូវដែក​ល្បឿន​លឿន​ឆ្លង​សមុទ្រ​នៅ​ខេត្ត Fujian ដោយមាន​ជំនួយ​ពី​ម៉ាស៊ីន​ដំឡើង​ធ្នឹម​ខ្នាត​យក្ស។

ផ្នែក​ចុងក្រោយ​នៃ​ស្ពាន​ដ៏​ធំ​មួយ​នៅលើ​ផ្លូវដែក​ល្បឿន​លឿន​ឆ្លង​សមុទ្រ​នៅ​ភាគ​ខាងកើត​ប្រទេស​ចិន ត្រូវបាន​ត​ភ្ជាប់​រួចហើយ​កាលពី​ព្រឹក​ថ្ងៃទី 13 វិច្ឆិកា បន្ទាប់ពី​បាន​ចំណាយពេល​សាងសង់​អស់ 3 ឆ្នាំ។

ស្ពាន​ឆ្លង​ឈូង​សមុទ្រ Meizhou នៅ​ទីក្រុង Putian នៃ​ខេត្ត Fujian ប្រទេស​ចិន នេះ មាន​ប្រវែង​សរុប 14.7 គីឡូម៉ែត្រ ក្នុងនោះ​មាន 10.8 គីឡូម៉ែត្រ​ស្ថិតនៅលើ​សមុទ្រ។

ម៉ាស៊ីន​ដំឡើង​ធ្នឹម​មាន​ឈ្មោះថា Kunlun ដែល​ត្រូវបាន​អភិវឌ្ឍ​ឡើង​ដោយ​វិស្វករ​ចិន បាន​ចូលរួម​កិច្ចការ​សាងសង់​ស្ពាន​មួយ​ខ្សែ​នេះ។ ដោយមាន​ទម្ងន់​រហូតដល់ 1,000 តោន នេះ​គឺជា​ម៉ាស៊ីន​ដំឡើង​ធ្នឹម​ធំ​បំផុត​ក្នុង​ពិភពលោក។

Kunlun មាន​សមត្ថភាព​ដឹកជញ្ជូន និង​ដំឡើង​ធ្នឹម​ប្រវែង 40.6 ម៉ែត្រ និង​ទម្ងន់​ជាង 1,000 តោន បាន​យ៉ាង​សុក្រឹត។ វា​ក៏​អាច​ផ្លាស់​ទី​ដោយ​ស្វ័យប្រវត្ត​នៅក្នុង​ផ្លូវ​រូង និង​អាច​សម្រួល​ផ្លូវ​របស់​វា​ដោយ​ឯកឯង​តាមរយៈ​កាំរស្មី​អ៊ី​ន​ហ្វ្រា​រ៉េដ។

ស្ពាន​ឆ្លង​ឈូង​សមុទ្រ Meizhou គឺជា​ផ្នែក​មួយ​នៃ​ផ្លូវដែក​ល្បឿន​លឿន Fuzhou-Xiamen ជា​ផ្លូវដែក​ល្បឿន​លឿន​ឆ្លងកាត់​សមុទ្រ​ដំបូង​របស់​ប្រទេស​ចិន ដែល​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​ចាប់ពី​ឆ្នាំ 2023។

ជាមួយនឹង​ការ​រចនា​ដែល​អាចឱ្យ​បើកបរ​ក្នុង​ល្បឿន 350 គីឡូម៉ែត្រ/ម៉ោង ផ្លូវដែក​នេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​ជួយ​កាត់បន្ថយ​ពេលវេលា​នៃ​ការធ្វើដំណើរ​ពី​ទីក្រុង​រដ្ឋបាល Fuzhou ទៅកាន់​តំបន់​ទេសចរណ៍​នានា​នៅ Xiamen នៃ​ខេត្ត Fujian ចុះមក​នៅត្រឹម​មួយ​ម៉ោង៕

Advertisement