ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក នៅ​រាជធានី គ្រោង​នឹង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ឆាប់ៗនេះ

ស្ពាន​អាកាស​ថ្មើរជើង​សន្ធរម៉ុក ស្ថិតក្នុង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នឹងត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅពេល​ដ៏​ខ្លី​ខាងមុខ ក្រោម​អធិបតីភាព ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុង​គ្រា​ដែល​ការសាងសង់​បាន​រួចរាល់ ១០០% ហើយ នេះ​បើតាម​ការបញ្ជាក់​កាលពី​ព្រឹម​មិញ របស់​មន្ដ្រី​ជំនាញ​នៃ រដ្ឋបាល​រាជធានី​ភ្នំពេញ។

ស្ពាន​ថ្មើរជើង​សន្ធរម៉ុក ត្រូវបាន​សាងសង់​រំលង​មហាវិថីធំៗ និង​នៅលើ​ចំណុចប្រសព្វ​ផ្លូវបែក​ជា ៤ ដោយ​កាត់​ទទឹង ផ្លូវ​ម៉ៅ​សេទុង ២ ខ្សែ និង​កាត់​ទទឹង ផ្លូវ​កម្ពុជា​ក្រោម ២ ខ្សែ ដែលជា​កន្លែង​មមាញឹក ដោយ​អ្នក​ថ្មើរជើង​ឆ្លងកាត់​ច្រើន ដូច្នេះ វា​នឹង​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ ចំណេញ​ពេលវេលា និង​កាត់​បន្ត​ការកកស្ទះ​ចរាចរណ៍​ផងដែរ។

បច្ចុប្បន្ន មាន​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន ៤ កន្លែង ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​នៅក្នុង រាជធានី​ភ្នំពេញ រួមមាន ២ កន្លែង​នៅ តំបន់​ជម្ពូ​វ័​ន្ត ខណ្ឌ​ពោធិ៍​សែន​ជ័យ, ១ កន្លែង​នៅ តំបន់​ភ្លើងស្តុប​នាង​គ​ង្ហី​ង និង ១ កន្លែង​ទៀត នៅ​ផ្សារ​ដើម​គរ។

Advertisement