សម្ពោធ​ដាក់​ដំណើរការ «ព្រលាន​ឡាន​ហោះ» ដំបូង​ក្នុង​ពិភពលោក

(អង់គ្លេស)-ព្រលាន​ឡាន​ហោះ Air One ដំណើរការ​ដោយ​ស្វ័យប្រវត្ត និង​រួមផ្សំ​ជាមួយ​មធ្យោបាយ​ដឹកជញ្ជូន​ដើរ​ដោយ​ថាមពល​អគ្គិសនី ដើម្បី​នាំមក​នូវ​បណ្ដាញ​ចរាចរណ៍​សាធារណៈ​ក្នុង​ក្រុង​ដែល​មិន​បញ្ចេញ​ឧស្ម័ន​ពុល។

Air One ជា​ព្រលានយន្តហោះ​ដំបូង​គេ​ក្នុង​ពិភពលោក​សម្រាប់​ឡាន​ហោះ និង​យន្តហោះ​ដ្រូ​ន​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី។ Air One បើក​ដំណើរការ​នៅ​ទីក្រុង Coventry របស់ ប្រទេស​អង់គ្លេស នេះ​បើតាម​ការចុះផ្សាយ​កាលពី​ថ្ងៃទី ២៩ មេសា របស់ Interesting Engineering។ បើសិនជា​ជោគជ័យ Air One នឹង​ក្លាយជា​គំរូ​សម្រាប់​ការសាងសង់​ព្រលាន​ឡាន​ហោះ​រាប់រយ​ផ្សេងទៀត​នៅ​ទូទាំង​សកលលោក។

ក្រុម​អ្នកស្រាវជ្រាវ​ឱ្យដឹងថា ទីផ្សារ​សម្រាប់​យានយន្ត​ក្នុង​វិស័យ​អាកាសចរណ៍​ទំនើប អាច​ឡើងដល់ ១២.៤ ពាន់​លាន​ដុល្លារ​នៅ​ទូទាំង​សកលលោក នៅ​ឆ្នាំ ២០២៧។ ក្នុង​គ្រា​ដែល​ក្រុម​វិស្វករ និង​ក្រុម​អ្នក​រចនា ស្រាវជ្រាវ​អំពី​យន្តហោះ​ដែល​អាច​ហោះ​ឡើង និង​ចុះចត​ត្រង់ ដើម្បី​អាច​បម្រើ​ដល់​វិស័យ​ចរាចរណ៍​ក្នុង​ក្រុង Urban-Air Port ដែលជា​ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​មាន​មូលដ្ឋាន​នៅ អង់គ្លេស ក៏បាន​ប្រឹងប្រែង​ដើម្បី​បង្ហាញថា ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​សម្រាប់​ពួកវា មិន​ស្មុគស្មាញ​ដូច​អ្វីដែល​មនុស្ស​ជាច្រើន​បានគិត។

Air One ដែលជា​ព្រលាន​ឡាន​ហោះ​បណ្ដោះអាសន្ន​ដំបូង​របស់ Urban-Air Port ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ដោយ​ប្រើពេល ១៥ ខែ ក្នុងនោះ​ក៏​រួមទាំង​ពេលវេលា​នៃ​ការ​គូ​ប្លង់ និង​ការសាង់សង់។ នេះ​គឺជា​គម្រោង​សហការ​រវាង ក្រុមប្រឹក្សា​ក្រុង Coventry និង Urban-Air Port ដើម្បី​បញ្ជាក់​ឱ្យដឹងថា ការដឹកជញ្ជូន​ផ្នែក​អាកាសចរណ៍​នៅ​ទីក្រុង អាចជួយ​កាត់បន្ថយ​ការបំពុល​បរិយាកាស និង​បញ្ហា​កកស្ទះ​ចរាចរណ៍​បាន​ដល់​កម្រិតណា។

Air One ដំណើរការ​ដោយ​ថ្ម​ឧស្ម័ន​អ៊ីដ្រូសែន និង​ត្រូវបាន​រចនា​ឡើង​ដើម្បី​អាច​ដំណើរការ​ដោយ​ស្វ័យប្រវត្ត។ Air One បាន​សហការ​ជាមួយ Supernal របស់​ក្រុមហ៊ុន Hyundai ដើម្បី​ប្រើប្រាស់​គំរូ​តាក់ស៊ី​ហោះ SA-1 ធ្វើជា​យាន​សម្រាប់​ការបង្ហាញ​ជាក់ស្ដែង។

«នេះ​គឺជា​ដំណាក់កាល​ដំបូង​នៃ​យុគសម័យ​ដឹកជញ្ជូន​បែប​ថ្មី ជា​សម័យកាល​មិន​បញ្ចេញ​ឧស្ម័ន​ពុល មិន​បង្ក​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​បណ្ដា​ទីក្រុង ហើយ​តាមរយៈ​នេះ​នឹង​ជួយ​ឱ្យ​មនុស្ស​មាន​សុខ​ភាពល្អ សុភមង្គល និង​ទទួលបាន​ការតភ្ជាប់​ច្រើនជាង​មុន» Ricky Sandhu ស្ថាបនិក​របស់ Urban-Air Port ថ្លែង​ដូច្នេះ។

 

Air One នឹង​បើកទ្វារ​ទទួលភ្ញៀវ​ចូលមក​ទស្សនា​នៅក្នុង​រដូវក្ដៅ​ឆ្នាំនេះ ហើយ​ក្រោយមក Urban-Air Port នឹង​រើ Air One ទៅ​ដា​ក់នៅ​កន្លែងផ្សេងៗក្នុង ប្រទេស​អង់គ្លេស ដើម្បីឱ្យ​មនុស្ស​ជាច្រើន​ផ្សេងទៀត​បាន​ស្គាល់។ ក្នុងពេល Air-One បើកទ្វារ​ដំណើរការ ជើងហោះហើរ​នានា​របស់​ប៉ូលិស និង​យន្តហោះ​ដ្រូ​ន​ដឹកទំនិញ​នឹងត្រូវ​បានធ្វើ​ឡើង។

តាម​គម្រោង Sandhu នឹង​បើក​ដំណើរការ​ព្រលាន​ឡាន​ហោះ​ជាង ២០០ កន្លែង នៅលើ​ពិភពលោក ជាមួយនឹង​គម្រោង​ដែល​កំពុង​ចាប់ផ្ដើម​អនុវត្ត​នៅក្នុង​ទីតាំង​មួយចំនួន​នៅ​ទីក្រុង London (អង់គ្លេស), Los Angeles (អាម៉េរិក), អូស្ត្រាលី, កូរ៉េខាងត្បូង, បារាំង, អាល្លឺម៉ង់, តំបន់ Scandinavia (ដា​ណឺ​ម៉ាក, ន័​រ​វែ​ស និង ស៊ុយអែត) និង អាស៊ីអាគ្នេយ៍ ផងដែរ៕

Advertisement