(វីដេអូ)-ទំនប់​​វា​រី​​អគ្គិសនី​​ធំ​ជាង​គេ​​លំដាប់​​ទី​​ពីរ​​ក្នុង​​ពិភព​លោក​ ​សាង​សង់​​ជិត​​រួច​រាល់​​ជា​​ស្ថាពរ

ស្ថានីយ​វា​រី​អគ្គិសនី Baihetan ស្ថិតនៅលើ​ទន្លេ Yangtze មាន​កម្លាំង ១៦ លាន​គីឡូវ៉ាត់ គ្រោង​នឹង​សាងសង់​រួចរាល់​ជា​ស្ថាពរ​នៅក្នុង​ខែកក្កដា ២០២២។

ស្ថានីយ​វា​រី​អគ្គិសនី Baihetan កំពុង​ត្រូវបាន​បង្ហើយ​ការងារ​នៃ​ការដំឡើង​ម៉ាស៊ីន​វា​រី​អគ្គិសនី ២ គ្រឿង​ចុងក្រោយបង្អស់។ នៅពេល​ស្ថាបនា​រួចរាល់​នៅក្នុង​ខែកក្កដា វា​នឹង​ក្លាយជា​ស្ថានីយ​វា​រី​អគ្គិសនី​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បន្ទាប់ពី​គម្រោង​ទំនប់​វា​រី​អគ្គិសនី Three Gorge។

ស្ថិតនៅត្រង់​កំណាត់​លើ​នៃ​ទន្លេ Yangtze ទំនប់​ដែលមាន​រាង​ដូច​ដំបូង​នេះ មាន​កម្ពស់ ២៨៩ ម៉ែត្រ និង​ប្រវែង ៧០៩ ម៉ែត្រ។ Baihetan នឹងមាន​កម្លាំង​សរុប ១៦ លាន​គីឡូវ៉ាត់ ដោយ​បំពាក់​ម៉ាស៊ីន​វា​រី​អគ្គិសនី​ចំនួន ១៦ គ្រឿង ក្នុងនោះ ១ គ្រឿងៗមាន​កម្លាំង ១ លាន​គីឡូវ៉ាត់ ដែល​នេះ​គឺ​ខ្លាំង​បំផុត​ក្នុង​ពិភពលោក បើ​និយាយ​ពី​កម្លាំង​ម៉ាស៊ីន​ទោល។

មហា​គម្រោង​នេះ​ត្រូវបាន​ចាប់ផ្ដើម​ស្ថាបនា​កាលពី​ឆ្នាំ ២០១៧ និង​ត្រូវ​ចំណាយ​ទុនវិនិយោគ ៣៤ ពាន់​លាន​ដុល្លារ​អាម៉េរិក។ ម៉ាស៊ីន​វា​រី​អគ្គិសនី​ចំនួន ២ គ្រឿង​ដំបូង​បានដាក់​ឱ្យ​ដំណើរការ​កាលពី​ខែមិថុនា ២០២១។

ជា​គម្រោង​ធំ​មួយ​ក្នុង​កម្មវិធី​ផលិត និង​ចែកចាយ​អគ្គិសនី​បស្ចិម-បូព៌ា របស់ ប្រទេស​ចិន គម្រោង​វា​រី​អគ្គិសនី Baihetan បញ្ជូន​អគ្គិសនី​ពី​តំបន់​ភាគ​ខាងលិច​ដែល​សម្បូរ​ធនធានធម្មជាតិ មកកាន់​បណ្ដា​តំបន់​ខាងកើត​ដែលមាន​តម្រូវការ​អគ្គិសនី​ខ្ពស់។

គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ជួយ​កាន់​បន្ថយ​ការប្រើប្រាស់​ធ្យូងថ្ម​ប្រហែល ១៩.៦៨ លាន​តោន និង​កាត់បន្ថយ​ឧស្ម័ន​កាបូនឌីអុកស៊ីត (CO2) បាន​ប្រហែល ៥១.៦ លាន​តោន ជា​រៀងរាល់ឆ្នាំ៕

Advertisement