រដ្ឋមន្ត្រី​កម្ពុជា ថា គម្រោង​កំពង់ផែ​ពហុ​បំណង នៅ កំពត ជួយ​ឱ្យ កម្ពុជា ចំណេញ​ច្រើន ធៀប​នឹង​ការនាំចេញ​ទៅតាម​កំពង់ផែ​នៅ វៀតណាម

ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​វិនិយោគ​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​កំពង់ផែ​ពហុ​បំណង របស់​ក្រុមហ៊ុន កំពត ឡូ​ជី​ស្ទីក អេ​ន ផត ឯ.ក ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោមអធិ​បតីភាពលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុង​កម្មវិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​នេះ​ក៏​មាន​វត្តមាន​របស់ លោក ស៊ុន ចានថុល ​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ផងដែរ​។ លោក ស៊ុន ចានថុល បាន​មានប្រសាសន៍​អំពី​ចំណុចសំខាន់ៗដែល​គម្រោង​នេះ​នឹង​បង្កើតឡើង នៅ​ក្នុង​កិច្ច​សម្ភាស​ជា​មួយ​ក្រុម​អ្នក​យក​ព័ត៌មាន​។

លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

លោក​ទេសរដ្ឋមន្ត្រី​ថ្លែងថា កំពង់ផែ​ពហុ​បំណង​នេះ​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​រៀបចំ​ឱ្យមាន​ឃ្លាំង​ភស្ដុភា​រកម្ម តំបន់​សេដ្ឋកិច្ច​ពិសេស និង​មជ្ឈមណ្ឌល​ឥន្ធនៈ នៅ កម្ពុជា។ លោក​ថា កំពង់ផែ​នេះ​នឹង​បំពេញបន្ថែម​នូវ​ការងារ​របស់ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ និង កំពង់ផែ​ស្វយ័ត​ភ្នំពេញ។ កំពង់ផែ​នេះ​អាច​ទទួល​នាវា​ប្រភេទ ១០០,០០០ តោន​បាន និង​ផ្ដល់​ការងារ​ចំនួន ១០,០០០ កន្លែង ដល់​ប្រជាជន​កម្ពុជា ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន

គម្រោង​វិនិយោគ​ខាងលើ​នឹង​ជួយ​ឱ្យ កម្ពុជា រកបាន​ចំណូល​ខ្ពស់​ចាប់ពី​ឆ្នាំ ២០៥០ នេះ​បើតាម រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។ លោក​បន្តថា កំពង់ផែ​នេះ​ក៏​នឹង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ដឹកទំនិញ​ក្នុងស្រុក​ទៅ​លក់​នៅ​បរទេស សម្រាប់​ការដឹកជញ្ជូន​តាម​ដង​ទន្លេ​បាសក់​មកកាន់​សមុទ្រ។ ធៀប​នឹង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​លើ​ទន្លេមេគង្គ​ទៅកាន់​កំពង់ផែ នៅ វៀតណាម ការដឹក​ទំនិញ​តាម​ទន្លេបាសាក់​មកកាន់​កំពង់​ផែន​ពហុ​បំណង នៅ កំពត របស់ កម្ពុជា នឹង​ជួយ​ឱ្យ​យើង​ចំណេញ​ពេលវេលា ប្រាក់កាស និង​កម្លាំង​បាន​ច្រើនជាង។

ចំណែក​ការស្ថាបនា​កំពង់ផែ​នេះ លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា ក្នុង​ជំហាន​ទីមួយ​នឹងត្រូវ​ចំណាយ ២០០ លាន​ដុល្លារ​សហរដ្ឋ​អាម៉េរិក ខណៈដែល​ខ្ទង់វិនិយោគ​សរុប​​​ឡើងដល់ ១,៥០០ លាន​ដុល្លារ​អាម៉េរិក៕

Advertisement