ប្រទេស​នេះ​កំពុង​ត្រៀម​​ដំណើរការ​ឧទ្យាន​អគ្គិសនី​ព្រះអាទិត្យ​អណ្ដែត​លើទឹក​ធំ​បំផុត​នៅ អឺរ៉ុប

ព័រ​ទុយ​ហ្គា​ល់ កំពុង​ត្រៀម​សម្រាប់​ដំណើរការ​ឧទ្យាន​អគ្គិសនី​ព្រះអាទិត្យ​អណ្ដែត​លើទឹក​របស់​ទំនប់ Alqueva នៅ​ភាគខាងត្បូង​ប្រទេស​នេះ ចាប់ពី​ខែកក្កដា​ខាងមុខ។

ឧទ្យាន​អគ្គិសនី​ព្រះអាទិត្យ​ធំ​បំផុត​នៅ អឺរ៉ុប នេះ គឺជា​ផ្នែក​មួយ​ក្នុងចំណោម​គម្រោង​របស់ ព័រ​ទុយ​ហ្គា​ល់ ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកលើ​ឥន្ធនៈ​ហ្វូ​ស៊ី​ល នាំចូល​ពី​បរទេស ដែល​បច្ចុប្បន្នកំពុង​ឡើងថ្លៃ​ខ្ពស់ ចាប់តាំងពី រុស្ស៊ី បាន​ចូល​ឈ្លានពាន អ៊ុយ​ក្រែ​ន។

ថ្មីៗនេះ កប៉ាល់​សណ្ដោង​ចំនួន ២ គ្រឿង បាន​អូស​ប្រព័ន្ធ​មួយ​ដែលមាន​ផ្ទាំង​សូ​ឡា​ចំនួន ១២,០០០ ផ្ទាំង ទំហំ​ប្រហាក់ប្រហែល​នឹង​ទីលាន​បាល់ទាត់​ចំនួន ៤ ទៅដល់​ទំនប់ Alqueva រួចហើយ។ ប្រព័ន្ធ​អណ្ដែត​លើទឹក​នេះ​ត្រូវបាន​ដំឡើង​ដោយ​ក្រុមហ៊ុន​អគ្គិសនី EDP របស់ ព័រ​ទុយ​ហ្គា​ល់ នៅលើ​ទឹក​បឹង​ជីក​ធំ​បំផុត​នៅ អឺរ៉ុប​ខាងលិច និង​មាន​កម្លាំង ៥ មេ​ហ្គា​វ៉ា​ត់។

ព័រ​ទុយ​ហ្គា​ល់ កំពុង​ព​ន្លឿ​ន​ការ​ងាក​ទៅប្រើ​ប្រាស់​ថាមពល​កកើត​ឡើងវិញ នៅពេល​រង​ផលប៉ះពាល់​ដោយសារ​តម្លៃ​ប្រេង​ឡើងថ្លៃ បើ​ទោះ​ប្រទេស​នេះ​ស្ទើរតែ​មិន​ប្រើប្រាស់​ថាមពល អ៊ី​ដ្រូ​កាបូន (hydrocarbon) របស់ រុស្ស៊ី។

ផ្ទាំង​សូ​ឡា​ខាងលើ​នឹង​ផលិត​អគ្គិសនី​បាន ៧.៥ GWh ក្នុង ១ ឆ្នាំ ហើយ​វា​នឹង​ត្រូវបាន​បន្ថែម​ថ្ម lithium ដើម្បី​អាច​រក្សាទុក​អគ្គិសនី​បាន ២ GWh។ គម្រោង​នេះ​នឹង​ផ្គត់ផ្គង់​អគ្គិសនី​ដល់​គ្រួសារ​ចំនួន ១,៥០០ គ្រួ ឬ​ស្មើនឹង ៣០% នៃ​តម្រូវការ​អគ្គិសនី​របស់​ទីរួមស្រុក Moura និង Portel ដែល​នៅក្បែរនោះ។

កាលពី​ឆ្នាំ ២០១៧ EDP ក៏បាន​ដំឡើង​រោងចក្រ​អគ្គិសនី​ព្រះអាទិត្យ​អណ្ដែត ដែលមាន​ផ្ទាំង​សូ​ឡា​ចំនួន ៨៤០ ផ្ទាំង នៅលើ​ផ្ទៃ​ទឹក​របស់​ទំនប់ Alto Rabagao ផងដែរ។ នេះ​គឺជា​គម្រោង​អគ្គិសនី​ព្រះអាទិត្យ​អណ្ដែត​ទឹក​ដំបូងបង្អស់​នៅ អឺរ៉ុប។

Advertisement