សណ្ឋាគារ​អវកាស​នឹង​បើកទ្វារ​ទទួលភ្ញៀវ​ទេស​រណ៍​នៅ​ឆ្នាំ ២០២៥

សណ្ឋាគារ​អវកាស​ Pioneer

ក្រុមហ៊ុន Orbital Assembly នៅ Fontana រដ្ឋ California សហរដ្ឋ​អាម៉េរិក បាន​បង្ហើប​ឱ្យដឹង​អំពី​ស្ថានីយ​អវកាស​ថ្មី​ចំនួន ២ ដែល​នឹង​ប្រើប្រាស់​ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍​អវកាស ហើយ​គ្រោង​នឹង​បើក​ដំណើរការ​ចាប់ពី​ឆ្នាំ ២០២៥។

ក្រុមហ៊ុន Gateway Foundation បាន​ណែនាំ​អំពី​គំនិត​សាងសង់​សណ្ឋាគារ​អវកាស​កាលពី​ឆ្នាំ ២០១៩។ គោលដៅ​របស់​ពួកគេ​គឺ​បង្កើត​ទីតាំង​មួយ​ដែល​នៅ​ឆ្ងាយ​ពី​ផែនដី មាន​បន្ទប់ធ្វើការ និង​បន្ទប់​សម្រាប់​ភ្ញៀវ​ទេសចរណ៍។

ស្ថានីយ Pioneer អាចដាក់​មនុស្ស​បាន ២៨ នាក់ នៅពេល​បើក​ដំណើរការ​នៅ​ឆ្នាំ ២០២៥។ ស្ថានីយ​មួយទៀត​គឺ Voyager ដែល​គ្រោង​នឹង​បើកទ្វារ​ទទួលភ្ញៀវ​នៅ​ឆ្នាំ ២០២៧ អាចដាក់​មនុស្ស​បាន ៤០០ នាក់។

«គោលដៅ​របស់​យើង​គឺ​ការនាំ​មនុស្ស​ច្រើន​នាក់​ទៅ​រស់នៅ ធ្វើការ និង​អភិវឌ្ឍ​នៅ​ទី​អវកាស» Tim Alatorre នាយក​ប្រតិបត្តិ​របស់ Orbital Assembly ដែលជា​ក្រុមហ៊ុន​ទទួលខុសត្រូវ​ក្នុងការ​សាងសង់​ស្ថានីយ​អវកាស​ទាំងពីរ​ខាងលើ ឱ្យដឹង​ដូច្នេះ។

ស្ថានីយ​អវកាស​ទាំង ២ ដែលមាន​រូបរាង​ដូច​ទៅនឹង​កង់ឡាន មាន​ទំនាញ​សិប្បនិម្មិត អនុញ្ញាតឱ្យ​មនុស្ស​ដើរ​បាន​ស្រួល។ ស្ថានីយ Pioneer តូច​ជាង​ស្ថានីយ Voyager ប៉ុន្តែ​នឹងមាន​បន្ទប់​ចំនួន ៥ នៅ​ជុំវិញ​កង់​របស់​វា។

 

Advertisement