អង់គ្លេស នឹង​សាងសង់​រោងចក្រ​អគ្គិសនី​ព្រះអាទិត្យ​នៅ «លើ​មេឃ»

ក្រុម​អ្នកស្រាវជ្រាវ​កំពុង​ពិនិត្យ​លទ្ធភាព​រចនា​ម៉ូឌុល​នៃ​រោងចក្រ​ប្រមូលយក និង​បញ្ជូន​ថាមពលព្រះអាទិត្យ​មកកាន់​ផែនដី ដែល​រោងចក្រ​នេះ​នឹងត្រូវ​សាកល្បង​នៅ​ឆ្នាំ ២០៣៥។

ស្ថាប័ន​បច្ចេកវិទ្យា​ជាង ៥០ របស់ អង់គ្លេស រួមទាំង​ក្រុមហ៊ុន​អាកាសចរណ៍ Airbus, សាកលវិទ្យាល័យ Cambridge និង​ក្រុមហ៊ុន​ផលិត​ផ្កាយរណប SSTL កំពុង​ចូលរួម​ក្នុង​គម្រោង​ស្ដីពី​ថាមពល​អវកាស​អង់គ្លេស ដែល​ត្រូវបាន​ផ្ដួចផ្ដើមឡើង​កាលពី​ឆ្នាំ​កន្លង ដើម្បី​ស្វែងយល់​អំពី​លទ្ធភាព​នៃ​ការអភិវឌ្ឍ​រោងចក្រ​អគ្គិសនី​ព្រះអាទិត្យ​នៅ​ទី​អវកាស។

យោងតាម​គម្រោង​ខាងលើ ការបញ្ជូន​អគ្គិសនី​ពី​អវកាស​មកកាន់​ផែនដី អាចជួយ​ឱ្យ អង់គ្លេស ឆ្លើយតប​នឹង​គោលដៅ​មិន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ឆ្នាំ ២០៥០។ សំណើ​បញ្ឈប់​បំ​ភាយ​ឧស្ម័ន​កាបូន​ទាំងស្រុង​នៅ​ពាក់កណ្ដាល​សតវត្សរ៍​នេះ​គឺ​ស្ថិតក្នុង​ការប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​បម្រែបម្រួល​អាកាសធាតុ​របស់​ពិភពលោក។

យន្តការ​នៃ​រោង​ចក្រ​ថាមពល​ព្រះអាទិត្យ​នៅ​លើ​មេឃ

ក្នុង​កិច្ចប្រជុំ​មួយ​នៅ អង់គ្លេស កាលពី​ថ្ងៃទី ២៧ មេសា Martin Soltau ដែលជា​ប្រធាន​របស់​គម្រោង​ផ្ដួចផ្ដើម​ខាងលើ​បាន​បញ្ជាក់ថា បច្ចេកវិទ្យា​ទាំងឡាយ​ដែល​ត្រូវការ​ដើម្បី​អភិវឌ្ឍ​រោងចក្រ​ថាមពលព្រះអាទិត្យ​ក្នុង​ទី​អវកាស​គឺមាន​រួចហើយ ឧបសគ្គ​គឺ​នៅត្រង់​ទំហំ​របស់​គម្រោង។ ម៉ូឌុល​ដែល​ត្រូវ​បង្កើតឡើង​ដើម្បី​ធ្វើការ​សាកល្បង ក៏មាន​ទំហំ​ធំ ពោលគឺ​ប្រហែល​រ៉ាប់​គីឡូ​ម៉ែត្រក្រឡា និង​ត្រូវ​ការបាញ់​បង្ហោះ ៣០០ ដង ដោយ​ប្រើប្រាស់​រុ​ក្កែ​ត Starship របស់ SpaceX។ រោងចក្រ​នៅលើ​មេឃ​នេះ​នឹងត្រូវ​គោចរ​ជុំវិញ​ផែនដី​ក្នុង​រយៈកម្ពស់ ៣៦,០០០ គៅ​ឡូ​ម៉ែត្រ។

ដើម្បី​ប្រមូល​ថាមពល​ពី​ទី​អវកាស ប្រព័ន្ធ​នឹងត្រូវ​ការ​អង់​តែ​ន​ខ្នាត​យក្ស​មួយ​នៅលើ​ផែនដី ហៅថា rectenna។ អង់​តែ​ន​នេះ​ចាប់យក​រលក​វិទ្យុសកម្ម​ពី​អវកាស និង​បំប្លែង​ទៅជា​អគ្គិសនី។ Soltau ឱ្យដឹងថា rectenna នឹង​ដូច​ទៅនឹង​សំណាញ់​ដ៏​ធំ​មួយ​ដែលមាន​អង់​តែ​នតូចៗជាច្រើន។ វា​នឹងមាន​ទំហំ​ពី ៧ ដល់ ១៣ គីឡូម៉ែត្រ៕

Advertisement