(វីដេអូ)-ចិន ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ប្រវែង​ជាង ១៥០ គីឡូម៉ែត្រ ឆ្លងកាត់​សមុទ្រ​ខ្សាច់

អាជ្ញាធរ​ចិន កំពុងតែ​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន (highway) ថ្មី នៅ​កណ្ដាល Taklimakan ដែលជា​សមុទ្រ​ខ្សាច់​ធំជាងគេ និង​ពោរពេញ​ដោយ​ឧបសគ្គ ដូចជា​ព្យុះ​ខ្សាច់ និង​សីតុណ្ហភាព​ក្ដៅ​ខ្លាំង ឬ​ត្រជាក់​ខ្លាំង​ជាដើម របស់​ប្រទេស​នេះ។

សមុទ្រ​ខ្សាច់ Taklimakan ស្ថិតនៅ​ភាគ​ពាយព្យ​នៃ​តំបន់​ស្វយ័ត Xinjiang។ ផ្លូវ​នេះ​នឹងមាន​ប្រវែង ១៥១,៧៦៤ គីឡូម៉ែត្រ ភ្ជាប់​ទីរួមស្រុក Tazhong នៅ​កណ្ដាល​សមុទ្រ​ខ្សាច់​ជាមួយនឹង​ផ្លូវជាតិ G៣១៥ នៅ​ភាគខាងត្បូង។ ផ្លូវ​ថ្មី​នេះ​នឹង​ក្លាយជា​កំណាត់​ផ្លូវ​មួយ​ខ្សែ​របស់​ផ្លូវ​ល្បឿន​លឿន​ឆ្លងកាត់​សមុទ្រ​ខ្សាច់ Junmin។

មាន​ប្រវែង ១,០០០ គូ​ឡូ​ម៉ែត្រ និង​ទទឹង ៤០០ គីឡូម៉ែត្រ Taklimakan គឺជា​សមុទ្រ​ខ្សាច់​ផ្លាស់​ទី​ធំជាងគេ​លំដាប់​ទី ២ ក្នុង​ពិភពលោក ដោយមាន​ផ្ទៃដី ៨៥% គឺជា​ផ្នូរខ្សាច់។

ការស្ថាបនា​ផ្លូវ​លើ​សមុទ្រ​ខ្សាច់​គឺជា​រឿង​លំបាក​ខ្លាំង​ដោយសារ​តែមាន​ឧបសគ្គ​ច្រើន។ បញ្ហា​សីតុណ្ហភាព​ក្ដៅ និង​ត្រជាក់​ខុសគ្នា​ឆ្ងាយ ធ្វើឱ្យ​ការស្ថាបនា​កាន់តែ​មាន​ភា​ព​ស្មុគស្មាញ។ នៅ​រដូវក្ដៅ សីតុណ្ហភាព​របស់ Taklimakan កន្លែង​ខ្លះ​ឡើងដល់ ៧០ អង្សា​សេ។

ឧបសគ្គ​ធំជាងគេ​បច្ចុប្បន្ន​គឺ​ព្យុះ​ខ្សាច់​ដែលមាន​កម្លាំង​ខ្យល់​ខ្លាំង ពិសេស​នៅក្នុង​ខែមេសា ឧសភា នេះ​បើតាម Li Panfeng ប្រធាន​ក្រុម​វិស្វករ​របស់​គម្រោង​នេះ។

គម្រោង​នេះ​បានចាប់ផ្ដើម​ស្ថាបនា​តាំងពី​ថ្ងៃទី ២៦ កុម្ភៈ ២០២២ ហើយ​គ្រោង​នឹង​រួចរាល់​នៅក្នុង​ខែតុលា ២០២៣។

Advertisement