ស្ថានីយ​វា​រី​អគ្គិសនី​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក បាន​ដំឡើង​ប្រព័ន្ធ​ម៉ាស៊ីន​ចុងក្រោយ​រួចរាល់​ហើយ

(ប្រទេស​ចិន)-រោងចក្រ​វា​រី​អគ្គិសនី Baihetan បញ្ចប់​ជា​ស្ថាពរ​នូវ​កិច្ច​ការដំឡើង​ប្រព័ន្ធ​ម៉ាស៊ីន​ចុងក្រោយ​ដែលមាន​កម្លាំង ១ លាន​គីឡូវ៉ាត់ ត្រៀម​ដំណើរការ​ពេញលេញ។

«នៅ​ខាងក្រោយ​ខ្ញុំ គឺជា​រោងចក្រ​វា​រី​អគ្គិសនី Baihetan» Zheng Bofei អ្នកយកព័ត៌មាន​រប​ស់ Xinhua រៀបរាប់។ «ប្រព័ន្ធ​ម៉ាស៊ីន​ចុងក្រោយ​ទើបតែ​ត្រូវបាន​ដំឡើង​រួចរាល់ មានន័យថា ស្ថានីយ​នេះ​ឈាន​ចូលដល់​ដំណាក់កាល​ជិត​បាន​ដំណើរការ​ពេញលេញ»។

ប្រព័ន្ធ​ម៉ាស៊ីន​លេខ ៩ (No. 9) ត្រូវបាន​ដំឡើង​រួចរាល់​ហើយ។ គ្រប់​ប្រព័ន្ធ​ម៉ាស៊ីន​ទាំងអស់​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​ចាប់ពី​ចុងឆ្នាំ​នេះ។ ពេលនោះ Baihetan នឹង​ក្លាយជា រោងចក្រ​វា​រី​អគ្គិសនី​ធំជាងគេ​លំដាប់​ទី ២ ក្នុង​ពិភពលោក បើ​និយាយ​អំពី​កម្លាំង​ដំឡើង​សរុប។

ស្ថានីយ​វា​រី​អគ្គិសនី Baihetan បំពាក់​ម៉ាស៊ីន​វា​រី​អគ្គិសនី​ចំនួន ១៦ ហើយ​ក្នុង​ម៉ាស៊ីន ១ គ្រឿងៗ មាន​កម្លាំង ១ លាន​គីឡូវ៉ាត់ ដែលជា​កម្លាំង​ខ្លាំង​បំផុត​ក្នុង​ពិភពលោក។

Kang Yonglin មកពី​ការិយាល័យ​សាងសង់ និង​បច្ចេកទេស​នៃ​ក្រុមហ៊ុន China Three Gorges Corporation ឱ្យដឹងថា «កម្លាំង​ម៉ាស៊ីន​ទោល​គឺ ១ លាន​គីឡូវ៉ាត់ មានន័យថា ប្រព័ន្ធ​ម៉ាស៊ីន ១ គ្រឿង អាច​ផលិត​អគ្គិសនី​បាន ១ លាន​គីឡូវ៉ាត់​ក្នុង ១ ម៉ោង»។

នៅពេល​ប្រព័ន្ធ​ម៉ាស៊ីន​វា​រី​អគ្គិសនី​ទាំង ១៦ ដំណើរការ​ពេញលេញ អគ្គិសនី​ដែល​វា​ផលិត​បាន​ប្រចាំថ្ងៃ នឹង​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់​ទីរួមស្រុក​មួយ​ដែលមាន​ប្រជាជន ៥០០,០០០ នាក់ ក្នុង​រយៈពេល ១ ឆ្នាំ។

រោងចក្រ​វា​រី​អគ្គិសនី​នេះ​ស្ថិតនៅលើ​ទន្លេ Jinsha ដែលជា​ដៃ​ខាងលើ​នៃ​ទន្លេ Yangtze ក្នុង​ខេត្ត Sichuan និង Yunnan ភាគ​និរតី​នៃ ប្រទេស​ចិន។ ៧ ក្នុងចំណោម ១៦ ម៉ាស៊ីន​វា​រី​អគ្គិសនី​របស់ Baihetan ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ពេញ​លេញ។ ចាប់តាំងពី​ខែមិថុនា ២០២១ Baihetan ផលិត​អគ្គិសនី​បាន​ជាង ២៦.៥ ពាន់​លាន​គីឡូវ៉ាត់ម៉ោង​រួចហើយ។

Advertisement