ស្ថានីយ​វា​រី​អគ្គិសនី​ធំជាងគេ​លំដាប់​ទី​ពីរ​ក្នុង​ពិភពលោក ដំណើរការបាន ៥០% ហើយ

ស្ថានីយវារីអគ្គិសនី Baihetan

(ប្រទេស​ចិន)-ប្រព័ន្ធ​ម៉ាស៊ីន​វា​រី​អគ្គិសនី​លេខ ៥ ដែលមាន​កម្លាំង ១ លាន​គីឡូវ៉ាត់ របស់​រោងចក្រ​វា​រី​អគ្គិសនី Baihetan ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ចាប់តាំងពី​ថ្ងៃទី ៣០ ឧសភា។

ស្ថានីយ​វា​រី​អគ្គិសនី Baihetan ដែល​ស្ថិតនៅលើ​ទន្លេ Jinsha ដែលជា​ដៃទន្លេ​ផ្នែក​ខាងលើ​របស់​ទន្លេ Yangtze ជួយ​បញ្ជូន​អគ្គិសនី​ពី​តំបន់​ភាគ​ខាងលិច​ដែល​សម្បូរ​ធនធានធម្មជាតិ ទៅកាន់​តំបន់​ភាគ​ខាងកើត​របស់ ប្រទេស​ចិន ដែល​ក្រីក្រ​ធនធានធម្មជាតិ។ គម្រោង​ស្ថានីយ​វា​រី​អគ្គិសនី Baihetan គឺជា​ការបោះ​ជំហាន​ធំ​មួយ​នៅក្នុង​ការប្រើប្រាស់​ថាមពល​ស្អាត​របស់​ប្រទេស​នេះ។

រាប់​ចាប់តាំងពី​ប្រព័ន្ធ​ម៉ាស៊ីន​ដំបូង​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ខែមិថុនា ២០២១ រោងចក្រ​វា​រី​អគ្គិសនី​នេះ​ផលិត​អគ្គិសនី​បាន​ជាង ២៦.៩ ពាន់​លាន​គីឡូវ៉ាត់​រួចហើយ បើទោះជា​មិនទាន់​ដំណើរការ​ពេញលេញ។ ជា មួយនឹង​ការដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ម៉ាស៊ីន​លេខ ៥ កាលពី​ថ្ងៃទី ៣០ ឧសភា បន្ទាប់ពី​ដំណើរការ​សាកល្បង ៧២ ម៉ោង គម្រោង​ខាងលើនេះ​ត្រូវបាន​គេ​បញ្ជាក់ថា ដំណើរការបាន ៥០% ហើយ ធៀប​នឹង​កម្លាំង​សរុប។

ស្ថានីយ​វា​រី​អគ្គិសនី Baihetan នៅពេល​ស្ថាបនា​រួចរាល់ នឹងមាន​ប្រព័ន្ធ​ម៉ាស៊ីន​វា​រី​អគ្គិសនី​ចំនួន ១៦ ក្នុងនោះ ១ ប្រព័ន្ធ​មាន​កម្លាំង ១ លាន​គីឡូវ៉ាត់។ បច្ចុប្បន្ន រោងចក្រ​វា​រី​អគ្គិសនី​នេះ បាន​ដាក់ឱ្យ​ដំណើរការ​ប្រព័ន្ធ​ម៉ាស៊ីន​ចំនួន ៨ រួចហើយ រាប់ទាំង​ប្រព័ន្ធ​ម៉ាស៊ីន​លេខ ៥ ដែល​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ​កាលពី​ម្សិលមិញ។

នៅពេល​ដំណើរការ​ពេញលេញ រោងចក្រ​វា​រី​អគ្គិសនី Baihetan នេះ នឹង​ផលិត​អគ្គិសនី​ជា​មធ្យម​ជាង ៦២.៤ ពាន់​លាន​គីឡូវ៉ាត់ម៉ោង ជា​រៀងរាល់ឆ្នាំ គ្រប់គ្រាន់​សម្រាប់​តម្រូវ​ការប្រើប្រាស់​ប្រចាំឆ្នាំ​របស់​មនុស្ស​ប្រហែល ៧២ លាន​នាក់។

Advertisement