សេ​ណេ​ហ្គា​ល់ សាងសង់​​រោង​ចក្រ​​ដែល​អាច​បន្សា​ប​​ទឹក​ប្រៃ​ ១០០,០០០ ​ម៉ែត្រ​គូប ​ជា​​រៀង​រាល់​ថ្ងៃ

កម្មករ​កំពុង​ដាក់​បំពង់​បង្ហូរ​ទឹក​ក្នុង​គម្រោង​សាងសង់​រោង​ចក្រ​បន្សាប​ទឹក​ប្រៃ​នៅ​ Mamelles

ប្រទេស​សេ​ណេ​ហ្គា​ល់ កាលពី​ថ្ងៃទី ៣១ ឧសភា បានចាប់ផ្ដើម​សាងសង់​រោងចក្រ​បន្សាប​ទឹកប្រៃ​ដំបូង​របស់ខ្លួន ដើម្បី​កាត់បន្ថយ​ស្ថានភាព​ខ្វះ​ទឹក​នៅ រដ្ឋធានី​ដា​កា។

ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​នៅ​ខណ្ឌ Mamelles ក្នុង រដ្ឋធានី​ដា​កា កាលពី​ថ្ងៃ​អង្គារ ប្រធានាធិបតី​សេ​ណេ​ហ្គា​ល់ Macky Sall សង្កត់ធ្ងន់ថា នេះ​គឺជា «គម្រោង​ដ៏​ស្មុគស្មាញ និង​មិន​ធ្លាប់មាន​ពីមុនមក» ដែល​នេះ​គឺជា​ចំណុច​ចាប់ផ្ដើម​ដ៏​សំខាន់​ក្នុង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​មហិច្ឆតា ដើម្បី​រុញច្រាន​ប្រទេស​នេះ​ឱ្យ​ក្លាយជា​សេដ្ឋកិច្ច​លេចធ្លោ​ថ្មី​នៅ​ឆ្នាំ ២០៣៥។

រោងចក្រ​ដែល​ស្ថិត​នៅក្បែរ​ឆ្នេរសមុទ្រ​នេះ​នឹង​អាច​បន្សាប​ទឹក​ដែល​យក​ពី​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក បាន ១០០,០០០ ម៉ែត្រគូប​ជា​រៀងរាល់ថ្ងៃ។ គម្រោង​នេះ​នឹងត្រូវ​ការកែលម្អ​ផ្លូវ​ជាង ៣០០ គីឡូម៉ែត្រ ដើម្បី​ដាក់​បំពង់​បង្ហូរទឹក។

នៅពេល​ដំណើរការ​ពេញលេញ គម្រោង​នេះ​អាច​ផ្គត់ផ្គង់​ទឹកស្អាត​ដល់ ១៦ ខណ្ឌ​របស់ រដ្ឋធានី​ដា​កា ដែល​បច្ចុប្បន្ន​មាន​ប្រជាជន​ជាង ១ លាន​នាក់។ ប្រការនេះ​មិន​ត្រឹមតែ​ជួយ​បង្កើន​ទិន្នផល​នៃ​ការផលិត​ទឹកស្អាត​នៅ ដា​កា ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ការពារ​ប្រភពទឹក​ក្រោម​ដី​ទុក​សម្រាប់​ក្មេងជំនាន់ក្រោយ​ផងដែរ។

Advertisement