ភ្នំ​ពេញ​ មាន​អគារ​កម្ពស់​ចាប់ពី ២០ ជាន់​ឡើងទៅ​​​ចំនួន​ជាង ២០០ អគារ

រាជធានី​ភ្នំពេញ មាន​អគារខ្ពស់ៗ ចំនួន ១,៦០៣ អគារ ក្នុងនោះ អគារ​កម្ពស់​ចាប់ពី ២០ ជាន់​ឡើងទៅ មាន​ចំនួន ២២៥ អគារ​ហើយ គិត​ត្រឹម​ដើមឆ្នាំ ២០២២ នេះ​បើតាម លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ។

នៅក្នុង​ពិធី​បើកសម្ពោធ​ផ្សារ​ទំនើប ព្រី​នស៍ ថា​ម​ស​ឃែ្វ​រ នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី ៧ មិថុនា ២០២២ លោក​អភិបាល​រាជធានី ឱ្យដឹងថា បច្ចុប្បន្ន សំណង់​បុរី និង​បណ្ដុំ​ផ្ទះល្វែង នៅ រាជធានី​ភ្នំពេញ មាន​ចំនួន ៣១០ កន្លែង ខណៈ​អគារខ្ពស់ៗមាន​ចំនួន ១,៦០៣ អគារ ក្នុងនោះ អគារ​កម្ពស់​ចាប់ពី ២០ ជាន់​ឡើងទៅ មាន​ចំនួន ២២៥ អគារ គិត​ត្រឹម​ដើមឆ្នាំ ២០២២ បើ​ទោះ​រង​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺ​កូ​វីដ-១៩។

លោក​បញ្ជាក់ថា រាជធានី ទទួលបាន​គម្រោង​សាងសង់ថ្មីៗពី​វិស័យ​ឯកជន​ឡើងដល់​ជាង ១,០០០ គម្រោង ដែល​សាងសង់​លើ​ផ្ទៃដី ៤.៦៣ លាន​ម៉ែត្រក្រឡា ជាមួយនឹង​ខ្ទង់​វិនិយោគ​សរុប​ប្រមាណ ២.២៦ ពាន់​លាន​ដុល្លារ​អាម៉េរិក។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
នៅក្នុងពិធីបើកសម្ពោធផ្សារទំនើប ព្រីនស៍ ថាមសឃែ្វរ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ៧ មិថុនា ២០២២

លោក ឃួ​ង ស្រេង ថ្លែងថា សេដ្ឋកិច្ច​របស់ កម្ពុជា ត្រូវបាន​ព្យាករ​ថា នឹងមាន​កំណើន​កើនឡើង​បន្តទៀត​នាពេលខាងមុខ នៅពេលដែល​វិនិយោគិន​ទាំងឡាយ​មាន​ទំនុកចិត្ត​ទៅលើ​វិស័យ​អចលនទ្រព្យ ពិសេស​គឺ​អគារ​ពាណិជ្ជកម្ម និង​អគារ​ស្នាក់នៅ​លំដាប់​ប្រណិត។ល។

Advertisement