ផ្លូវ​ល្បឿន​លឿនឆ្លងកាត់​សមុទ្រ​ខ្សាច់​ធំ​បំផុត​នៅ ប្រទេស​ចិន សម្រេច​បាន​គោល​ដៅ​ «គ្មាន​កាបូន»

ព្រៃ​បៃតង​ត្រូវបាន​ស្រោចស្រព​ទឹក​ដោយ​ប្រព័ន្ធ​បូម​ដែល​ប្រើប្រាស់​ថាមពល​អគ្គិសនី​បានមកពី​ព្រះអាទិត្យ ជួយ​បន្សាប​ឧស្ម័ន​កាបូន​ដែល​បញ្ចេញ​ពី​យានយន្ត​បើកបរ​លើ​ដងផ្លូវ​ផ្លូវ​ល្បឿន​លឿន​ឆ្លងកាត់​សមុទ្រ​ខ្សាច់ Taklimakan។

ផ្លូវ​ល្បឿន​លឿន​ដំបូង​ដែល​ឆ្លងកាត់​សមុទ្រ​ខ្សាច់​ធំ​បំផុត​របស់ ប្រទេស​ចិន Taklimakan សម្រេចបាន​គោលដៅ​បន្សាប​ឧស្ម័ន​កាបូន នេះ​បើតាម Globalink។

ផ្លូវ​ប្រវែង ៥២២ គីឡូម៉ែត្រ នៅ​តំបន់​ស្វយ័ត ស៊ីន​ជាំ​ង (Xinjiang) ត​ភ្ជាប់​ទីរួមស្រុក Lunnan នៅ​ភាគ​ខាងជើង ជាមួយនឹង Mingfeng នៅ​ភាគខាងត្បូង។ ហេដ្ឋារចនាសម្ព័ន្ធ​នេះ​ត្រូវបាន​ដាក់ឱ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ ១៩៩៥។

កាលពី​ថ្ងៃទី ៦ មិថុនា ២០២២ គម្រោង​បន្សាប​ឧស្ម័ន​កាបូន​មួយ​ត្រូវបាន​ចាប់ដំណើរការ​នៅលើ​ផ្លូវ​ល្បឿន​លឿន ដោយ​ការបំពាក់​ផ្ទាំង​សូ​ឡា​ដើម្បី​បង្កើត​អគ្គិសនី​សម្រាប់​ការបូមទឹក​ស្រោចស្រព​រុក្ខជាតិ​ដែល​ដាំ​អម​សងខាង​ផ្លូវ។

Chen Yabing ដែលជា​អ្នកគ្រប់គ្រង​គម្រោង​ខាងលើ​បានឱ្យដឹងថា «សម្រាប់​ព្រៃ​បៃតង​ដែល​ត្រូវបាន​ដាំ​អម​សងខាង​ផ្លូវ​ល្បឿន​លឿន​នេះ យើង​ប្រើប្រាស់​អគ្គិសនី​បានមកពី​ថាមពលព្រះអាទិត្យ ជំនួស​ឱ្យ​ប្រេងម៉ាស៊ូត នៅក្នុង​ការបូមទឹក​ស្រោចស្រព»។

«វិធី​នេះ​ជួយ​ឱ្យ​យើង​កាត់បន្ថយ​ការប្រើប្រាស់​ប្រេងម៉ាស៊ូត​បាន ១,០០០ តោន​ជា​រៀងរាល់ឆ្នាំ តាមរយៈ​នេះ​យើង​អាច​បន្ថយ​ឧស្ម័ន​កាបូន​បាន ៣,៤១០ តោន ក្នុង ១ ឆ្នាំ» លោក Yabing បន្ថែម​ដូច្នេះ និង​បន្តថា «រុក្ខជាតិ​បៃតង​ដែល​ដាំ​អម​សងខាង​ផ្លូវ ជួយ​ស្រូបយក​ឧស្ម័ន​កាបូន​បំ​ភាយ​ចេញពី​ម៉ាស៊ីន​យានយន្ត ក្នុងនោះ ព្រៃ ១ ហិកតា អាច​ស្រូបយក​ឧស្ម័ន​កាបូន​បាន ៦.៤ តោន ហើយ​ព្រៃ​ទាំងមូល​ដែល​ដាំ​សងខាង​ផ្លូវ​នេះ​អាច​ស្រូបយក​កាបូន​បាន ២០,០០០ តោន​ជា​រៀងរាល់ឆ្នាំ»។

អ្នកគ្រប់គ្រង​គម្រោង​អះអាងថា ប្រការ​ខាងលើនេះ​មានន័យថា គោលដៅ​បន្សាប​កាបូន​នៅ​ទូទាំង​ផ្លូវ​ល្បឿន​លឿន​ឆ្លងកាត់​សមុទ្រ​ខ្សាច់​ធំជាងគេ​នៅ ប្រទេស​ចិន បានសម្រេច​ជា​ស្ថាពរ។

Advertisement