រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ «នៅលើ​មេឃ» ដំបូង​គេ​ក្នុង​ពិភពលោក

ប្រទេស​ចិន មាន​គម្រោង​សាងសង់​រោងចក្រ​នៅលើ​មេឃ​នៅ​ឆ្នាំ ២០២៨ ដើម្បី​ផលិត​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ និង​បញ្ជូន​អគ្គិសនី​ពី​រយៈកម្ពស់ ៤០០ គីឡូម៉ែត្រ មកកាន់​ផែនដី។

យោងតាម​គម្រោង​ថ្មី​ដែល​ត្រូវបាន​ចុះផ្សាយ​នៅលើ​ទំព័រ​ទស្សនាវដ្ដី Chinese Space Science and Technology ផ្កាយរណប ១ គ្រឿង​នឹង​ត្រូវបាន​បាញ់​បង្ហោះ​ដើម្បី​សាកល្បង​បច្ចេកវិទ្យា​បញ្ជូន​អគ្គិសនី​ពី​ទី​អវកាស​មកកាន់​ផែនដី​ដោយ​មិនបាច់​មាន​ខ្សែ។ ក្រុម​អ្នកវិទ្យាសាស្ត្រ​ចិន ឱ្យដឹងថា ផ្កាយរណប​នេះ​នឹង​បំប្លែង​ថាមពលព្រះអាទិត្យ​ទៅជា​រលក​វិទ្យា​សកម្ម​អេ​ឡិច​ត្រូ​ម៉ាញេទិក មីក្រូ​វ៉េវ (Microwave) ឬ ឡាស៊ែរ រួច​បញ្ជូន​ថាមពល​នេះ​តម្រង់​មកកាន់​គោលដៅ​នានា រួមទាំង​ស្ថានីយ​នៅលើ​ដី និង​ផ្កា​រណប​ដែល​កំពុង​ហោះហើរ​នៅលើ​មេឃ។ រោងចក្រ​អគ្គិសនី​អវកាស​នេះ​អាច​ផលិត​អគ្គិសនី​បាន ១០ គីឡូវ៉ាត់ម៉ោង គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​នៃ​គ្រួសារ​ជាច្រើន​គ្រួ។

ក៏ប៉ុន្តែ បច្ចេកវិទ្យា​ខាងលើ​អាច​ពង្រីក​ទំហំ​បាន ហើយ​អាច​ក្លាយជា​ដំណោះស្រាយ​ដ៏​មាន​ប្រសិទ្ធភាព រួមចំណែក​ក្នុងការ​ឆ្ពោះទៅរក​គោលដៅ «មិន​បំ​ភាយ​ឧស្ម័ន​កាបូន» នេះ​បើតាម​សាស្ត្រ​ចា​រ្យ Dong Shiwei មកពី​បន្ទប់ពិសោធន៍​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​មីក្រូ​វ៉េវ​អវកាស នៃ បណ្ឌិត្យសភា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ចិន នៅ ទីក្រុង​ស៊ី​អាន (Xi’an) នៃ ខេត្ត​សាង​ស៊ី (Shaanxi)។

Dong និង​សហការី​បានឱ្យដឹងថា គម្រោង​នេះ​ត្រូវបាន​ផ្ដួចផ្ដើម​ដំបូង​កាលពី​ឆ្នាំ ២០១៤ និង​ត្រូវបាន​កែ​ប្រែជា​បន្តបន្ទាប់​ដើម្បី​សម្រប​ទៅតាម​បច្ចេកវិទ្យា ក៏ដូចជា​ស្ថានការណ៍​ថ្មី​នៅក្នុង និង​ក្រៅប្រទេស។

ក្រុមការងារ​ខាងលើ​ក៏បាន​រៀបរាប់​អំពី​បញ្ហា​ដែល​ត្រូវ​ប្រឈម​នៅពេល​អនុវត្ត​គម្រោង​នេះ។ ការបញ្ជូន​រលក​ថាមពល​កម្រិត​ខ្ពស់​ពី​ចម្ងាយ​ឆ្ងាយ​គឺ​ទាមទារ​ឱ្យមាន​អង់​តែ​ន​ប្រវែង​រាប់រយ ឬ​រាប់ពាន់​ម៉ែត្រ។ រាល់​ការប្រែប្រួល​របស់​ខ្យល់​ព្រះអាទិត្យ ទំនាញ ឬ​ប្រព័ន្ធ​រុញច្រាន ក៏​អាចធ្វើឱ្យ​ប្រសិទ្ធភាព​នៃ​ការបញ្ជូន​អគ្គិសនី​ដោយ​មិន​ប្រើប្រាស់​ខ្សែ និង​កម្រិត​នៃ​ការបញ្ជូន​ចំ​គោលដៅ ត្រូវ​ថយចុះ​ទាប​ខ្លាំង។

បន្ទប់​ពិសោធន៍​នៅ​លើដី របស់ ក្រុម​អ្នកវិទ្យា​សាស្ត្រ​ចិន​

ក្រៅពី​បញ្ហា​ធំ​ខាងលើ គម្រោង​បែបនេះ​ក៏​នឹងត្រូវ​ដោះស្រាយ​បញ្ហា​ជាច្រើន​ផ្សេងទៀត ដូចជា ការ​ធ្វើឱ្យ​​ម៉ាស៊ីនសំខាន់ៗចុះ​ត្រជាក់, ការដំឡើង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទី​អវកាស, ការបញ្ជូន​រលក​ថាមពល​កម្រិត​ខ្ពស់​ឆ្លងកាត់​ស្រទាប់​បរិយាកាស​គ្រប់​ស្ថានភាព​អាកាសធាតុ, ការទប់ស្កាត់​អាចម៍ផ្កាយ និង​សំរាម​អវកាស ឬ​ការវាយប្រហារ​ពី​គូប្រជែង​ជាដើម។

យោងតាម​គម្រោង​ថ្មី​នេះ រោងចក្រ​ផលិត​អគ្គិសនី​ព្រះអាទិត្យ​ខ្នាត​ធំ​ក្នុង​ទី​អវកាស​នឹង​ត្រូវបាន​សាងសង់​ជា ៤ ដំណាក់កាល។ ពីរ​ឆ្នាំ​បន្ទាប់ពី​ការបាញ់​បង្ហោះ​ដំបូង កម្មវិធី​នឹង​នាំយក​ផ្កាយរណប ១ គ្រឿង​ផ្សេងទៀត​ដែលមាន​កម្លាំង​ខ្លាំង​ជាង ឡើងទៅ​កាន់​គន្លង​គោចរ Geostationary orbit ដែល​ស្ថិតនៅលើ​ខ្សែ​អេក្វាទ័រ កម្ពស់ ៣៦,០០០ គីឡូម៉ែត្រ ពី​ដី ដើម្បី​ធ្វើការ​សាកល្បង​មុខងារ​ច្រើនជាង​មុន។ រោងចក្រ​អគ្គិសនី ១០ គីឡូវ៉ាត់​នេះ​នឹង​ផ្ដើម​បញ្ជូន​អគ្គិសនី​ដើម្បី​បម្រើ​ដល់​វិស័យ​យោធា និង​ស៊ីវិល ចាប់ពី​ឆ្នាំ ២០៣៥។ ដល់​ឆ្នាំ ២០៥០ ផលិតភាព​របស់​រោង​ចក្រ​នឹង​កើន​ដល់ ២ ជី​ហ្គា​វ៉ា​ត់ ប្រហាក់ប្រហែល​នឹង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយ​ក្លេ​អែរ​ខ្នាត​មធ្យម។

អ្នកវិទ្យាសាស្ត្រ​មួយរូប​នៅ ប៉េកាំង ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ឱ្យដឹងថា រោងចក្រ​អគ្គិសនី​ព្រះអាទិត្យ​ក្នុង​ទី​អវកាស​អាច​ដំណើរការបាន​រលូន​ជាង​នៅលើ​ដី ដោយសារ​អាច​ផលិត​អគ្គិសនី ២៤/។ ក៏ប៉ុន្តែ មិនទាន់​ដឹង​ច្បាស់​ថា វា​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​របស់​មនុស្ស​ដែល​នៅក្បែរ​ស្ថានីយ​ប្រមូល​រលក​ថាមពល​នេះដែរ ឬ​យ៉ាងណា​នៅឡើយ៕

Advertisement