គម្រោង​ចំណត​កំពង់ផែ​កុងតឺន័រ​ថ្មី នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នឹង​អាច​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​អន្តរជាតិ

លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម នៃ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

គម្រោង​សាងសង់​ចំណត​កំពង់ផែ​កុងតឺន័រ​ថ្មី​ទាំង ៣ ជំហាន នឹងធ្វើ​ឱ្យ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​សមុទ្រ​របស់ កម្ពុជា កាន់តែ​រីកចម្រើន នៅពេល​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ពេញលេញ​នៅ​ឆ្នាំ ២០៣០។

លោក ថៃ ឬ​ទ្ធី អគ្គនាយករង ទទួលបន្ទុក​អាជីវកម្ម នៃ កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ មានប្រសាសន៍ថា កំពង់ផែ​កុងតឺន័រ​ថ្មី​ជំហាន​ទី ១ នឹង​ចាប់ផ្ដើម​សាងសង់​នៅ​ចុងឆ្នាំ ២០២២ ហើយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ចុងឆ្នាំ ២០២៥។ គម្រោង​ដែល​ទទួលបាន​ប្រាក់កម្ចី​ជាង ២ ពាន់​លាន​ដុល្លារ ពី រាជរដ្ឋាភិបាល​ជប៉ុន នេះ​មាន​ប្រវែង ៣៥០ ម៉ែត្រ និង​ជម្រៅ​ទឹក ១៤.៥ ម៉ែត្រ អាចឱ្យ​កប៉ាល់​ដែលមាន​សមត្ថភាព​ផ្ទុក​កុងតឺន័រ ជាង ១,០០០ កុងតឺន័រ ចូល​ចត​បាន និង​ជួយ​ឱ្យ​តម្លៃ​ដឹកជញ្ជូន​ចុះ​ទាប​ជាង​មុន ២០០ ដុល្លារ/កុងតឺន័រ។

ជំហាន​ទី ២ នៃ​គម្រោង​សាងសង់​កំពង់ផែ​កុងតឺន័រ​ខាងលើនេះ មាន​ប្រវែង ៤០០ ម៉ែត្រ និង​ជម្រៅ​ទឹក ១៦.៥០ ម៉ែត្រ នេះ​បើតាម​លោក លោក ថៃ ឬ​ទ្ធី។ លោក​បន្ថែម សមត្ថភាព​របស់​កំពង់​ផែ​ជំហាន​ទី ២ ដែល​នឹងត្រូវ​បានចាប់ផ្ដើម​សាងសង់​នៅក្នុង​ឆ្នាំ ២០២៥ និង​ដាក់ឱ្យ​ដំណើរការ​ចាប់ពី​ឆ្នាំ ២០២៨ ខាងមុខនេះ អាច​អនុញ្ញាតឱ្យ​កប៉ាល់​ដែល​ផ្ទុក ១០,០០០ កុងតឺន័រ ចូល​ចត​បាន។

លោក ថៃ ឬទ្ធី អគ្គនាយករង ទទួលបន្ទុកអាជីវកម្ម នៃ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

រីឯ​គម្រោង​កំពង់ផែ​កុងតឺន័រ​ថ្មី​ជំហាន​ទី ៣ នឹងមាន​ប្រវែង ៤៣០ ម៉ែត្រ និង​ជម្រៅ​ទឹក ១៧.៥០ ម៉ែត្រ ហើយ​អាច​ទទួល​ការចូល​ចត​របស់​បណ្ដា​កប៉ាល់ធំៗដែល​ផ្ទុក​កុងតឺន័រ​រហូតដល់ ១៥,០០០ កុងតឺន័រ។ គម្រោង​ជំហាន​ទី ៣ នេះ​នឹង​ត្រូវបាន​សាងសង់​ចាប់ពី​ឆ្នាំ ២០២៦ ហើយ​បញ្ចប់​ការសាងសង់ និង​ដាក់ឱ្យ​ដំណើរការ​នៅ​ឆ្នាំ ២០៣០។

តាម​ការអះអាង​របស់​លោក ថៃ ឬ​ទ្ធី នៅពេល​គម្រោង​ទាំងឡាយ​ខាងលើ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ពេញលេញ វា​នឹង​ជួយ​ឱ្យ​ការដឹកជញ្ជូន​ទំនិញ​តាម​កប៉ាល់​ខ្នាត​ធំ​ទៅ-មក កម្ពុជា បានល្អ​ប្រសើរ។ លោក​បញ្ជាក់ថា កំពង់ផែ​ជំហាន​ទី ៣ ខាងលើ នឹងមាន​សមត្ថភាព​ប្រហាក់ប្រហែល ឬ​លើសពី​កំពង់ផែ​មួយចំនួន​នៅក្នុង​តំបន់ ក្នុងនោះ វា​នឹងមាន​ជម្រៅ​ទឹក​ជ្រៅ​ជាង​កំពង់ផែ Cai Mep របស់ វៀតណាម ទៀតផង។

Advertisement