ឥណ្ឌា បង្កើតបាន​កំណត់ត្រា​ថ្មី៖ «សាងសង់​ផ្លូវ​កៅស៊ូ​ជាង ៧០ គីឡូម៉ែត្រ ក្នុង​រយៈពេល ៥ ថ្ងៃ»

កម្មករ​ឥណ្ឌា ជាង ៧០០ នាក់ ធ្វើការ​ទាំងយប់​ទាំង​ថ្ងៃ​នៅក្នុង​ការស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ប្រវែង ៧៥ គីឡូម៉ែត្រ ដោយ​ប្រើពេល​ត្រឹមតែ ១០៥ ម៉ោង និង ៣៣ នាទី បង្កើតបាន​កំណត់ត្រា​ពិភពលោក​ថ្មី។

អាជ្ញាធរ​ជាតិ​គ្រប់គ្រង​ផ្លូវ​ល្បឿន​លឿន​របស់ ឥណ្ឌា (NHAI) ផ្ដើម​សាងសង់​ផ្លូវ​បេតុង​កៅស៊ូ ១ គន្លង ភ្ជាប់ Amravati ទៅនឹង Akola ចាប់ពី​ម៉ោង ៧ និង ២៧ នាទី ព្រឹក​ថ្ងៃទី ៣ មិថុនា និង​សម្រេច​ជា​ស្ថាពរ​នៅវេលា​ម៉ោង ១៧ ថ្ងៃទី ៧ មិថុនា។ កំណត់ត្រា​ស្ដីពី​ល្បឿន​មហា​លឿន​នេះ​ត្រូវបាន​ទទួលស្គាល់​ដោយ​អង្គការ Guinness។

កម្មករ ៧២០ នាក់ មកពី​ក្រុមហ៊ុន​សាងសង់​ឯកជន Raj Path Infracon និង​ក្រុម​អ្នកជំនាញ​ប្រឹក្សា​យោបល់​ឯករាជ្យ រួម​នឹង​ក្រុមអ្នកតាមដាន​ដំណើរការ​សាងសង់​រប​ស់ NHAI បានធ្វើការ ២៤/២៤ ម៉ោង ហើយ​សម្រេច​ជា​ស្ថាពរ​ដោយ​ប្រើពេល​មិន​ដល់ ៥ ថ្ងៃ។

កំណាត់​ផ្លូវ​ល្បឿន​លឿន​ភ្ជាប់​ពី​ទីក្រុង Amravati ទៅកាន់ Akola គឺជា​ផ្នែក​មួយ​នៃ​ផ្លូវជាតិ​លេខ ៥៣ ដែល​ត​ភ្ជាប់​បណ្ដា​ទីក្រុងសំខាន់ៗដូចជា Kolkata, Raipur, Nagpur និង Surat។

កំណាត់ផ្លូវល្បឿនលឿនភ្ជាប់ពីទីក្រុង Amravati ទៅកាន់ Akola

មុន​នោះ ឯតទគ្គ​កម្ម​ខាងលើ​គឺជា​របស់​ស្ថាប័ន​គ្រប់គ្រង​សំណង់​សាធារណៈ (ASHGHAL) របស់ ប្រទេស​កាតា បន្ទាប់ពី​បាន​សាងសង់​ផ្លូវ​ប្រវែង ២៥.៣ គីឡូម៉ែត្រ នៅ រដ្ឋធានី ដូ​ហា ដោយ​ប្រើពេល​តែ ១០ ថ្ងៃ។

Advertisement