ស្ពាន​ល្បឿន​លឿន​ត​ភ្ជាប់​ទឹកដី​របស់ ចិន និង រុស្ស៊ី ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់

ស្ពាន Blagoveshchensk-Heihe

ទីភ្នាក់ងារសារព័ត៌មាន Moscow Times រាយការណ៍​ថា ស្ពាន​ដែល​អនុញ្ញាតឱ្យ​យានយន្ត​ធ្វើដំណើរ​ឆ្លងកាត់​ដំបូង​ដែល​ត​ភ្ជាប់​ទឹកដី​របស់ រុស្ស៊ី ជាមួយនឹង ចិន ទើបតែ​ត្រូវបាន​សម្ពោធ​បើក​ឱ្យធ្វើ​ចរាចរណ៍​កាលពី​ព្រឹក​ថ្ងៃទី ១០ មិថុនា​នេះ។

ភាគច្រើន​នៃ​សំណង់​របស់​ស្ពាន Blagoveshchensk-Heihe ខាងលើនេះ ត្រូវបាន​សាងសង់​រួចរាល់​តាំងពី​ចុងឆ្នាំ ២០១៩។

កន្លងមក សកម្មភាព​ដោះដូរ​ទំនិញ និង​ការដឹកជញ្ជូន​នានា​រវាង​ទីក្រុង Blagoveshchensk (រុស្ស៊ី) និង Heihe (ចិន) តែងតែ​ប្រព្រឹត្ត​ទៅដោយ​ប្រើប្រាស់​ទូក​កប៉ាល់។

រូបភាព​ពី​ពិធី​សម្ពោធ​កាលពី​ព្រឹក​មិញ​បង្ហាញថា រថយន្ត​ដឹកទំនិញ​នានា​បើរ​ឆ្លងកាត់​លើ​ស្ពាន​ដែល​ដោត​ទង់​ពណ៌​ស ខៀវ និង​ក្រហម ខណៈ​កាំជ្រួច​ផ្កា​ពណ៌​ដូចគ្នានេះ​ក៏ត្រូវ​បាន​បាញ់​ទៅលើ​អាកាស ដើម្បី​អបអរសាទរ។

គម្រោង​ស្ពាន​នេះ​ត្រូវ​ចំណាយ​ទឹកប្រាក់​អស់ ១៨.៨ ពាន់​លាន​រូ​ប្ល ក្នុងនោះ ១៤ ពាន់​លាន​រូ​ប្ល ត្រូវបាន​ប្រើប្រាស់​ក្នុងការ​សាងសង់​ផ្នែក​ដែល​នៅលើ​ទឹកដី​របស់ រុស្ស៊ី។

រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​រុស្ស៊ី Vitaly Savelyev បានឱ្យដឹងថា គោលបំណង​នៃ​ការសាងសង់​ស្ពាន​នេះ គឺ​ដើម្បី​បង្កើន​ការដោះដូរ​ទំនិញ​ទ្វេភាគី​រវាង ចិន និង រុស្ស៊ី ឱ្យបាន​ដល់ ១ លាន​តោន​ជា​រៀងរាល់ឆ្នាំ។

Advertisement