គម្រោងស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ដែល​សម្រេចបាន​ជាង ៩០ ភាគរយ កំពុង​ពង្រឹង​ការហាមឃាត់ចរាចរណ៍​មុនពេល​ដាក់ឱ្យ​ប្រើប្រាស់​សាកល្បង

គម្រោងស្ថាបនាផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រេចបានជាង ៩០ ភាគរយ

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន និង​កំពុង​ពង្រឹង​ការហាមឃាត់​ចំពោះ​ការឡើង​ទៅធ្វើ​ចរាចរណ៍​លើ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ មុនពេល​ប្រកាស​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ នេះ​បើតាម អ្នកនាំពាក្យ​របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ការហាម​មិនឱ្យ​ឡើង​បើកបរ​លើ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ក្រុងព្រះសីហនុ ខាងលើនេះ ត្រូវបាន​ធ្វើឡើង ក្រោយពី​មាន​​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍ រវាង​រថយន្ត និង​រថយន្ត។ លោក ហ៊ាង សុទ្ធា​យុ​ត្តិ អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ស្នើឱ្យ​ពលរដ្ឋ​ទាំងអស់ អធ្យាស្រ័យ​ចំពោះ​ការហាមឃាត់​នេះ។

លោក ហ៊ាង សុទ្ធា​យុ​ត្តិ បាន​បញ្ជាក់ថា ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ដែល​បច្ចុប្បន្ន ស្ថាបនា​បាន ៩៣% ហើយ​នេះ នឹងត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​សាកល្បង​ដោយ​មិន​គិតថ្លៃ​នៅ​ខែកញ្ញា ឆ្នាំ ២០២២។

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ដែលមាន​ប្រវែង​ជាង ១៨៧ គីឡូម៉ែត្រ ទទឹង ២៤ ម៉ែត្រ និង​សាងសង់​ជា ៤ គន្លង ប្រើ​កៅស៊ូ AC នេះ ត្រូវបាន​អនុវត្ត​ដោយ ក្រុមហ៊ុន PPSHV Expressway និង​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន (CRBC) និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន MINCONSULT SDN. BHD។ តាម​គម្រោង​ផ្លូវ​នេះ​នឹង​ប្រើពេល​ស្ថាបនា ៤៨ ខែ និង​ចំណាយ​ថវិកា ២,០១៩ លាន​ដុល្លារ​អាម៉េរិក។ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះសីហនុ ត្រូវបាន​សម្ពោធ​បើក​ការដ្ឋាន​កាល​ខែមីនា ២០១៩ ហើយ​គ្រោង​នឹង​បញ្ចប់​ជា​ស្ថាពរ​នៅ​ចុងខែ​ឧសភា ២០២៣៕

Advertisement