​ចិន សាងសង់​វិមាន​តារាសាស្ត្រ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក

គម្រោង​សាងសង់​វិមាន​តារាសាស្ត្រ​នៅលើ​កម្ពស់ ៣,៦៥០ ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ ត្រូវបាន​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃទី ១២ មិថុនា នៅ​តំបន់​ស្វយ័ត​ទី​បេ (Tibet)។

លោក Wang Junjie អនុប្រធាន​មន្ទីរ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ទី​បេ បានឱ្យដឹងថា វិមាន​តារាសាស្ត្រ​នេះ​នឹងមាន​ទំហំ​សរុប ១១,៥៧១ ម៉ែត្រក្រឡា និង​មាន​រូបរាង​ដូច​ទៅនឹង​អាចម៍ផ្កាយ​មួយ​ដុំ។

សំណង់​នេះ​នឹងត្រូវ​បានដាក់​នៅ​ស្លាប​ខាងកើត​របស់​សារមន្ទីរ​វិទ្យាសាស្ត្រ​ធម្មជាតិ​ទី​បេ នៅ​ទីក្រុង​រដ្ឋបាល Lhasa របស់​តំបន់​នេះ។ នៅពេល​សាងសង់​រួចរាល់ វា​នឹង​ក្លាយជា​វិមាន​តារាសាស្ត្រ​ខ្ពស់​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ដោយមាន​កម្ពស់ ៣,៦៥០ ម៉ែត្រ ធៀប​នឹង​ផ្ទៃ​ទឹកសមុទ្រ ខ្ពស់ជាង ៧៧៣ ម៉ែត្រ ធៀប​នឹង Pic du Midi ដែលជា​វិមាន​តារាសាស្ត្រ (កម្ពស់ ២,៨៧៧ ម៉ែត្រ) ខ្ពស់បំផុត​នៅ អឺរ៉ុប និង​មាន​ទីតាំងនៅ ប្រទេស​បារាំង។

វិមាន​តារាសាស្ត្រ​ទី​បេ នឹង​បើកទ្វារ​ដំណើរការ​នៅ​ឆ្នាំ ២០២៤ ហើយ​អាច​ទទួល​ទេសចរ​បាន​ជាង ១០០,០០០ នាក់​ជា​រៀងរាល់ឆ្នាំ។ តាម​ផែនការ គម្រោង​នេះ​នឹង​ជួយ​ដល់​ការស្រាវជ្រាវ​ផ្នែក​តារាសាស្ត្រ​របស់ ប្រទេស​ចិន។

ក្នុងនាម​ជា «ដំបូលផ្ទះ​របស់​ពិភពលោក» ដោយសារ​ស្ថិតនៅលើ​កម្ពស់​ជា​មធ្យម​ជាង ៤,០០០ ម៉ែត្រ ធៀប​នឹង​ទឹកសមុទ្រ តំបន់​ទី​បេ មាន​ផ្ទៃមេឃ​ស្រលះ ល្អ​សម្រាប់​ការសង្កេតមើល​តារា។

វិមាន​ខាងលើ​នឹង​ត្រូវបាន​បំពាក់​តេ​ឡេ​ស្កុប​ចំណាំង​បែរ (refracting telescope) ធំជាងគេ​ក្នុង​តំបន់ ដោយ​អង្កត់ផ្ចិត​របស់​កញ្ចក់​មាន​ប្រវែង ១ ម៉ែត្រ។ ឧបករណ៍​នេះ​ត្រូវបាន​សហការ​អភិវឌ្ឍ​ដោយ​វិមាន​តារាសាស្ត្រ​ទី​បេ និង​ស្ថានីយ​ជាតិ​សង្កេត​តារា​របស់ ប្រទេស​ចិន។ វា​នឹង​ត្រូវបាន​ប្រើប្រាស់​ក្នុងការ​សង្កេតមើល​ផ្កាយ​ដែលមាន​ពន្លឺ​មិន​ប្រក្រតី និង​ដែន​ពេលវេលា​ក្នុង​តារាសាស្ត្រ។

វិមាន​តារាសាស្ត្រ​ទី​បេ នឹង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​បណ្ដាញ​សង្កេត​តារា​របស់ ប្រទេស​ចិន។ វា​នឹង​ក្លាយជា​មូលដ្ឋានគ្រឹះ​ដើម្បី​ស្រាវជ្រាវ​តារាសាស្ត្រ និង​អប់រំ​វិទ្យាសាស្ត្រ​សាធារណៈ​ក្នង​តំបន់៕

Advertisement