ផ្លូវដែក​ប្រវែង​ជិត ៣,០០០ គីឡូម៉ែត្រ ព័ទ្ធជុំវិញ​សមុទ្រ​ខ្សាច់ ចាប់ផ្ដើម​ដំណើរ​ទាំងស្រុង

គម្រោង Hotan-Ruoqiang នៅ ស៊ីន​ជាំ​ង បានចាប់ផ្ដើម​ដំណើរការ និង​ក្លាយជា​ផ្លូវដែក​ព័ទ្ធជុំវិញ​សមុទ្រ​ខ្សាច់​ដំបូង​គេ​បង្អស់​ក្នុង​ពិភពលោក។

ក្រុមហ៊ុន​ផ្លូវដែក​រដ្ឋ​ចិន (CR) កាលពី​ថ្ងៃទី ១៥ មិថុនា បានប្រកាស​ត្រៀម​ដំណើរការ​ផ្លូវដែក​មួយ​ខ្សែ​ដែលមាន​ប្រវែង ២,៧១២ គីឡូម៉ែត្រ ព័ទ្ធជុំវិញ​សមុទ្រ​ខ្សាច់ Taklimakan បន្ទាប់ពី​កំណត់​ផ្លូវដែក​ចុងក្រោយ​ដែល​ត​ភ្ជាប់​ស្រុក Hotan នៅ​ភាគ​ខាងលិច​តំបន់ ស៊ីន​ជាំ​ង ជាមួយនឹង​ស្រុក Ruoqiang នៅ​ភាគ​អាគ្នេយ៍ ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ។

កំណាត់​ផ្លូវដែក Hotan-Ruoqiang ប្រវែង ៨២៥ គីឡូ​ម៉េ​ត្រ ក្នុងនោះ​មាន ៥២៤ គីឡូម៉ែត្រ រត់​ឆ្លងកាត់​តំបន់​ខ្សាច់។ ផ្លូវដែក​នេះ​អាចឱ្យ​រថភ្លើង​ធ្វើដំណើរ​ក្នុង​ល្បឿន ១២០ គីឡូម៉ែត្រ/ម៉ោង និង​ឆ្លងកាត់​ស្ថានីយ​រថភ្លើង​ចំនួន ២២ កន្លែង។

ដោយ​ស្ថិតនៅ​ភាគខាងត្បូង​នៃ​សមុទ្រ​ខ្សាច់​ផ្លាស់​ទី​ធំជាងគេ​ទី​ពីរ​ក្នុង​ពិភពលោក ផ្លូវដែក Hotan-Ruoqiang ត្រូវ​ប្រឈម​នឹង​ឧបសគ្គ​ច្រើន​ក្នុងដំណាក់កាល​សាងសង់ ក៏ដូចជា​ដំណើរការ។

ដើម្បី​សុវត្ថិភាព​សម្រាប់​ការធ្វើដំណើរ​នៅ​តំបន់​ដែល​កើតមាន​ព្យុះ​ខ្សាច់​ជា​ញឹកញាប់ ក្រុមហ៊ុន​ខាងលើ​បាន​សាងសង់​ស្ពាន​គោក​ជិត ២២០ ស្ពាន​នៅ​ទូទាំង​ផ្លូវដែក។ សំណាញ់​ស្មៅ​ប្រមាណ ៥០ លាន​ម៉ែត្រគូប និង រុក្ខជាតិ​ចំនួន ១៣ លាន​ដើម​ក៏ត្រូវ​បាន​ដាំ​នៅតាម​បណ្ដោយ​ផ្លូវដែក​នេះ ដើម្បី​ទប់ទល់​នឹង​ខ្សាច់។

ផ្លូវដែក Hotan-Ruoqiang ដែល​បានចាប់ផ្ដើម​លក់​សំបុត្រ​កាលពី​ថ្ងៃទី ១៦ មិថុនា នឹងមាន​ជើង​រថភ្លើង​ដឹក​អ្នកដំណើរ​ចំនួន ២ ជើង និង​ដឹកទំនិញ ៨ ជើង​ជា​រៀងរាល់ថ្ងៃ។

ផ្លូវដែក Hotan-Ruoqiang ផ្ដល់​ផលប្រយោជន៍​ដល់​មនុស្ស​ជាង ១០ លាន​នាក់ ចាប់ពី​ភាគខាងត្បូង​តំបន់​ស៊ីន​ជាំ​ង រួមមាន​ទាំង​តំបន់​ស្វយ័ត Byaingolin, Kizilsu Kirghiz និង​តំបន់ Aksu, Kashgar និង Hotan។

ផ្លូវដែក​នេះ​អាចជា​ផ្លូវដែក​ខ្លី​បំផុត​ដែល​ដឹកទំនិញ​ពី ប្រទេស​ចិន ទៅកាន់ អឺរ៉ុប និង មជ្ឈិមបូព៌ា កាត់បន្ថយ​ការធ្វើដំណើរ​ចម្ងាយ ៩០០ គីឡូម៉ែត្រ និង​សំច័យ​ពេលធ្វើ​ដំណើរ​បាន​ពី ៧ ដល់ ៩ ថ្ងៃ។

គិត​ត្រឹម​ចុងឆ្នាំ ២០២១ ប្រវែង​សរុប​នៃ​ផ្លូវដែក​កំពុងដំណើរការ​របស់ ចិនដីគោក មាន​ជាង ១៥០,០០០ គីឡូម៉ែត្រ ក្នុងនោះ​មាន​ជាង ៤០,០០០ គីឡូម៉ែត្រ ជា​ផ្លូវដែក​ល្បឿន​លឿន៕

Advertisement