ប្រទេស​ថៃ អនុម័ត «គម្រោង​ទីក្រុង​ឆ្លាត​វៃ» តម្លៃ​ជិត ៣៦ ពាន់​លាន​ដុល្លារ​អាម៉េរិក

ទីក្រុង​ឆ្លាត​វៃ​ថ្មី​នឹងមាន​ផ្ទៃដី​ទំហំ​ប្រហែល ២,៣៤០ ហិកតា រួមមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំនួន ៥ ដែល​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​នានា​ជួល​ដើម្បី​រកស៊ី ហើយ​ខ្ទង់​ប្រាក់កម្ចី​នឹងត្រូវ​បានផ្ដល់​ជូន​ក្នុង​រង្វង់ ១០ ឆ្នាំ​ខាងមុខ។

រដ្ឋាភិបាល​ថៃ កាលពី​ថ្ងៃទី ១១ កក្កដា បានអនុម័ត​គម្រោង​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ ដែលមាន​តម្លៃ ១,៣៤០ ពាន់​លាន​បាត (១.៣៤០ ទ្រី​លាន​បាត/ប្រហែល​ជិត ៣៦ ពាន់​លាន​ដុល្លារ​អាម៉េរិក) នៅឯ​មជ្ឈមណ្ឌល​ឧស្សាហកម្ម​មួយ ក្បែរ រាជធានី​បាងកក។

យោងតាម​ក្រុមមន្ត្រី​ថៃ កញ្ចប់​ថវិកា​វិនិយោគ​ខាងលើ​ត្រូវបាន​យល់ព្រម​ដោយ​ក្រុមប្រឹក្សា​មួយ​ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ហើយ​ខ្ទង់​ប្រាក់​នេះ​នឹង​ត្រូវបាន​បញ្ចេញ​នៅក្នុង​រង្វង់ ១០ ឆ្នាំ​ខាងមុខ។

ទីក្រុង​ឆ្លាត​វៃ​ថ្មី​នេះ​នឹងមាន​ផ្ទៃក្រឡា​ប្រហែល ២,៣៤០ ហិកតា ស្ថិតនៅ​ក្នុងស្រុក Huai Yai នៃ​ខេត្ត Chon Buri មាន​ចម្ងាយ​ពី ទីក្រុង​បាងកក ប្រហែល ១៦០ គីឡូម៉ែត្រ ទៅ​ទិសអាគ្នេយ៍។

អគ្គលេខាធិការ​នៃ​ការិយាល័យ​ច្រករបៀង​សេដ្ឋកិច្ច​បូព៌ា Kanit Sangsubhan បានឱ្យដឹងថា គម្រោង​នេះ​នឹងមាន​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចំនួន ៥ អនុញ្ញាតឱ្យ​ក្រុមហ៊ុន​នានា​ជួល​ដើម្បី​រកស៊ី។ លោក Kanit Sangsubhan បន្តថា គម្រោង​នេះ​នឹងត្រូវ​បាន​ខណ្ឌ​ចែក​ទៅតាម​ប្រភេទ រួមមាន​ដូចជា តំបន់​ការិយាល័យ​របស់​បណ្ដា​ក្រុមហ៊ុន, មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ, សុខាភិបាល, ស្រាវជ្រាវ និង​អភិវឌ្ឍ​អន្តរជាតិ ក៏ដូចជា​បណ្ដា​វិស័យ​ឧស្សាហកម្ម​អ​នាគ​ត់ មានដូចជា ថាមពល​ស្អាត និង​បច្ចេកវិទ្យា 5G ជាដើម។

ក្រៅពីនេះ តំបន់​ស្នាក់នៅ​នានា​របស់​ទីក្រុង​ឆ្លាត​វៃ​នេះ​នឹង​អាចដាក់​មនុស្ស​បាន ៣៥០,០០០ នាក់ ក្នុង​ឆ្នាំ ២០៣២ និង​បង្កើត​ការងារ​ផ្ទាល់​ដល់​មនុស្ស ២០០,០០០ នាក់។ ប្រជាជន​ដែល​ស្នាក់​នៅក្នុង​ទីក្រុង​នេះ​នឹង​ជា​បុគ្គលិក កម្មករ​ដែល​ធ្វើការ​ក្នុង​តំបន់ឧស្សាហកម្ម ជាទី​ដែល​គ្រោង​នឹង​ទាក់ទាញ​ខ្ទង់​ប្រាក់​វិនិយោគ​ប្រហែល ២,២០០ ពាន់​លាន​បាត (២.២ ទ្រី​លាន​បាត/ជាង ៦០ ពាន់​លាន​ដុល្លារ​អាម៉េរិក) ពី​បណ្ដា​ក្រុមហ៊ុន​ផលិត​រថយន្ត, រ៉ូ​បូត, មន្ទីរពេទ្យ និង​ដឹកជញ្ជូន មកពី​ទូទាំង​ពិភពលោក ក្នុង​រយៈពេល ៥ ឆ្នាំ​ទៀត។

លោក Kanit Sangsubhan សង្កត់ធ្ងន់ថា «ទីក្រុង​ថ្មី​នេះ​នឹង​ជាទី​ដែល​គួរឱ្យ​ចង់​រស់នៅ​សម្រាប់​មនុស្ស​ជំនាន់​ថ្មី ហើយ​វា​ក៏​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម។ល។ យើង​បង្កើត​គម្រោង​នេះ​ឡើង​គឺ​ដើម្បី​ប៉ះប៉ូវ​លើ​ប្រាក់ចំណូល​ដែល ប្រជាជន​ថៃ បាន​បាត់បង់​ក្នុងអំឡុង​សម័យ​កូ​វីដ-១៩»។

រដ្ឋាភិបាល​ថៃ បាន​វាយតម្លៃថា ទីក្រុង​ថ្មី​នេះ​អាចរួមចំណែក​ប្រហែល ២,០០០ ពាន់​លាន​បាត (២ ទ្រី​លាន​បាត) ទៅក្នុង​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់ ប្រទេស​ថៃ ក្នុង​រង្វង់ ១០ ឆ្នាំ ហើយ​តម្លៃ​ទ្រព្យ​ក្រោយ​ការ​សម្បទាន​រយៈពេល ៥០ ឆ្នាំ នឹង​កើនឡើង ៥ ដង។

រដ្ឋាភិបាល​របស់លោក ប្រា​យុទ្ធ បាន​ឃោសនា​ជាច្រើនលើក​អំពី ច្រករបៀង​សេដ្ឋកិច្ច​បូព៌ា ជា​គម្រោង​មួយ​ដែល​រួមមាន ការអភិវឌ្ឍ​ទីក្រុង ការជំរុញ​វិស័យ​ឧស្សាហកម្ម​ទំនើប និង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​បង្កើនល្បឿន​ដល់​កំណើនសេដ្ឋកិច្ច​រប​ស់​ប្រទេស​នេះ។

ច្រករបៀង​សេដ្ឋកិច្ច​បូព៌ា​នេះ​រួមមាន ៣ ខេត្ត គឺ Rayong, Chon Buri និង Chachoengsao ដែល​បច្ចុប្បន្ន​គឺជា​មជ្ឈមណ្ឌល​ផលិត​ទំនិញ​ដ៏​ធំ និង​រួមចំណែក​រហូតដល់ ១/៥ នៃ GDP របស់ ប្រទេស​ថៃ។ ល្បឿន​នៃ​កំណើន GDP របស់​តំបន់​នេះ​កើនឡើង​ពី ៦ ទៅ ៧% ក្នុង​មួយឆ្នាំ លឿន​ជាង​តំបន់ផ្សេងៗរបស់​ប្រទេស​នេះ៕

Advertisement