ការសាងសង់​ផ្លូវ​ល្បឿន​លឿនដំបូង​គេ​របស់ កម្ពុជា សម្រេចបាន ៩៥ ភាគរយ​ហើយ

(ភ្នំពេញ)-ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ គ្រោង​នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​ចាប់​ពីថ្ងៃ​ទី ១ ខែតុលា ឆ្នាំ ២០២២ ដោយ​មិន​តម្រូវឱ្យ​បង់ប្រាក់​ក្នុងការ​ធ្វើដំណើរ​រយៈពេល​ពេញ​មួយខែ នេះ​បើតាម រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន។

ក្នុង​ដំណើរ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ នៅ​ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង​ជា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យ​បញ្ជាក់ថា ការសាងសង់​ផ្លូវ​នេះ​សម្រេចបាន ៩៥% ហើយ​គ្រោង​នឹងត្រូវ​ដាក់ឱ្យ​ប្រើប្រាស់​ចាប់​ពីថ្ងៃ​ទី ១ ខែតុលា ឆ្នាំ ២០២២ ដោយ​មិន​តម្រូវឱ្យ​បង់ប្រាក់​ក្នុងការ​ធ្វើដំណើរ​រយៈពេល​មួយខែ។

ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ដោយមាន​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) ពី ប្រទេស​ចិន តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ ២,០០០ លាន​ដុល្លារ​អាមេរិក និង​ហិរញ្ញប្បទាន​ឥត​សំណង​ពី រដ្ឋាភិបាល​ចិន ប្រមាណ ១៥០ លាន​ដុល្លារ។

គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ មាន​ប្រវែង​សរុប​ជាង ១៩០ គីឡូម៉ែត្រ ក្នុងនោះ​វា​មាន​ទទឹង​តួ​ផ្លូវ ២៤.៥ ម៉ែត្រ និង​ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០ សង់ទីម៉ែត្រ។ គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​ចែកជា ៤ គន្លង (២ គន្លង​ទៅ ២គន្លង​មក)។ ផ្លូវ​នេះ​អនុញ្ញាតឱ្យ​យានយន្ត​គ្រប់​ប្រភេទ អាច​បើកបរ​ក្នុង​ល្បឿន​រហូតដល់ ១០០ គីឡូម៉ែត្រ/ម៉ោង  និង​កន្លែង​ខ្លះ​អាច​បើកបរ ក្នុង​ល្បឿន​ដល់ ១២០ គីឡូម៉ែត្រ/ម៉ោង។

ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ មាន​ស្ពាន​តូច​ចំនួន ៥ កន្លែង, ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន ៨០ កន្លែង។ ផ្លូវ​នេះ​ក៏មាន​ស្ពាន​រំលង​ផ្លូវ​ចំនួន ២០ កន្លែង, ចំណត​ឈប់សម្រាក​ចំនួន ៣ កន្លែង, ចំណតរថយន្ត​ចំនួន ១កន្លែង, មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ផ្លូវ​ចំនួន ៤ កន្លែង និង​បញ្ជរ​បង់ប្រាក់​ចំនួន ៩ កន្លែង៕

Advertisement