គម្រោង​ស្ដារ​គុណភាព​កំណាត់​ផ្លូវ​លេខ ១៤៦បេ និង​ផ្លូវ​លេខ ១៤៨ សម្រេច បាន ៩៩,៨១% ហើយ

នា​ព្រឹក​ថ្ងៃទី ២០ កក្កដា ២០២២ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​ពាក់ព័ន្ធ អញ្ជើញ​ចុះ​ពិនិត្យ​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​កំណាត់​ផ្លូវ​លេខ ១៤៦បេ (វិថី​សម្ដេច​សង្ឃរាជ​ទេព​វង្ស) និង​ផ្លូវ​លេខ ១៤។

ក្នុង​ការចុះពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់ និង​ផ្ទៀងផ្ទាត់​គុណភាព​នៃ​គម្រោង​ខាងលើ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវ​នេះ​សាងសង់​បានល្អ មានគុណ​ភាពរឹងមាំ ក្រោយ​ការធ្វើ​តេស្ត​សាកល្បង​ចំនួន ៤១៤ កន្លែង ក្នុងនោះ​មានតែ ២ កន្លែង​ប៉ុណ្ណោះ​ដែលមាន​គុណភាព​ក្រោម​កម្រិត​បច្ចេកទេស​បន្តិច ប៉ុន្តែ​អាច​ទទួលយកបាន។

ចំពោះ​កំណាត់​ផ្លូវ​ក្រាល AC វិញ លោក​រដ្ឋមន្ត្រី​បាន​ថ្លែងថា កម្រិត​នៃ​ភាព​រលាក់ IRI មានតម្លៃ​តូច​ជាង ២m/km ដែល​ស្ថិតក្នុង​កម្រិត​ល្អ​ណាស់។ រីឯ​ផ្លូវ​បេតុង លទ្ធផល​នៃ​ការពិនិត្យ​កម្រិត​នៃ​ភាព​កកិត បាន​បង្ហាញថា តម្លៃ​នៃ​ភាព​កកិត​របស់​ផ្ទៃ​កម្រាល​បេតុង គឺ​ខ្ពស់ជាង​ស្តង់ដារ​ដែល​បានកំណត់។

រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ផ្លូវ​ខាងលើ​អាចជួយ​សម្រួល​ដល់​ឡាន​ដឹកទំនិញ​ធុន​ធ្ងន់​ធ្វើដំណើរ​វាង​ផ្លូវជាតិ​លេខ ៤ ដោយ​ជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការកកស្ទះ​ចរាចរណ៍​លើផ្លូវ​ជាតិ​នេះ។

យោងតាម អគ្គនាយកដ្ឋាន​បច្ចេក​ទេស​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ការអនុវត្ត​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​កំណាត់​ផ្លូវ​លេខ ១៤៦បេ និង​ផ្លូវ​លេខ ១៤៨ នេះ សម្រេចបាន ៩៩,៨១% ហើយ គិត​ត្រឹម​ថ្ងៃទី ២០ កក្កដា​នេះ៕

Advertisement