ស្ពាន​ខ្សែកាប​ដែលមាន​ប្រព័ន្ធ​បង្គោល​ទ្រ​តែមួយ​វែង​ជាងគេ​បង្អស់​ក្នុង​ពិភពលោក ឆ្លង​ផុត​ការពិសោធ

(ប្រទេស​ចិន)-ស្ពាន​ខ្សែកាប Lvzhijiang ប្រវែង​ប្រហែល ៨០០ ម៉ែត្រ បាន​ឆ្លង​ផុត​ដំណាក់កាល​ពិសោធន៍ បន្ទាប់ពី​បានឱ្យ​ក្រុម​រថយន្ត​ដឹកទំនិញ​ធុន ១,២៨០ តោន បរ​ឆ្លងកាត់​ក្នុង​រយៈពេល ៨ ថ្ងៃ។

ស្ពាន​ខ្សែកាប Lvzhijiang ដែល​ស្ថិតនៅក្នុង​ខេត្ត Yunnan ភាគ​នីរ​តី​នៃ ប្រទេស​ចិន បាន​ឆ្លង​ផុត​ការពិនិត្យ​គុណភាព និង​សមត្ថភាព​នៃ​ការផ្ទុក​ទម្ងន់​រួចហើយ។ ក្នុងការ​ពិសោធ​រយៈពេល ៨ ថ្ងៃ ដែល​ចាប់ផ្ដើម​ពីថ្ងៃ​ទី ១១ កក្កដា ក្រុម​រថយន្ត​ដឹកទំនិញ​ដែលមាន​ទម្ងន់​រហូតដល់ ១,២៨០ តោន បាន​បរ​ឆ្លងកាត់​ទៅមក​លើ​ស្ពាន នេះ​បើតាម Science and Technology Daily។

ដោយមាន​ប្រវែង​ប្រហែល ៨០០ ម៉ែត្រ ស្ពាន Lvzhijiang គឺជា​ស្ពាន​ខ្សែកាប​បង្គោល​ទ្រ​តែមួយ​ដែល​វែង​ជាងគេ​បង្អស់​ក្នុង​ពិភពលោក។ ស្ពាន​នេះ​នឹង​ជួយ​កាត់បន្ថយ​រយៈពេល​ធ្វើដំណើ​រ​រវាង​ទីក្រុង Yuxi និង​ទីក្រុង Chuxiong Yi ពី ១.៥ ម៉ោង ចុះមក​នៅត្រឹម ២ នាទី។ ស្ពាន​ដែល​កាន់កាប់​តំណែង​ស្ពាន​ខ្សែកាប​បង្គោល​ទ្រ​មួយ​វែង​ជាងគេ​ក្នុង​ពិភពលោក​មុន​នោះ គឺ​ស្ពាន Jinshajiang Hutiaoxia ដែល​ស្ថិត​លើ​កំណាត់​ផ្លូវ​ល្បឿន​លឿន ប៉េកាំង-ទី​បេ ដោយមាន​ប្រវែង ៧៦៦ ម៉ែត្រ។

ស្ពាន Lvzhijiang គឺជា​ផ្នែក​មួយ​នៃ​កំណាត់​ផ្លូវ​ល្បឿន​លឿន​ថ្មី​ប្រវែង ២០០ គីឡូម៉ែត្រ ឆ្លងកាត់​ខេត្ត Yunnan ដែល​ត្រូវបាន​សាងសង់ឡើង​ដើម្បី​បង្កើន​ការតភ្ជាប់​ជាមួយ​បណ្ដា​ប្រទេស​នៅ អាស៊ីអាគ្នេយ៍ ហើយ​វា​ក៏​ជា​គម្រោង​មួយ​នៅក្នុង គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ របស់ ប្រទេស​ចិន ផងដែរ។

Advertisement