ឡាវ អភិវឌ្ឍ​គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពលខ្យល់​តម្លៃ​ជាង ២ ពាន់​លាន​ដុល្លារ​អាម៉េរិក

គម្រោង​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ខ្យល់ Monsoon របស់​ប្រទេស​ឡាវ

គម្រោង​ផលិត​អគ្គិសនី​ថាមពលខ្យល់​នៅក្នុង​តំបន់ Lako ស្រុក Xepon ខេត្ត Savannakhet នេះ ត្រូវបាន​អនុវត្ត​ដោយ រដ្ឋាភិបាល​ឡាវ និង​ក្រុមហ៊ុន​ថាមពល​កកើត​ឡើងវិញ Savan Vayu សហការ​ជាមួយ​ក្រុមហ៊ុន LMT ឡាវ។

តំបន់​ដែល​ត្រូវ​សិក្សា​សម្រាប់​គម្រោង​ខាងលើ មាន​ផ្ទៃក្រឡា ២៨,៥១៣ ហិកតា ជាមួយនឹង​កម្លាំង​ដំឡើង ១,២០០ មេ​ហ្គា​វ៉ា​ត់ និង​ចំណាយ​ថវិកា​ប្រមាណ ២.១៦ ពាន់​លាន​ដុល្លារ​អាម៉េរិក។ គ្រោង​នេះ​គ្រោង​នឹង​ស្ថាបនា​រួចរាល់ និង​ចាប់ផ្ដើម​ដំណើរការ​នៅ​ចុងឆ្នាំ ២០២៥ ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ក្នុងស្រុក ក៏ដូចជា​ការនាំ​ចេញទៅ​ប្រទេសជិតខាង។

ក្រុម​អ្នក​អភិវឌ្ឍ​គម្រោង បានចាប់ផ្ដើម​សិក្សា​បឋម​អំពី​គម្រោង​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​នេះ​ចាប់ពី​ពាក់កណ្ដាល​ឆ្នាំ ២០២១ និង​បាន​រកឃើញថា គម្រោង​នេះ​ពិត​ជាមាន​សក្ដានុពល។ ដូច្នេះ ពួកគេ​ក៏បាន​ដាក់សំណើ​ទៅកាន់ រដ្ឋាភិបាល​ឡាវ។ ក្រោយ​ការពិនិត្យ ពិភាក្សា និង​ពិចារណា រដ្ឋាភិបាល​ឡាវ ក៏បាន​យល់ព្រម និង​អនុម័ត​លើ​សំណើ​សិក្សា​លទ្ធភាព​អភិវឌ្ឍ​គម្រោង​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​ធំ​បំផុត​នៅ ប្រទេស​នេះ។

កាលពី​ថ្ងៃទី ០៩ កញ្ញា​កន្លងទៅ អនុរដ្ឋមន្ត្រី​ក្រសួងផែនកា​រ និង​វិនិយោគ​ឡាវ Sthabandith Insisienmay និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ថាមពល​កកើត​ឡើងវិញ Savan Vayu លោក Sengsack Xayyarath បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​ការយោគយល់​ស្ដីពី​ការសិក្សា​លទ្ធភាព (FS) នៃ​ការអភិវឌ្ឍ​គម្រោង​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់​ខាងលើ ក្រោម​អធិបតីភាព​របស់ អនុរដ្ឋមន្ត្រី​ក្រសួង​ថាមពល និង​រ៉ែ​ឡាវ Sinava Souphanouvong, តំណាង​ក្រុមហ៊ុន LMT ឡាវ រួម​នឹង​ដៃគូ​សហការ​ដែល​ពាក់ព័ន្ធ​ផ្សេងទៀត៕

Advertisement