គម្រោង​ទិញដូរ​អគ្គិសនី​ពហុ​ប្រទេស​ដំបូង​គេ​បង្អស់​នៅក្នុង​តំបន់​អាស៊ាន ផ្ដល់​សញ្ញា​វិជ្ជមាន​សម្រាប់​ការ​តភ្ជាប់​បណ្ដាញ​អគ្គិសនី​រួម​នៅ​ទូទាំង​តំបន់

គម្រោង​ទិញដូរ​អគ្គិសនី​រវាង ឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហ​បុរី បានក្លាយ​ជាការ​ពិត ដែល​នេះ​គឺជា​ការបើកផ្លូវ​ឱ្យមាន​ក្ដីសង្ឃឹម​ចំពោះ​ការតភ្ជាប់​បណ្ដាញ​អគ្គិសនី​រួម​របស់​បណ្ដា​ប្រទេស​ដែលជា​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍។

គម្រោង​ទិញដូរ​អគ្គិសនី​រវាង ឡាវ និង សិង្ហ​បុរី គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ត​ភ្ជាប់​បណ្ដាញ​អគ្គិសនី​ទ្រង់ទ្រាយ​ធំ​ជាងនេះ​​ដែលមាន​ការចូលរួមរ​បស់​ប្រទេស​ចំនួន ៤ គឺ ឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហ​បុរី (គម្រោង LTMS-PIP) ដែល​ត្រូវបាន​ប្រទេស​ទាំងនេះ​អនុម័ត​ជា​ផ្លូវការ​នៅក្នុង​ចក្ខុវិស័យ​អាស៊ាន ២០២០។

ថ្មីៗនេះ គម្រោង​ទិញដូរ​អគ្គិសនី​ពហុភាគី​ដំបូង​គេ​នៅក្នុង អាស៊ាន រវាង ៤ ប្រទេស​ខាងលើ​បានក្លាយ​ជាការ​ពិត ដែល​នេះ​គឺ​ជា​ការ​បើកផ្លូវ​ឱ្យមាន​ការរំពឹងទុក​ចំពោះ​ការតភ្ជាប់​បណ្ដាញ​អគ្គិសនី​រួម​នៅក្នុង​តំបន់​អាស៊ាន។

គម្រោង​ដែលមាន​គោលដៅ​បង្កើតជា​ប្រព័ន្ធ​សន្តិសុខ​ថាមពល​សម្រាប់​ទូទាំង​តំបន់ តាមរយៈ​ការតភ្ជាប់​ទៅក្នុង​បណ្ដាញ​អគ្គិសនី​រួម សមាជិក​ទាំងឡាយ​អាច​ចែករំលែក​អគ្គិសនី​ដល់​គ្នា ក្នុងនោះ ប្រទេស​ដែល​សល់​អគ្គិសនី​នឹង​អាច​លក់​ទៅឱ្យ​បណ្ដា​ប្រទេស​ដែលមាន​តម្រូវការ​ ​ប្រកប​ដោយ​ភាព​​ងាយស្រួល។

ចាប់ពី​ចុងខែ​មិថុនា សិង្ហ​បុរី បាន​នាំចូល​អគ្គិសនី​ពី​ប្រភព​ថាមពល​កកើត​ឡើងវិញ​របស់ ឡាវ នៅក្នុង​ដំណាក់កាល​សាកល្បង​រយៈពេល ២ ឆ្នាំ។ តួលេខ ១០០ មេ​ហ្គា​វ៉ា​ត់ ដែល​ស្មើនឹង ១.៥% នៃ​តម្រូវការ​អគ្គិសនី​ក្នុង​ម៉ោង​មានការ​ប្រើ​ច្រើន​របស់ សិង្ហ​បុរី ក្នុង​ឆ្នាំ ២០២០ ​គឺ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ដល់ ១៤៤,០០០ គ្រួសារ​នៅក្នុង ១ ឆ្នាំ។

លោក Chanthaboun Soukaloun អគ្គនាយក​នៃ​ក្រុមហ៊ុន​អគ្គិសនី​ឡាវ (EDL) បានឱ្យដឹងថា EDL លក់​អគ្គិសនី​ឱ្យ សិង្ហ​បុរី ទៅតាម​កម្រិត​នៃ​ថាមពល។ បច្ចុប្បន្ន គម្រោង​ផលិត​អគ្គិសនី​ប្រមាណ ៩០% របស់ ប្រទេស​ឡាវ គឺ​ត្រូវបាន​ផលិតឡើង​ដោយ​ថាមពល​កកើត​ឡើងវិញ ឬ​ហៅថា ថាមពលបៃតង។ ឡាវ ក៏​កំពុងតែ​ទាក់ទាញ​អ្នកវិនិយោគ​នៅក្នុង​វិស័យ​ផលិត​អគ្គិសនី​ពី​ថាមពលបៃតង ដូច​​ជា​ ខ្យល់ កម្ដៅ​ព្រះអាទិត្យ និង​វា​រី​អគ្គិសនីជា​ដើម​។

ដើម្បី​ជំរុញ​ការ​ទិញដូរ​ថាមពលរ​វាង​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ពិសេស​គឺការ​ជំរុញ​ការស្ថាបនា​បណ្ដាញ​អគ្គិសនី​អាស៊ាន ប្រទេស​ជា​សមាជិក​ត្រូវតែ​ប្រញាប់​បង្កើត​ស្ដង់ដា​រួម​ស្ដីពី​ប្រព័ន្ធ​បញ្ជូន និង​ទាញយក​អគ្គិសនី​ក្នុង​តំបន់។ ប្រការនេះ​មិន​ត្រឹមតែ​ជួយ​ឱ្យ​ការតភ្ជាប់​បណ្ដាញ​អគ្គិសនី​ឆ្លង​ព្រំដែន​មាន​ភាពងាយស្រួល​នោះទេ តែ​ក៏​ជួយ​កាត់បន្ថយ​ការចំណាយ​ក្នុងការ​អនុវត្ត​គម្រោងផ្សេងៗនាពេល​អនាគត។

គម្រោង​សមាហរណកម្ម​ថាមពល​ឡាវ-ថៃ-ម៉ាឡេស៊ី-សិង្ហ​បុរី នឹង​បង្កើតឱ្យមាន​ការចាប់ផ្ដើម​ដ៏​ល្អ​សម្រាប់​ទីផ្សារ​ទិញដូរ​ថាមពល​រវាង​ប្រទេស​ជា​សមាជិក​របស់ អាស៊ាន នាពេលខាងមុខ។ ចំណែក​ជោគជ័យ​របស់​គម្រោង​ទិញដូរ​អគ្គិសនី​រវាង ឡាវ និង សិង្ហ​បុរី មិន​ត្រឹមតែ​ផ្ដល់​ផលប្រយោជន៍​ដល់​ប្រទេស​ដែល​ចូលរួម​នោះទេ តែ​ក៏​ជួយ​ឱ្យមាន​ក្ដីសង្ឃឹម​ខ្ពស់​សម្រាប់​ការជំរុញ​ដំណើរការ​ស្ថាបនា​បណ្ដាញ​អគ្គិសនី​រួម​របស់ អាស៊ាន ជា​ប្រការ​ដែល​នឹង​នាំមក​នូវ​ប្រសិទ្ធភាព​ផ្នែក​សេដ្ឋកិច្ច​យ៉ាងខ្ពស់​សម្រាប់​អ្នកវិនិយោគ និង​ផល​ប្រយោជន៍​សម្រាប់​អ្នកប្រើប្រាស់ ព្រម​ទាំង​ការ​ពង្រីក​ទីផ្សារ​ទិញដូរ​អគ្គិសនី ជំរុញ​ការវិនិយោគ ហើយ​​ពិសេស​គឺ​ការធានា​សន្តិសុខ​ថាមពល​សម្រាប់​សមាជិក​អាស៊ាន​ទៀត​ផង៕

Advertisement