គម្រោង​រៀប​ចំ​ច្រក​ទ្វារ​អន្តរ​ជាតិ​ស្ទឹង​បត់​ និង​ផ្លូវ​ត​ភ្ជាប់​មក​​ផ្លូវ​​​ជាតិ​​​លេខ​​ ៥​ សម្រេច​បាន​ជាង​ ៥៨​ ​ភាគ​​រយ

នៅទីស្ដីការក្រសួងសាធារណការ​ និង​ដឹក​ជញ្ជូន​ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួង និងជា នាយកគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូពីចម្ងាយ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ ៥។

អង្គប្រជុំដែល​មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេស និងមន្រ្តីជំនាញបច្ចេកទេសគម្រោងពាក់ព័ន្ធនេះ បានពិនិត្យ និងពិភាក្សាលម្អិតលើវឌ្ឍនភាពការងារ ការនាំចូលសម្ភារៈវត្ថុធាតុដើម ការបែងចែកកម្លាំងពលកម្ម-កម្មករជំនាញតាមអគារនីមួយៗ និងបញ្ហាប្រឈមនានា ព្រមទាំងបានស្នើ ឱ្យទីប្រឹក្សាត្រួតពិនិត្យបច្ចេកទេសរៀបចំផែនការលម្អិតលើការងារនាំចូលសម្ភារៈវត្ថុធាតុដើម និងការសាងសង់ ដើម្បីតាមដាន ត្រួតពិនិត្យ និងជំរុញឱ្យពាក់​ព័ន្ធ​ អនុវត្តគម្រោងឱ្យសម្រេចតាមផែនការដែលបានសន្យា។

របាយការណ៍របស់អង្គភាពគ្រប់គ្រងគម្រោងបាន​ឱ្យ​ដឹង​ថា គិតត្រឹមថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២២ គម្រោងរៀបចំច្រកទ្វារអន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់មកផ្លូវជាតិលេខ ៥ ដែល​អនុវត្ត​ដោយ​ ក្រុមហ៊ុន CM Grand Development និង Tan Kim Eng សម្រេចបានចំនួន ៥៨,៤៨%៕

Advertisement