ផ្លូវល្បឿន​លឿន​ភ្នំពេញ​-​ក្រុង​ព្រះ​សីហនុ​ មាន​ “ទី​តាំង​ច្រក​ចេញ​-​ចូល”​ ០៨​ កន្លែង

ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ត្រូវ​បាន​ដាក់ឱ្យ​ប្រើប្រាស់​​ចាប់​ពីថ្ងៃ​ទី ០១ ខែតុលា ឆ្នាំ ២០២២ ដោយ​មិន​តម្រូវឱ្យ​បង់ប្រាក់​ក្នុងការ​ធ្វើដំណើរ​រយៈពេល​ពេញ​មួយខែ ហើយ​ អ្នកបើកបរ​យាន​យន្ត​​អាចចេញ-ចូលក្នុងផ្លូវល្បឿនលឿននេះ​បាន តាម “ទីតាំងច្រកចេញ-ចូល” ០៨ កន្លែង។

យោង​តាម​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ដែល​មាន​ប្រវែង​សរុប​ជាង ១៩០ គីឡូម៉ែត្រនេះ មាន​ «ទីតាំងច្រកចេញ-ចូល” ចំនួន ០៨ កន្លែង។ អ្នកបើកបរ​យានយន្ត​ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់ អាច​ចេញ-ចូលក្នុង​ផ្លូវ​ល្បឿន​លឿន​នេះ​បាន​ តាម​ ស្ថានីយ​ភ្នំពេញ ផ្លូវ​កប់​ស្រូវ (គ.ម 3), ស្ថានីយ​កំពង់ស្ពឺ​ខាងកើត (គ.ម 26), ស្ថានីយ​កំពង់ស្ពឺ​ខាងលិច (គ.ម 43), ស្ថានីយ​ត្រែងត្រយឹង (គ.ម 76), ស្ថានីយ​កំពង់​សិលា (គ.ម 114), ស្ថានីយ​ស្រែអំបិល (គ.ម 135), ស្ថានីយ​ស្ទឹងហាវ (គ.ម 172) និង ស្ថានីយ​ក្រុងព្រះសីហនុ (គ.ម 182)។

ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ ត្រូវ​បាន​ដាក់ឱ្យ​ប្រើប្រាស់​​ចាប់​ពីថ្ងៃ​ទី ០១ ខែតុលា ឆ្នាំ ២០២២ ក្រោយ​ពី​​ត្រូវ​បាន​បញ្ចប់​ការ​សាង​សង់​​រួច​រាល់​ជា​ស្ថាពរ​។ ផ្លូវ​នេះ​ត្រូវបាន​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩ ដោយមាន​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) ពី ប្រទេស​ចិន តាមរយៈ​ក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ ២,០០០ លាន​ដុល្លារ​អាមេរិក និង​ហិរញ្ញប្បទាន​ឥត​សំណង​ពី រដ្ឋាភិបាល​ចិន ប្រមាណ ១៥០ លាន​ដុល្លារ។

គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ មាន​ប្រវែង​សរុប​ជាង ១៩០ គីឡូម៉ែត្រ ក្នុងនោះ​វា​មាន​ទទឹង​តួ​ផ្លូវ ២៤.៥ ម៉ែត្រ និង​ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០ សង់ទីម៉ែត្រ។ គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​ចែកជា ៤ គន្លង (២ គន្លង​ទៅ ២គន្លង​មក)។ ផ្លូវ​នេះ​អនុញ្ញាតឱ្យ​យានយន្ត​គ្រប់​ប្រភេទ អាច​បើកបរ​ក្នុង​ល្បឿន​រហូតដល់ ១០០ គីឡូម៉ែត្រ/ម៉ោង និង​កន្លែង​ខ្លះ​អាច​បើកបរ ក្នុង​ល្បឿន​ដល់ ១២០ គីឡូម៉ែត្រ/ម៉ោង។

ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ មាន​ស្ពាន​តូច​ចំនួន ៥ កន្លែង, ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន ៨០ កន្លែង។ ផ្លូវ​នេះ​ក៏មាន​ស្ពាន​រំលង​ផ្លូវ​ចំនួន ២០ កន្លែង, ចំណត​ឈប់សម្រាក​ចំនួន ៣ កន្លែង, ចំណតរថយន្ត​ចំនួន ១កន្លែង, មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ផ្លូវ​ចំនួន ៤ កន្លែង និង​បញ្ជរ​បង់ប្រាក់​ចំនួន ៩ កន្លែង៕

Advertisement