ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មាន​ទីតាំង​ឈប់​សម្រាក​ចំនួន ៤ កន្លែង ដែល​អ្នក​បើកបរ​គួរ​តែ​ដឹង​ច្បាស់

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២២ ដូច្នេះ ដើម្បី​អ្នក​បើកបរ​គួរ​តែ​ដឹង​ច្បាស់​អំពី​ «ទីតាំង​ឈប់​សម្រាក» នៅ​តាម​បណ្ដោយ​ផ្លូវ​នេះ​។

“ទីតាំង​សម្រាប់​ឈប់សម្រាក និងផ្តល់សេវាកម្ម” នៅ​តាម​បណ្ដោយ​ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មាន​ ៤ កន្លែង ក្នុង​នោះមាន ២ កន្លែង​នៅ ខេត្ត​កំពង់​ស្ពឺ និង ២ កន្លែង​នៅ​ ខេត្ត​ព្រះសីហនុ។

កន្លែងឈប់សម្រាក និងផ្តល់សេវាកម្មទាំង​នេះ​សុទ្ធតែ​មានចំណតយានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ។

ទីតាំងទាំង ៤ កន្លែង​នេះ រួមមាន៖ ទីតាំងកំពង់ស្ពឺ (គ.ម 40), ទីតាំងកំពង់ស្ពឺខាងលិច (គ.ម 63), ទីតាំងកំពង់សិលា ខេត្ត​ព្រះសីហនុ​ (គ.ម 109) និង ទីតាំងព្រៃនប់ខាងលិច ខេត្ត​ព្រះសីហនុ (គ.ម 156)។

កន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម នៅតាមបណ្ដោយផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ

គម្រោង​ផ្លូវ​ល្បឿន​លឿន​នេះ មាន​ប្រវែង​សរុប​ជាង ១៩០ គីឡូម៉ែត្រ ក្នុងនោះ​វា​មាន​ទទឹង​តួ​ផ្លូវ ២៤.៥ ម៉ែត្រ និង​ក្រាល​បេតុង​កៅស៊ូ (AC) កម្រាស់ ១០ សង់ទីម៉ែត្រ។ គន្លង​ផ្លូវ​ធ្វើ​ចរាចរណ៍​ចែកជា ៤ គន្លង (២ គន្លង​ទៅ ២គន្លង​មក)។ ផ្លូវ​នេះ​អនុញ្ញាតឱ្យ​យានយន្ត​គ្រប់​ប្រភេទ អាច​បើកបរ​ក្នុង​ល្បឿន​រហូតដល់ ១០០ គីឡូម៉ែត្រ/ម៉ោង និង​កន្លែង​ខ្លះ​អាច​បើកបរ ក្នុង​ល្បឿន​ដល់ ១២០ គីឡូម៉ែត្រ/ម៉ោង។

ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះសីហនុ មាន​ស្ពាន​តូច​ចំនួន ៥ កន្លែង, ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន ៨០ កន្លែង។ ផ្លូវ​នេះ​ក៏មាន​ស្ពាន​រំលង​ផ្លូវ​ចំនួន ២០ កន្លែង, ចំណត​ឈប់សម្រាក​ចំនួន ៣ កន្លែង, ចំណតរថយន្ត​ចំនួន ១កន្លែង, មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ផ្លូវ​ចំនួន ៤ កន្លែង និង​បញ្ជរ​បង់ប្រាក់​ចំនួន ៩ កន្លែង៕

Advertisement