បណ្ដុំ​រោង​ចក្រ​វារី​អគ្គិសនី-រោង​ចក្រ​អគ្គីសនី​​​ព្រះអាទិត្យ​ធំបំផុត​ក្នុង​ពិភពលោក​

ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ប្លង់​របស់​រោង​ចក្រ​អគ្គិសនី​ថាមពល​ព្រះអាទិត្យ​ Kela របស់ ប្រទេស​ចិន

រោង​ចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​ព្រះអាទិត្យ​ Kela និង​រោង​ចក្រ​វារី​អគ្គិសនី Lianghekou នឹង​ដំណើរ​ការ​ភ្ជាប់​ជាមួយ​គ្នា​ដើម្បី​ផ្គត់ផ្គង់​អគ្គិសនី​ ២ ពាន់​លាន​គីឡូវ៉ាត់​ម៉ោង នៅ​ពេល​ស្ថាបនា​រួច​រាល់​នា​ឆ្នាំ​ក្រោយ​។

រោង​ចក្រអគ្គិសនី​ពន្លឺ​ព្រះអាទិត្យ​ Kela នឹង​ត្រូវ​បាន​សាង​សង់​នៅ​ក្នុង​ខេត្ត Sichuan ភាគ​និរតី​នៃ​ ប្រទេស​ចិន​ ក្បែរ​រោង​ចក្រ​វារី​អគ្គិសនី Lianghekou ​ស្ថិត​នៅ​លើ​ទន្លេ​ Yalong Jiang ​​​ដែល​មាន​កម្លាំង​ផលិត​អគ្គិសនី​ឡើង​ដល់ ១ លាន​គីឡូវ៉ាត់។ ផ្ទាំង​សូឡារ​ទាំង​ឡាយ​នឹង​ត្រូវ​បាន​ដំឡើង​នៅ​លើ​ភ្នំកម្ពស់ ៤,៦០០ ម៉ែត្រ​ ផ្ដល់​ថាមពល​អគ្គិសនី​បន្ថែម ១ លាន​គីឡូវ៉ាត​ទៀត​ដល់​បណ្ដុំ​រោង​ចក្រ​នេះ​។

តាម​ផែនការ គម្រោងខ្នាត​យក្ស​ខាងលើ​​នេះ​នឹង​ដំណើរ​ការ​ ១,៧35 ម៉ោង​​/​ឆ្នាំ​ និង​បង្កើត​អគ្គិសនី​ជា​មធ្យម​ប្រចាំ​ឆ្នាំ​បាន ២ ពាន់​លាន​គីឡូវ៉ាត់​ម៉ោង​ បន្ទាប់​ពី​សាងសង់​រួច​រាល់​នៅ​ឆ្នាំ​ ២០២៣​ នេះ​បើ​តាម CGTN ចេញ​ផ្សាយ​កាលពី​ថ្ងៃទី ០១ តុលា​។

លោក Qi Ningchun ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍ​វារី​អគ្គិសនី​ទន្លេ​ Yalong Jiang ដែល​ជា​អ្នក​អនុវត្ត​គម្រោង​ខាង​លើ​ឱ្យ​ដឹង​ថា ប្រទេស​ចិន​ កំពុង​តែ​ជំរុញ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​ ឬ​ហៅ​ថា​ ថាមពល​កកើត​ឡើង​វិញ​ នៅ​ពេល​ឆ្ពោះ​ទៅ​រក​គោល​ដៅ​មិន​បំភាយ​ឧស្ម័ន​កាបូន​នៅមុន​ឆ្នាំ​ ២០៦០​។ រោង​ចក្រ Kela នឹង​រួម​ចំណែក​កាត់​បន្ថយ​ឧស្ម័ន​កាបូន​ជាង ១.៦ លាន​តោន​ (ស្មើ​នឹង​ការ​ដុត​ធ្យូង​ថ្ម​ ៦០០,០០០ តោន​)។

លោក Qi Ningchun បន្ថែម​ថា រោង​ចក្រ​អគ្គិសនី​ពន្លឺ​​ព្រះ​អាទិត្យ​ ​Kela នឹង​ក្លាយ​ជា​ប្រភព​អគ្គិសនី​ជំនួយ​សម្រាប់​រោង​ចក្រ​វារីអគ្គិសនី​ Lianghekou នៅ​ពេល​កម្លាំង​របស់​រោង​ចក្រ​ទាំង​ពីរ​ប្រែប្រួល​ទៅ​តាម​លក្ខខណ្ឌ​នៃ​ពេល​វេលា​ក្នុង​ឆ្នាំ​។

រោង​ចក្រ Kela នឹង​បង្កើត​ការ​ងារ​បន្ថែម​​​ប្រមាណ​ជាង ៣,០០០ កន្លែង​​សម្រាប់​​ប្រជាជន​ក្នុង​ខេត្ត Sichuan។ ដើម្បី​ជួយ​ឱ្យ​ប្រជាកសិករ​នៅ​តែ​អាចចិញ្ចឹម​​សត្វគោ និងពពែ​​ដោយការ​​ព្រលែង​ រោង​ចក្រ Kela បាន​ដំឡើង​ផ្ទាំង​សូឡារ​ឱ្យដល់​កម្ពស់ ១.៨ ម៉ែត្រ ធៀប​នឹង​ស្មៅ​ធម្មជាតិ​៕

រោង​ចក្រ​វារី​អគ្គិសនី Lianghekou
Advertisement