អាជ្ញាធរ​ក្រុង​កែប កំណត់​ពេល​ឱ្យ​​ពលរដ្ឋ​រុះរើ​​សំណង់ខុស​ច្បាប់​​នៅ​តាមបណ្តោយឆ្នេរសមុទ្រ

លោកអភិបាលក្រុងកែប កាល​ពី​រសៀលថ្ងៃទី ០៤ តុលា ​បានដឹកនាំគណៈបញ្ជាការឯកភាពក្រុងកែប ចុះវាស់វែង និងរៀបចំសំណង់នានា ដែលអាជីវករបានសង់រំលោភលើផ្លូវសាធារណៈ និង​កំណត់​​ឱ្យ​រុះ​រើ​ឱ្យ​បាន​មុន​​ថ្ងៃទី ១៥ ខែតុលា​ខាងមុខ​។

ការ​កំណត់​ខាងលើ​របស់​អាជ្ញាធរ​ក្រុង​កែប ​ធ្វើឡើង​បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​មួយ​​ជាមួយ​ប្រជា​ពលរដ្ឋ​ ស្ដីអំពី​បញ្ហា និងដំណោះស្រាយ ជុំវិញភាពរញ៉េរញ៉ៃនៅតាមបណ្តោយឆ្នេរកែប។

ដូចដែលបានព្រមព្រៀងគ្នាជាមួយបងប្អូនអាជីវករក្នុងការប្រជុំ​នៅ សាលាក្រុងកែប អាជ្ញាធរ​មិនអនុញ្ញាតឱ្យ មានការលក់ដូរនៅថ្ងៃច័ន្ទ ដល់ សុក្រ ដោយ​អនុញ្ញាត​ឱ្យ​លក់​ដូរ​តែ​នៅ​ពេល​មាន​បុណ្យ​ទាន​ ចំណែក​ថ្ងៃ​សៅរ៍ និង​អាទិត្យ​ មិន​ទាន់​មាន​ការ​សម្រេច​យ៉ាង​ណា​នៅ​ឡើយ​ នេះ​បើ​តាម​លោក ខេង យ័ន អភិបាលក្រុងកែប។ លោកអភិបាល​បាន​បន្ថែម​ថា អាជ្ញាធរ​ទុក​ពេល​ឱ្យ​ម្ចាស់​សំណង់​ខុស​ច្បាប់ រុះ​រើ​ដោយ​ខ្លួន​ឯង​ឱ្យ​បាន​មុន​ថ្ងៃទី ១៥ តុលាខាងមុខ​ មុនពេល​អាជ្ញាធរ​ចាត់​វិធានការ​។

លោក ខេង យ័ន បាន​បញ្ជាក់ថា វិធានការ​នេះ​គឺ​ដើម្បី​ស្ដារ​សណ្តាប់ធ្នាប់ សោភ័ណភាព នៅ​តំបន់ឆ្នេរកែប និង​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ អាជីវករ​យោគ​យល់ និង​សហការ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​៕

Advertisement