ឥណ្ឌូណេស៊ី ​រៀប​ចំ​កញ្ចប់​អនុគ្រោះ​​ដើម្បី​ទាក់​ទាញ​ការ​វិនិយោគ​សម្រាប់​គម្រោង​រដ្ឋធានី​ថ្មី

ប្រទេស​ឥណ្ឌូណេស៊ី កំពុង​តែ​ត្រៀម​សំណើ​បញ្ចេញ​កញ្ចប់​អនុគ្រោះ​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ទៅ​ក្នុង​គម្រោង​រដ្ឋធានី​ថ្មី​ Nusantara ដោយ​សង្ឃឹមថា នឹង​ធ្វើឱ្យ​​មាន​ភាព​ប្រាកដ​ប្រជា​ចំពោះ​ផែនការ​សំខាន់​ក្នុង​កម្មវិធី​នយោបាយ​សេដ្ឋកិច្ច​របស់​ប្រធានាធិបតី Joko Widodo។

មហា​គម្រោង​ដែល​មាន​តម្លៃ​ ៣២ ពាន់​លាន​ដុល្លារ​នេះ​ កំណត់គោលដៅ​រើ​រដ្ឋធានី​របស់​ខឿន​សេដ្ឋកិច្ច​ធំជាង​គេ​នៅ​ អាស៊ី​អាគ្នេយ៍​ ពី​ ហ្សាការតា ដែល​កំពុង​ជួប​បញ្ហា​កក​ស្ទះ​ចរាចរណ៍​ខ្លាំង​ ទៅ​កាន់​តំបន់​ដែល​មិន​ទាន់​មាន​ការ​អភិវឌ្ឍ​ នៅ​លើ​កោះ Borneo។ កាលពី​ប៉ុន្មាន​ខែ​កន្លង ឥណ្ឌូណេស៊ី បាន​សម្ពោធ​បើក​​ការដ្ឋាន​សាងសង់​សម្រាប់​មហា​គម្រោង​នេះ​។

សារព័ត៌មាន​ Reuters បាន​ឱ្យ​ដឹង​ថា លោក Bambang Susantono អភិបាល​រដ្ឋធានី​ថ្មី​ (IKN) បង្ហើប​ឱ្យ​ដឹង​ថា រដ្ឋាភិបាល​ឥណ្ឌណេស៊ី កំពុង​កសាង​ច្បាប់​ថ្មី​មួយ​ដែល​លើក​ឡើង​អំពីគោល​នយោបាយ​មួយចំនួន​ដើម្បី​ជំរុញ​ហិរញ្ញវត្ថុ និង​មិន​មែន​ហិរញ្ញវត្ថុ​សម្រាប់​ការ​​បង្កើត​ក្រុម​ហ៊ុន​ សហគ្រាស​ អាជីវកម្ម​នៅ​ Nusantara។

មុននោះ យោងតាម​ផែនការ​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី នឹង​ទទួល​ខុស​ត្រូវ ១/៥ នៃ​ការ​ចំណាយ​សម្រាប់​ការ​ស្ថាបនា​រដ្ឋធានី​ថ្មី​ ហើយ​អ្នក​វិនិយោគ​នឹង​រួម​ចំណែក​ផ្នែក​ដែល​នៅ​សល់​។ ធនាគារ​អភិវឌ្ឍ​អាស៊ី​ បាន​ឱ្យ​ដឹង​ថា ពួកគេ​នឹង​ជួយ​ដល់​ ឥណ្ឌូណេស៊ី​ ក្នុងការ​ប្រមូល​ទុន​សម្រាប់​គម្រោង​ខាងលើ​។

លោក Bambang បន្ថែម​ថា ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ ឆាប់ៗ​នេះ​នឹង​ដឹក​នាំ​យុទ្ធនាការ​ជំរុញ​ការ​វិនិយោគ​ និង​ពិភាក្សា​អំពី​ទស្សនវិស័យ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ក្រុម​អ្នក​វិនិយោគ​ដែល​មាន​សក្ដានុពល​។

ឧបសគ្គ​មួយ​ក្នុង​ចំណោម​បញ្ហា​លំបាក​ធំ​ៗ​ដែល​ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ត្រូវ​ប្រឈម​​ និង​ដោះ​ស្រាយ​ក្នុង​ការ​កសាង​រដ្ឋធានី​ថ្មី គឺ​ការ​លុប​បំបាត់​រាល់​​មន្ទិលដែល​កំពុង​កើត​មាន​​ចំពោះ​លទ្ធភាព​របស់​គម្រោង​នេះ​។

លទ្ធផល​នៃ​ការ​ស្ទង់​មតិ​មួយ​កាលពី​ខែ​មិថុនា​របស់ មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​ និង​អន្តរជាតិ​ឥណ្ឌូណេស៊ី បាន​បង្ហាញ​ថា ៥៩% ក្នុង​ចំណោម​អ្នក​ជំនាញ​ចំនួន ១៧០ នាក់​ ដែល​ត្រូវ​បាន​សម្ភាស បាន​បង្ហាញ​ការសង្ស័យ​ចំពោះ​ការ​អះអាង​ថា គម្រោង​ Nusantara នឹង​​ក្លាយ​ជា​ការពិត​ ក្រោម​មូលហេតុ​ថា «មិន​ប្រាកដ​ប្រជា​អំពី​ប្រភព​ទុន​ និង​ការ​គ្រប់​គ្រង​»៕

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo

Advertisement