«ទីក្រុងថ្មើរ​ជើង» មិន​បំភាយ​ឧស្ម័ន​ សម្រាប់​ប្រជាជន ១០០,០០០ នាក់ នៅ​ អាស៊ី​ខាងលិច

ក្រុមហ៊ុន​ស្ថាបត្យកម្ម​ URB របស់​ អេមីរ៉ាត​អារ៉ាប់​រួម (UAE) បាន​បង្ហាញ​អំពី​គំនិត​ស្ដីពី​ទីក្រុង​និរន្តរភាព​មាន​រូប​រាង​ដូច​ផ្កា ដែល​អាច​ត្រូវ​បាន​កសាង​ឡើង​ជា​ពិសេស​សម្រាប់​អ្នក​ថ្មើរជើង​។

ត្រូវ​បាន​ដាក់​ឈ្មោះ​ថា XZERO ទីក្រុង​​ធម្មជាតិ​នេះ​គឺជា​ផ្នែក​មួយ​នៃ​គោលដៅ​អភិវឌ្ឍ​ចីរភាព​ និង​មាន​ចក្ខុវិស័យ​ដល់​ឆ្នាំ​ ២០៣៥ របស់ ប្រទេស​កូវ៉ែត​ ដែល​គ្រោង​នឹង​ដាក់​ទីតាំង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​។

ទីក្រុង​នេះ​មាន​រូប​រាង​ដូច​ទៅ​នឹង​ផ្កាយ​មួយ​ទង​ ដែល​ចំណុច​កណ្ដាល​​គឺជា​មជ្ឈមណ្ឌល​សុខាភិបាល​ អប់រំ កំសាន្ត ពាណិជ្ជកម្ម​ និង​ការិយាល័យ​។ ខាង​ក្នុង​ទីក្រុង​នេះ​នឹង​មាន​ផ្ទះ​ស្នាក់​នៅ​ ៣០,០០០ ខ្នង​ ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ ១,៦០០ ហិកតា​ និង​បង្កើត​ការ​ងារ​ប្រមាណ ៣០,០០០ កន្លែង​។

ដោយ​មាន​ការ​រចនា​ក្នុង​បំណង​កាត់​បន្ថយ​រថយន្ត​ចេញ​ចូល​ និងមាន​ផ្លូវ​សម្រាប់​ថ្មើរ​ជើង​ធំទូលាយ​ និង​គ្រប​ដណ្ដប់​ដោយ​ម្លប់​ដើម​ឈើ​ XZERO ត្រូវ​បាន URB អះអាង​ថា នឹង​ជា «ទីក្រុង​ដែល​ងាយ​ស្រួល​ដើរ​ដោយ​ថ្មើរ​ជើង​បំផុត​ក្នុង​ពិភពលោក» នា​ពេល​អនាគត​។ បណ្ដាញ​ផ្លូវ​ថ្មើរ​ជើង​នេះ​នឹង​តភ្ជាប់​ជាមួយ​បណ្ដាញ​​មធ្យោបាយ​ដឹក​ជញ្ជូន​ដែល​មិន​បំភាយ​ឧស្ម័ន​ដូចជា កង់ និង​រថយន្ត​អគ្គិសនី​ជា​ដើម ដែល​ជួយ​ឱ្យ​ប្រជាជន​អាច​ធ្វើ​ដំណើរ​ទៅកាន់​គ្រប់​កន្លែង​នៅក្នុង​ទីក្រុង​។

XZERO អាច​ផ្គត់ផ្គង់​ស្បៀង​អាហារ​ដោយខ្លួន​ឯង និង​ធានា​សន្តិសុខ​ថាមពល​ ទន្ទឹម​នឹង​ការ​ជំរុញ​សេដ្ឋកិច្ច​ «គ្មាន​កាបូន» ដែល​ល្អ​សម្រាប់​បរិស្ថាន​។ គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ សុទ្ធ​តែ​ប្រើប្រាស់ថាមពល​ស្អាត​ ១០០% និង​កែច្នៃ​ទឹក​ប្រកប​ដោយ​ប្រសិទ្ធភាព​ដោយ​ប្រើប្រព័ន្ធ​ទឹក​ឆ្លាតវៃ​។

គ្រឹះសំខាន់​ដើម្បី​បង្កើត​ទីក្រុង​ដ៏គួរ​ឱ្យចង់​រស់​នៅ​នេះ​គឺ​ធម្មជាតិ​ដែល​មាន​សមត្ថភាព​អាច​ល្អ​ប្រសើរ​ឡើង​វិញ​ដោយ​ឯកឯង​ ​ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ជួយ​ឱ្យ​សុខភាព​ល្អ​ សុភមង្គល និង​ជីវសាស្ត្រ​ប្រកប​ដោយ​ភាព​សម្បូរ​បែប​។ ផ្ទៃ​ដី​ជាង​ ៦៥% របស់​ទីក្រុង​នេះ​ នឹង​ត្រូវ​បាន​ទុក​សម្រាប់​ធ្វើ​ជា​ទី​សាធារណៈ​បើក​ចំហ ដែល​អាច​ឱ្យ​ទឹកភ្លៀង​ជ្រាប​ចូល​ទៅ​ក្នុង​ដី​។

នាយក​ប្រតិបត្តិ​របស់ URB លោក Baharash Bagherian បាន​ថ្លែង​ថា «ទីក្រុង XZERO គឺជា​រូបមន្ត​ថ្មី​ស្ដីពី​ជីវភាព​ទីក្រុង​បៃតង និង​ជារូបមន្ត​ស្ដង់ដា​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ»។

«ការ​បង្កើត​ទីក្រុង​​ប្រកប​ដោយ​និរន្តរភាព​ទៅ​តាម​ស្ដង់ដា​ជីវភាព​ខ្ពស់បំផុត​ និង​​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​កម្រិត​ទាប​បំផុត ​លែង​នៅ​ជា​ជម្រើស​មួយ​ទៀត​ហើយ ប៉ុន្តែ វា​បានក្លាយ​ជា​ប្រការ​ដ៏​ចាំបាច់​។ XZERO ត្រូវ​បាន​ដាក់​ផែនការ​ដែល​មាន​ដំណោះ​ស្រាយ​ពេញលេញ​ ពហុមុខ​ងារ​ ដោះ​ស្រាយ​បញ្ហា​ធំៗ​ចំនួន ៣ នៃ​និរន្តរភាព​ គឺ​ សង្គម សេដ្ឋកិច្ច និង​បរិស្ថាន​» លោក Bagherian បញ្ជាក់​ដូច្នេះ​៕

ទីតាំង​ប្រទេស​កូវ៉ែត
Advertisement