គម្រោង​ផ្លូវដែកថៃ-ឡាវ ​គ្រោង​​នឹង​​ដំណើរ​ការ​​ពាណិជ្ជ​កម្ម​​ចាប់​​ពី​​ពាក់​កណ្ដាល​​ឆ្នាំ​​ ២០២៣​

ក្រុម​ហ៊ុន​ផ្លូវដែក​ថៃ (SRT) បាន​ឱ្យ​ដឹង​ថា ការ​តភ្ជាប់​គម្រោង​ផ្លូវ​ដែក​ឡាវ-ថៃ​ កំពុង​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ដូច​ទៅនឹង​ផែនការ​ ហើយ​គម្រោង​នេះ​គ្រោង​នឹង​ដំណើរ​ការ​ពាណិជ្ជកម្ម​ចាប់​ពី​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ​។

យោង​តាម SRT ប្រទេសថៃ និង ឡាវ បច្ចុប្បន្ន​កំពុង​តែ​បណ្ដុះ​បណ្ដាល​បុគ្គលិក​សម្រាប់​ការ​ដំណើរ​ការ​រថភ្លើង​ និង​សេវាកម្ម​ដែល​ទាក់​ទង​នានា​។

ក្រោយ​ពី​កម្មវិធី​បណ្ដុះ​បណ្ដាល​បាន​បញ្ចប់​នៅ​ក្នុង​ខែ​ធ្នូ ២០២២ ភាគី​ថៃ និង ឡាវ នឹង​ពិភាក្សា​គ្នា​អំពី​ការ​ដំណើរការ​រថភ្លើង និង​តម្លៃ​សំបុត្រ​ រួម​នឹង​បញ្ហា​ផ្សេងៗ​។ កិច្ច​ចរចា​នេះ​នឹង​ត្រូវ​ធ្វើ​រួច​រាល់​នៅ​មុន​ពេល​ដំណើរ​ការ​រថភ្លើង​ទៅ​តាម​ផែនការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ ​​២០២៣។

គម្រោង​តភ្ជាប់​ផ្លូវ​ដែក​ថៃ – ឡាវ នឹង​ភ្ជាប់​ខេត្ត Nongkhai (ប្រទេសថៃ) ជាមួយ​នឹង​ រដ្ឋធានី​វៀងចន្ទន៍ របស់ ឡាវ ដែល​ពី​ទីនេះ​នឹង​តភ្ជាប់​ជាមួយ​នឹង​ផ្លូវ​ដែក​ឡាវ – ចិន ដែល​រត់​ទៅ​ដល់​ខេត្ត Kunming (ប្រទេសចិន)។ គម្រោង​នេះ​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជំរុញ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន និង​ទេសចរណ៍​​រវាងប្រទេស​ ៣ គឺ​ ថៃ ឡាវ និង ចិន​។

នៅពេល​ដាក់​ឱ្យ​ដំណើរ​ការ​ដំណាក់​កាល​ដំបូង​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ​ គម្រោង​ផ្លូវ​ដែក​ខាង​លើ​នឹងមាន​​ជើង​រថភ្លើង​​ទៅមក​ចំនួន ៤ ជា​រៀង​រាល់​ថ្ងៃ​។ ផ្លូវ​រថភ្លើង​នេះ​ក៏​រត់​ឆ្លង​កាត់​កំពង់ផែ​ស្ងួត​ Thanaleng ផងដែរ​។

យោង​តាម​ក្រុមហ៊ុន​ផ្លូវ​ដែកថៃ ដំណាក់​កាល​ទីពីរ​នៃ​ការ​ដំណើរ​ការ​ផ្លូវដែក​ថៃ – ឡាវ នេះ ​នឹង​ចាប់​ផ្ដើម​ពីឆ្នាំ​ ២០២៤​ ដោយ​ការ​តភ្ជាប់​ទៅ​កាន់​ស្ថានីយ Udon Thani និង Nakhon Ratchasima ជាមួយ​នឹង​ជើង​រថភ្លើង​ចំនួន​ ២ រត់​ពី​ស្ថានីយ Nakhon Ratchasima ទៅ​កាន់ Vientiane Khamsavath និង​ត្រលប់​មក​វិញ​។

ដំណាក់​កាល​ទីបីដែល​ដំណើរ​ការ​ពី​ឆ្នាំ ២០២៥ របស់​គម្រោង​ផ្លូវ​ដែក​ថៃ – ឡាវ នឹង​ត្រូវ​បាន​ភ្ជាប់​ទៅ​កាន់​ស្ថានីយ Bang Sue ដែល​តភ្ជាប់ រាជធានី​បាងកក របស់ ថៃ ជាមួយ​នឹង​ Vientiane Khamsavath របស់​ ឡាវ៕

Advertisement